ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

 ចាក់​វ៉ាក់សាំង​កូ​វីដ -១៩ ជូន​បងប្អូន​កម្មករ​ប្រមូល​សំរាម 

47

 

​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើកឡើងថា​រាជរដ្ឋាភិបាល បានសម្រេច​ប្រគល់​ភារកិច្ច​ជូន​ក្រសួងសុខាភិបាល រៀបចំ​កម្មវិធី​ដើម្បី​ចាក់​វ៉ាក់សាំង​ការពារ ជំងឺ​កូ​វីដ​-១៩ ជូន​ដល់ក​ម្មករ​ប្រមូល​សំរាម អ្នករត់​តាក់ស៊ី អ្នកបើក​ម៉ូតូ​កង់​បី អ្នករត់ម៉ូតូឌុប​នៅពេល​ខាងមុខនេះ​។​

​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល ស្តីពី​កម្មវិធី​ចាក់​វ៉ាក់សាំង​កូ​វីដ -១៩ ជូន​បងប្អូន​កម្មករ​ប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ​។​

​យោងតាម​អនុសាសន៍​ណែនាំ និង​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ “​ស៊ី​ណូ​ហ្វា​ម (Sinopharm Beijing Institute of Biological Products)” ដែលជា​ជំនួយ​មនុស្សធម៌​ដ៏​ថ្លៃថ្លា​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ត្រូវបាន​អនុញ្ញាត ឱ្យ​បន្ត​ចាក់​ជូន​ដល់​បងប្អូន​ដែលជា​កម្មករ​ប្រមូល​សម្រាម​នៅ​រាជធានី​ភ្នំពេញ បន្ថែម​លើ​ក្រុមមនុស្ស​ដែលជា​បុគ្គលិក​សុខាភិបាល កងកម្លាំង​ប៉ូលីស​ជាតិ និង​អាជ្ញាធរ​ជួរមុខ ដូចជា​គណៈ​អភិបាលខេត្ត គណៈ​អភិបាលក្រុង /​ស្រុក / ខណ្ឌ គណៈកម្មការ​ភូមិ -​ឃុំ​-​សង្កាត់​។​

​ក្រសួងសុខាភិបាល សូម​អញ្ជើញ​បងប្អូន​ជា​កម្មករ​ប្រមូល​សម្រាម​នៅ​រាជធានី​ភ្នំពេញ ដែលមាន​អាយុ​ពី ១៨​ឆ្នាំ ដល់ ៥៩​ឆ្នាំ ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​ដោយ​ឈរលើ​គោលការណ៍​ស្ម័គ្រចិត្ត ចាប់​ពីថ្ងៃ​ផ្សាយដំណឹង​នេះ​តទៅ នៅតាម​ទីតាំង​ដូចខាងក្រោម​នេះ​៖ ១). មន្ទីរពេទ្យបង្អែក​រាជ​ធានី​ភ្នំពេញ ២). មន្ទីរពេទ្យបង្អែក​ព្រែក​ព្នៅ ៣). មន្ទីរពេទ្យបង្អែក​ច្បារអំពៅ ៤)​មន្ទីរពេទ្យបង្អែក​ដង្កោ ៥)​មន្ទីរពេទ្យបង្អែក​មិត្តភាព​កម្ពុជា​ចិន​សែន​សុខ ៦)​មន្ទីរពេទ្យបង្អែក​ចតុ​មុខ ៧). មន្ទីរពេទ្យបង្អែក​សម្តេច​ឪ សម្តេចម៉ែ និង​៨). មន្ទីរពេទ្យបង្អែក​ពោធិចិនតុង​។​

