ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​ម្នាក់បើករថយន្ត​ ជ្រុល​ទៅបុក​ពីក្រោយ​រថយន្ត​ដឹក​ស៊ីម៉ងត៍ បាន​រេ​ចង្កូត​ធ្លាក់​ចូលក្នុង​ប្រឡាយ​ក្រឡាប់​ផ្ងារជើងរងរបួស​ធ្ងន់​ទាំង​២​នាក់​

37

​ភ្នំពេញ ៖ បុរស​ម្នាក់​រួម​ដំណើរ​ដោយ​ស្ត្រី​ជា​ប្រពន្ធ​ម្នាក់ទៀត បាន​បើករថយន្ត​មួយគ្រឿង​ក្នុង​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន​ជ្រុល​ចង្កូត​ទៅបុក​ពីក្រោយ​រថយន្ត​ដឹក​ស៊ីម៉ងត៍ ចត​ចោល​នៅលើ​ចិញ្ចើមផ្លូវ​ពេញទំហឹង បាន​រេ​ចង្កូត​ធ្លាក់​ចូលក្នុង​ប្រឡាយ​ក្រឡាប់​ផ្ងារជើង និង​រងរបួស​ធ្ងន់​ទាំងពីរ​នាក់​បញ្ជូនទៅ​មន្ទីរពេទ្យ​។ ចំណែកឯ​តៃកុង​រថយន្ត​ដឹក​ស៊ីម៉ងត៍​បានគេច​ខ្លួន​ចេញពី​កន្លែងកើតហេតុ បន្សល់ទុក​តែ​រថយន្ត​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ៣ និង ៤០ នាទី​ទៀបភ្លឺ​ឈានចូល​ថ្ងៃ​ចន្ទ ទី​១ ខែមីនា ឆ្នាំ ២០២១ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ ក្នុង​សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​បុរស​ម្នាក់ បាន​បើករថយន្ត​ដឹក​ស៊ីម៉ងត៍​មួយគ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ​ក្បាល​ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​3-A 8556 យកទៅ​ចត​ចោល​នៅលើ​ចិញ្ចើមផ្លូវ​រួច​ក៏​ដើរទៅ​បាត់ ប្រហែលជា​មួយសន្ទុះ​ក្រោយ​មកដល់​ម៉ោង​កើតហេតុ​ខាងលើ ស្រាប់តែ​គាត់​បានឃើញ​រថយន្ត​មួយគ្រឿង​ទៀត ប្រភេទ​រថយន្ត​បែន​ដឹក​ថ្ម​ពាក់​ផ្លាកលេខ​ភ្នំពេញ​3-F 3040 បើកបរ​ដោយ​បុរស​ម្នាក់​រួម​ដំណើរ និង​ស្ត្រី​ម្នាក់ទៀត​ជា​ប្រពន្ធ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​វិមាន​ឈ្នះ ឈ្នះ ក្នុងទិសដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន​បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​រថយន្ត​ដឹក​ស៊ីម៉ងត៍​ពីក្រោយ​ពេញទំហឹង បណ្តាល​រេ​ចង្កូត​ធ្លាក់​ចូលក្នុង​ប្រឡាយ​ក្រឡាប់​ខ្ទាត​ស្ត្រី​ជា​ប្រពន្ធ​ទៅមុខ រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​ដឹកយក​ទៅ​ភ្លាមៗ ។​

​ចំណែក​តៃកុង​រថយន្ត​ត្រូវជា​ប្តី​បាន​ជាប់​នៅក្នុង​រថយន្ត ស្រែក​ឲ្យ​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ជួយ តែ​សមត្ថកិច្ច​បាន​ទំនាក់ទំនង​ទៅខាង​ក្រុម​ជួយសង្គ្រោះ​បន្ទាន់​៧១១ បាន​ចុះមក​បើក​ប្រតិបត្តិ​ការជួយ​ទៅលើ​តៃកុង​ដែល​ជាប់​នៅក្នុង​រថយន្ត ប្រើ​អស់​រយៈពេល​ជាង​២​ម៉ោង ទើប​ជួយសង្គ្រោះ​តៃកុង​ជាប់​នៅក្នុង​រថយន្ត​បានសម្រេច ចេញ​ក្រៅ​រួច​បញ្ជូន​យកទៅ​
​សង្គ្រោះបន្ទាន់​ភ្លាមៗ​។​

​ក្រោយពេល​កើតហេតុ​ខាងលើ​សមត្ថកិច្ច​ខាង​ជំនាញ​ចរាចរណ៍​ក្រុង ឲ្យ​ចុះមក​វាស់វែង​និង​ធ្វើ​កំណត់ហេតុ​យក​រថយន្ដ​ទាំងពីរ​គ្រឿង ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕

 

អត្ថបទដែលជាប់ទាក់ទង