លោកជំទាវ ម៉ែន សំអន ៖ បានទទួលម៉ាស់ចំនួន ៣០ម៉ឺនម៉ាស់ ពីសប្បុរសជន និងចែកជូនរដ្ឋបាលខណ្ឌ និងអធិការដ្ឋានខណ្ឌ ទាំង១៤ ក្នុងរាជធានីភ្នំពេញ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញបានទទួលម៉ាស់ ចំនួន ៣០ម៉ឺនម៉ាស់ ពីសប្បុរសជន និងចែកជូនរដ្ឋបាលខណ្ឌ និងអធិការដ្ឋានខណ្ឌ ទាំង១៤ ក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃអាទិត្យ ២រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួង ។
ថ្លែងក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមលោកជំទាវផ្ទាល់ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ លោក នៅ សារី អគ្គនាយកក្រុមហ៊ុន រ៉ាកាន់ណាហ្គា ខេមបូឌា ដែលបានឧបត្ថម្ភម៉ាស់ចំនួន ២៥ម៉ឺនម៉ាស់ និង ឯកឧត្តម សុត គឹមសាន ចំនួន ៥ម៉ឺនម៉ាស់ ។ ការឧបត្ថម្ភនាពេលនេះ គឺឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះសុខទុក្ខរបស់ប្រជាជនកម្ពុជា និងការចូលរួមរបស់ក្រុមហ៊ុនជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់និងប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ នាពេលបច្ចុប្បន្ន។
លោកជំទាវក៏បានសំណូមពរអាជ្ញាធរខណ្ឌ និងកងកម្លាំងទាំងអស់នៅក្នុងមូលដ្ឋានខណ្ឌនីមួយៗ សូមយកចិត្តទុក្ខដាក់បន្ថែមទៀត និងត្រូវចូលរួមប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយសហការជាមួយបុគ្គលិកសុខាភិបាល ជាពិសេស ត្រូវពង្រឹងនូវការធ្វើចត្តាឡីស័ក និងការប្រមូលសំណាកចំពោះទីតាំងនិងមនុស្ស ដែលពាក់ព័ន្ធនឹងជំងឺកូវីដ១៩ នេះ និងត្រូវចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ខណៈដែលរាជធានីភ្នំពេញ ក៏ដូចជាខេត្តមួយចំនួន បាននឹងកំពុងរងនូវផលប៉ះពាល់នៃព្រឹត្តិការណ៍ ២០ កុម្ភៈ ។
គិតត្រឹមរសៀលថ្ងៃនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៨០៥នាក់ អ្នកបានព្យាបាលជាសះស្បើយមានចំនួន ៤៧៧នាក់ និងពុំមានអ្នកស្លាប់នោះទេ៕