សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា នឹងចាក់វ៉ាក់សាំងឈ្មោះអាស្ត្រាហ្សេនីកា នៅព្រឹកថ្ងៃទី ៤ មីនា
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា ប្រសិនបើពុំមានការប្រែប្រួលទេ សម្តេចនឹងទទួលចាក់វ៉ាក់សាំងនៅម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី ៤ មីនា ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត។
សម្តេចតេជោ បានថ្លែងសារលើបណ្តាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី២៨ ខែកុម្ភៈនេះថា “បងប្អូនជនរួមជាតិជាទីគោពស្រឡាញ់!
ដូចដែលក្រសួងសុខាភិបាលបានប្រកាសជូនដំណឹងរួចមកហើយថា កម្ពុជានឹងទទួលបានវ៉ាក់សាំងឈ្មោះ អាស្ត្រាហ្សេនីកា (AstraZeneca) ដែលផលិតនៅឥណ្ឌាចំនួន ៣២៤,០០០ដូស ក្នុងចំណោម ១,១០៤,០០០ដូស ដែលកម្ពុជាត្រូវបានទទួលក្នុងឆមាសទី១ ឆ្នាំ២០២១ ដែលជាជំនួយបឋមផ្តល់ដោយមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)”។
ប្រសិនបើពុំមានការប្រែប្រួលទេ វ៉ាក់សាំងនេះនឹងមកដល់កម្ពុជានៅម៉ោង១៩និង៥០ល្ងាច ថ្ងៃទី២ មីនា២០២១។ ឯកឧត្តម ម៉ម ប៊ុនហេង នឹងតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា ទទួលយកវ៉ាក់សាំងនេះ ពីតំណាងអង្គការសុខភាពពិភពលោក និងតំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា នៅយប់ថ្ងៃទី២ មីនា២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
សម្តេចបានបញ្ជាក់ថា “នេះជាផ្លែផ្កានៃកិច្ចសហការអន្តរជាតិ ដែលកម្ពុជាបានធ្វើជាមួយដៃគូពហុភាគី ជាមួយអង្គការសហប្រជាជាតិ ជាពិសេសជាមួយអង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វ។ តាមគម្រោងកូវ៉ាក់នឹងផ្តល់ឲ្យយើងចំនួន ២០ភាគរយ នៃចំនួនប្រជាជន១៦លាននាក់ ដែលស្មើនឹង៣លាន២សែននាក់ ឬស្មើនឹងវ៉ាក់សាំងចំនួន ៦លាន៤សែនដូស។
កម្ពុជាសូមអរគុណចំពោះប្រទេសនានា ក្រុមហ៊ុន និង សប្បុរសជននៅលើសកលលោកដែលបានផ្តល់ជំនួយដល់យើងតាមរយៈកូវ៉ាក់”។
សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា “ខ្ញុំសូមជម្រាបបន្ថែមថា ប្រសិនបើពុំមានការប្រែប្រួលទេ ខ្ញុំនឹងទទួលចាក់វ៉ាក់សាំង នៅម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី ៤ មីនា ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយមានការធ្វើសន្និសីទសារព័ត៌មានផងដែរ”៕