​បន្ថែម​លើ​នេះ ដោយ​ក្រសួង​បាន​ពង្រីក​ទីតាំង​ចាក់​វ៉ាក់សាំង​ដល់​គ្រប់​រាជធានី -​ខេត្ត​ទាំង​២៥ ហើយ​នោះ និង​ដើម្បី​ជម្រុញ ការចាក់​វ៉ាក់សាំង​ឱ្យមាន​វិសាលភាព​កាន់តែ​ទូលំទូលាយ ទីតាំង​ចាក់​វ៉ាក់សាំង​ទាំងអស់ ដែលមាន​ការអនុញ្ញាត​ពី​ក្រសួង​រួច ហើយ​នោះ ត្រូវ​បន្តការងារ​ចាក់​វ៉ាក់សាំង ជូន​ប្រជាជន​តាម​ក្រុមមនុស្ស នៅ​រៀងរាល់ថ្ងៃ (​ទាំង​ថ្ងៃ​សៅរ៍ ថ្ងៃអាទិត្យ និង​ថ្ងៃ​ឈប់ សម្រាក​ផ្លូវការ ) ចាប់ពី​ម៉ោង ០៨​និង​០០​នាទី​ព្រឹក ដល់​ម៉ោង ១៧​និង​០០​នាទី​ល្ងាច (​ដោយ​សម្រាក​ពិសា​អាហារ​ថ្ងៃត្រង់​ពី​ម៉ោង ១២​និង​០០​នាទី ដល់​ម៉ោង ១៤​និង​០០​នាទី​)​។​

​សម្រាប់​ក្រុមមនុស្ស ដែល​ក្រសួង​ធ្លាប់​បានចេញ​សេចក្តី​ជូន​ព័ត៌មាន​ជា​ហូរហែ ចាប់តាំងពី​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២១ រួចមកហើយ​នោះ ហើយ​ដែល​មិនទាន់បាន​មកចាក់​វ៉ាក់សាំង​ដោយ​ស្ម័គ្រចិត្ត សូម​អញ្ជើញ​មក​ទទួល​ការចាក់​វ៉ាក់សាំង នៅតាម​ទីតាំង​នានា ដែល​ក្រសួង​ធ្លាប់បាន​ជូន​ព័ត៌មាន​រួចហើយ (​មាន​ដាក់​ផ្សាយ​សេចក្តី​ជូន​ព័ត៌មាន តាម​ទំព័រ​ហ្វេ​ស​បុក​របស់​ក្រសួង សុខាភិបាល​រួចហើយ​)​។​

​ក្រសួង ក៏​សូម​ក្រើនរំលឹក​ដល់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​លើក​ទី​១ (​ដូ​ស​ទី​១) រួចហើយ សូម​អញ្ជើញ​មក​ទទួល​ការ ចាក់​វ៉ាក់សាំង​ជា​លើក​ទី​២ (​ដូ​ស​ទី​២) ក្នុង​រយៈពេល​ពី ១៤ ទៅ ២៨​ថ្ងៃ (​មិនឱ្យ​លើសពី ២៨​ថ្ងៃ​) បន្ទាប់​ពីថ្ងៃ​ចាក់​លើក​ទី​១ នៅ​ទីតាំង​ដែល​សាមីជន​បាន​ចាក់​លើក​ទី​១ កុំបី​អាក់ខាន​ឡើយ​។​

​ក្រសួងសុខាភិបាល បន្ត​ជូនដំណឹង​ដល់​សាធារណជន ក្នុង​ក្រុម​អាយុ​ពី ១៨ ដល់ ៥៩​ឆ្នាំ ផ្សេងៗ​ទៀត នឹង​អញ្ជើញ មក​ទទួល​វ៉ាក់សាំង​កូ​វីដ​-១៩ ដោយ​ស្ម័គ្រចិត្ត​នាពេល​ក្រោយៗ​ទៀត​។
​សូម​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ក្រុម​អាទិភាព​ផ្សេងៗ​ទៀត ដែល​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ មេត្តា​អធ្យាស្រ័យ​
​ប្រសិនបើ​មិនទាន់​ដល់​វេន​របស់ខ្លួន​ទេនោះ សូមមេត្តា​រង់ចាំ​បន្តិច​សិន ព្រោះ​នៅពេលនេះ​វាក់​សាំង​មាន​ចំនួន​កំណត់ ៕

អត្ថបទដែលជាប់ទាក់ទង