សាលាដំបូងខេត្តសៀមរាម ចេញដីកាឲ្យឈ្មោះ ឈុន វាន ចូលខ្លួនមកបំភ្លឺបង្ហោះព័ត៌មានមិនពិត នៅលើបណ្តាញសង្គមហ្វេកបុក ដោយបាននិយាយថា មន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់ ធ្លាក់ខ្លួនពិការក្រោយចាក់វ៉ាក់សាំងចិន
ភ្នំពេញ ៖ សាលាដំបូងខេត្តសៀមរាម ចេញដីកាឲ្យឈ្មោះ ឈុន វាន ដែលបានបង្ហោះព័ត៌មានមិនពិតនៅលើបណ្តាញសង្គមហ្វេកបុកដោយបាននិយាយថា មន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់ធ្លាក់ខ្លួនពិការក្រោយចាក់វ៉ាក់សាំងចិន ចូលខ្លួនមកបំភ្លឺនៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ អយ្យការអមសាលាដំបូងសៀមរាប បានចេញដីកាឲ្យឈ្មោះ ឈុន វាន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិប៉ាង ឃុំក្តីរុន ស្រុកពួក សៀមរាប ដែលបានយករូបភាពរបស់មន្ត្រីនគរបាលជាតិម្នាក់ នៃក្រសួងមហាផ្ទៃ យកមកបង្ហោះចែកចាយជាសាធារណៈ នៅលើបណ្តាញសង្គមហ្វេសបុក ដែលមានគណនីហ្វេសបុកឈ្មោះ Chhun VeanII ដោយនិយាយថា មន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់ធ្លាក់ខ្លួនៃពិការក្រោយពីចាក់វ៉ាក់សាំងចិន ឲ្យចូលខ្លួនមកកាន់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីធ្វើការឆ្លើយបំភ្លឺ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង២៣និង០៤នាទី ឈ្មោះ ឈុន វាន បានយករូបភាពរបស់មន្ត្រីនគរបាលជាតិម្នាក់ នៃក្រសួងមហាផ្ទៃ យកមកបង្ហោះចែកចាយជាសាធារណៈ នៅលើបណ្តាញសង្គមហ្វេសបុក ដែលមានគណនីហ្វេសបុកឈ្មោះ Chhun VeanII ដោយនិយាយថា មន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់ធ្លាក់ខ្លួនពិការក្រោយពីចាក់វ៉ាក់សាំងចិន ដែលការបង្ហោះនេះ ជាព័ត៌មានក្លែងក្លាយធ្វើឲ្យសាធារណៈជនជាតិ-អន្តរជាតិ មានការយល់ច្រឡំពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះប្រជាពលរដ្ឋក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលបញ្ហានេះជាការញ៉ុះញ៉ង់បង្កឲ្យមានភាពអសន្តិសុខនៅក្នុងសង្គម។
នាពេលថ្មីៗនេះមានការផ្សព្វផ្សាយដោយចេតនាទុច្ចរិត នូវព័ត៌មានមិនពិតក្នុងគណនីហ្វេសប៊ុកមួយ ដោយបានធ្វើការបង្ហោះព័ត៌មានក្លែងក្លាយថា “មន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់ ធ្លាក់ខ្លួនពិការក្រោយពីចាក់វ៉ាក់សាំងចិន” ក្នុងគោលបំណងបង្កឱ្យមានភាពចលាចលក្នុងប្រទេស តែតាមការពិតរូបភាពដែលបានយកមកបង្ហោះនោះគឺជារូបភាពដែលថ្នាក់ដឹកនាំនាយកដ្ឋានសន្តិសុខផ្ទៃក្នុង បាននាំយកថវិកានិងសម្ភារៈមួយចំនួនទៅចុះសួរសុខទុក្ខលោកឧត្តមសេនីយ៍ត្រី ជា ឧត្តមដែលមានជំងឺ គៀបសរសៃប្រាសាទឆ្អឹងខ្នង។
ទាក់ទងនឹងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនេះលោកឧត្តមសេនីយ៍ត្រី ជា ឧត្តម បានធ្វើការបដិសេធនៅក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ហើយជាមួយគ្នានេះ នាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក៏បានធ្វើការបដិសេធខ្លឹមសារដែលបានបង្ហោះខាងលើផងដែរ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការទទួលខុសត្រូវចំពោះព័ត៌មានដែលខ្លួនយកមកបង្ហោះ ឬចែកចាយ ទោះជាចេតនា ឬអចេតនាក្ដី ព្រោះលោកអ្នកអាចប្រឈមនឹងច្បាប់នូវរាល់ការផ្សព្វផ្សាយក្លែងបន្លំណាដែលបង្កឱ្យមានភាពចលាចលដល់សង្គម៕