ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋាភិបាល​ចិន សម្រេច​ផ្តល់ជំនួយ​វ៉ាក់សាំង​កូ​វីដ​១៩ ជំហាន​ទី​២ ចំនួន​៤០​ម៉ឺន​ដូ​សទៀ​តដល់​កម្ពុជា នឹង​មកដល់​មុន​បុណ្យចូលឆ្នាំ​ខ្មែរ​

79

 

​ភ្នំពេញ ៖ រដ្ឋាភិបាល​ចិន បានសម្រេច​ផ្តល់ជំនួយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ជំហាន​ទី​២ ចំនួន​៤០​ម៉ឺន​ដូ​សទៀ​តដល់​កម្ពុជា ។ នេះ​បើតាម​ការប្រកាស​របស់​ស្ថានទូត​ចិន ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១​នេះ​។​

​ស្ថានទូត​ចិន បាន​បង្ហោះ​នៅលើ​ទំព័រ Facebook របស់ខ្លួន យ៉ាង​ដូច្នេះ​ថា​៖ «​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែលជា​បងប្អូន​របស់​ចិន​ក្នុងការ​ទប់ស្កាត់​នឹង​ជំងឺ​វីរុស​កូ​វីដ​-១៩ រដ្ឋាភិបាល​ចិន​សម្រេច​ផ្តល់​ជំនួយឥតសំណង​ជំហាន​ទី​២ ជា​វ៉ាក់សាំង​កូ​វីដ​-១៩​ចំនួន ៤០ ម៉ឺន​ដូ​ស​ជូន​ដល់​ភាគី​កម្ពុជា​»​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា បានបញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន Fresh News ឱ្យដឹងថា ជំនួយ​របស់​ចិន តាមរយៈ​ក្រសួងការពារជាតិ​ជំហាន​ទី​២​នេះ នឹង​មកដល់​កម្ពុជា នៅមុន​បុណ្យចូលឆ្នាំ​ខ្មែរ ប៉ុន្តែ​ពេលវេលា​ជាក់លាក់​នៅ​មិនទាន់​រៀបចំ​នៅឡើយ​ទេ​។ សម្តេច​បាន​បន្តថា វ៉ាក់សាំង​ដែល​ចិន​ផ្តល់ជំនួយ​មក​កម្ពុជា​នេះ គឺជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ប្រភេទ​ស៊ី​ណូ​ហ្វា​ម​។​

​មិត្ត​ចិន តាមរយៈ​សំណើ​របស់​ក្រសួងការពារជាតិ​កម្ពុ​ជា បានសម្រេច​ផ្តល់ជំនួយ​វ៉ាក់សាំង Sinopharm ដល់​កម្ពុជា​ចំនួន​១​លាន​ដូ​ស ក្នុងនោះ​ការដឹកជញ្ជូន​ជំហាន​ដំបូង​ចំនួន​៦០​ម៉ឺន​ដូ​ស បាន​មកដល់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២១ កន្លងទៅនេះ​។​

​រហូតមកដល់​ពេលនេះ ក្រសួងការពារជាតិ​ក​ម្ពុ​ជា បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ស៉ី​ណូ​ហ្វា​ម (Sinopharm) របស់​ចិន លើក​ទី​១ ជូន​កងកម្លាំង​កើន​ដល់​ចំនួន​សរុប ៥១,៩០៩​នាក់ ក្នុងនោះ​មាន​នារី ៤,៨៨៧​នាក់ ខណៈ​ចាក់​លើក​ទី​២​បាន​ចំនួន​៩៥១​នាក់​។ ដោយឡែក ក្រសួងសុខាភិបាល បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ស៊ី​ណូ​ហ្វា​មរ​បស់​ចិន ជូន​ជន​ស៊ីវិល សរុប​ចំនួន​៖ ១៦,៣៩០​នាក់ ក្នុងនោះ​អ្នក​ចាក់​លើក​ទី​២​សរុប​ចំនួន​៖ ៥២៧​នាក់​៕

អត្ថបទដែលជាប់ទាក់ទង