ប៉េអឹមបើកប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន បាញ់ស្លាប់៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិត ប្លន់បាញ់សម្លាប់ នៅក្នុងបុរីអង្គរភ្នំពេញ
ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ បានបើកប្រតិបត្តិការចុះបង្ក្រាបពួកក្រុមឧក្រិដ្ឋជនបាញ់ស្លាប់៤នាក់ ក្នុងករណីប្លន់បាញ់សម្លាប់ និងចាប់ជំរិត ដែលមានទីតាំងក្នុងបុរីអង្គរភ្នំពេញ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នៅពេលបើកប្រតិបត្តិការបង្ក្រាបនេះ ឧក្រិដ្ឋជនបានប្រើប្រាស់កាំភ្លើងវែង និងខ្លីជាច្រើនដើម បាញ់ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយភ្លាមនោះដោយប្រើប្រាស់សិទ្ធិការពារខ្លួន បាញ់ត្រឡប់ទៅវិញ បណ្ដាលឲ្យក្រុមជនល្មើសស្លាប់ចំនួន៤នាក់ នៅកន្លែងកើតហេតុ។
បើតាមអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ថា “មុននេះបន្តិច មានករណីឧក្រិដ្ឋជន៤នាក់ បានចូលប្លន់ក្នុងផ្ទះមួយកន្លែងនៅបុរីអង្គរភ្នំពេញដោយរៀបផែនការជម្រិតយកប្រាក់១លានដុល្លារ ជាមុន ទើបប្លន់សម្លាប់ម្ចាស់ផ្ទះទាំងប្តីប្រពន្ធនិងកូនឈ្នួល២នាក់ ជាក្រោយ តែត្រូវសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ទាល់ បើកប្រតិបត្តិការចុះបង្ក្រាបក្រុមឧក្រិដ្ឋជនទាំងនោះ ដែលក្នុងករណីប្លន់នេះ ឧក្រិដ្ឋជនទាំង៤នាក់ បានប្រើប្រាស់កាំភ្លើងវែងAK ១ដើម និងកាំភ្លើងខ្លី២ដើម បាញ់ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយកម្លាំងអាវុធហត្ថបានប្រើសិទ្ធិការពារខ្លួន បាញ់តបតត្រឡប់ទៅវិញ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង៤នាក់ ស្លាប់នៅនឹងកន្លែង”៕