ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​តំណាង​អចិន្ត្រៃយ៍​កម្ពុជា ថ្លែង​បទ​អន្តរាគមន៍ ៖ រាជរដ្ឋាភិបាល​កម្ពុជា បន្ត​ប្ដេជ្ញា​ធានា​នូវ​ការអនុវត្ត​រាល់​សិទ្ធិ​និង​សេរីភាព​មូលដ្ឋាន​នៅ ក្នុង​ក្របខ័ណ្ឌ​នៃ​នីតិរដ្ឋ​

84

 

​អង្គការសហប្រជាជាតិ​៖ កាលពី​ថ្ងៃទី​0១ ខែមីនា ឆ្នាំ​២០២១ ឯកអគ្គរាជទូត​និង​ជា​តំណាង​អចិន្ត្រៃយ៍​កម្ពុជា អាន សុខ​ខឿន បាន​ឡើង​ថ្លែង​បទ​អន្តរាគមន៍ នៅក្នុង​សម័យប្រជុំ​លើក​ទី​៤៦ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស លើ​របៀបវារៈ​ទី​២៖ កិច្ចពិភាក្សា​ទូទៅ លើ​របាយកាណ៍​សកលរ​បស់ លោកជំទាវ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​។​

១.​គណៈប្រតិភូ​យើងខ្ញុំ​កត់សម្គាល់​ដោយ​ក្ដី​ខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​របាយការណ៍​របស់ លោកជំទាវ ឧ​ត្ត​ម​ស្នងការ ដែល​ពុំបាន​ដាក់បញ្ចូល​នូវ​ការសម្រេច​របស់​រាជរ​ដ្ឋា​ភិ​បាល កាលពី​ខែធ្នូ​កន្លង​ទៅឱ្យ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ប្រចាំ​កម្ពុជា បន្ត​អាណត្តិ​ប្រតិបត្តិការ ត​ទៀត ប៉ុន្តែ​បែរជា​ដាក់បញ្ចូល​តែ​ការចោទប្រកាន់​ដែល​ផ្អែកលើ​របាយការណ៍​តែ​ម្ខាង​ទៅវិញ​។ ក្នុងន័យនេះ ដូច​គណៈប្រតិភូ​ដទៃ​ជាច្រើន​ទៀត កម្ពុជា​សូម​ស្នើ​យ៉ាងទទូច​ឱ្យ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ សិទ្ធិមនុស្ស គោរព​ឱ្យបាន​នូវ​គោលការណ៍​មិន​ជ្រើស​តែមួយ​ជ្រុង និង​មិន​ធ្វើ​ន​យោ​បា​យូ​ប​នីយកម្ម ដូចដែល ឯកឧត្តម​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ អាន់​តូ​នី​ញ៉ូ ហ្គូ​តែ​រ៉េ​ស ធ្លាប់បាន​អំពាវនាវ យើងខ្ញុំ​សូម​ឆ្លៀត​យក​ឱកាស​នេះ ជម្រាប​បន្ថែម​អំពី​ការពិត​នៅ​កម្ពុជា ដូចតទៅ​៖

២.​សេរីភាព​សារព័ត៌មាន​ដ៏​រស់​រវើក​បន្ត​រីកដុះដាល​តាមរយៈ​វត្តមាន​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ប្រពៃណី និង​ឌីជីថល ជិត ២.០០០ អង្គភាព រួមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រិះគន់​រដ្ឋាភិបាល ដែល​កំពុង​ដំណើរ ការ ដោយ​គ្មាន​ការត្រួតពិនិត្យ​ទុកជាមុន​។ កម្ពុជា​គាំពារ​អ្នកសារព័ត៌មាន​ដែល​ធ្វើការ​ប្រកបដោយ វិជ្ជាជីវៈ​ត្រឹមត្រូវ មិន​រំលោភសិទ្ធិ​អ្នកដទៃ និង​មិន​បំភ្លៃ​ការពិត​។​

៣.​គណនី​ហ្វេ​ស​ប៊ុ​ក​ចំនួន​ជិត​១២ លាន ស្មើនឹង ៧០ % នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប បាន​បន្ត​បញ្ចេញ នូវ​ទស្សនៈ​ទិទៀន ដោយ​សេរី និង​ដោយផ្ទាល់ ចំពោះ​កិច្ចការ និង​សេវាសាធារណៈ​របស់​រដ្ឋា​ភិ​បាល​។​

៤. ការចោទប្រកាន់ថា លំហ​សង្គម​ស៊ីវិល​ត្រូវបាន​រឹតត្បិត គឺ​មិន​ត្រឹមត្រូវ​ទេ ព្រោះ​វត្តមាន​អង្គការ​សង្គម ស៊ីវិល​ចុះបញ្ជី​ជិត​៦.០០០ កំពុង​ប្រតិបត្តិការ​ប្រកបដោយ​ថាមវន្ត​និង​គ្មាន​ការបង្អាក់​រំខាន ហើយ បាននិងកំពុង​បោះពុម្ពផ្សាយ​របាយការណ៍​និង​បញ្ចេញ​ទស្សនៈ​រិះគន់​រដ្ឋាភិបាល​ជាប្រចាំ និង​ឥត ស្រាកស្រាន្ត​។ ភាពជា​ដៃគូ​កាន់តែ​ជិតស្និទ​រវាង​រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល​ក៏​ត្រូវបាន​លើកតម្កើង​តាមរយៈ​យន្តការ​ពិគ្រោះ​យោបល់​ជា​ទៀងទាត់​។ បាតុកម្ម​ខុសច្បាប់ ឬ​បាតុកម្ម​ស៊ីឈ្នួល​ដែល​ដាក់ សម្ពាធ​លើ​ប្រព័ន្ធតុលាការ ឬ​រំខាន​ដល់​សណ្តាប់ធ្នាប់​សាធារណៈ ពុំមែន​ជាការ​អនុវត្ត​សិទ្ធិសេរីភាព ប្រមូលផ្ដុំ​ដោយ​សន្តិវិធី ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ ឡើយ​។​

៥. រាល់​វិធានការ​ផ្លូវច្បាប់​និង​រដ្ឋបាល​ទាំងអស់ សុទ្ធសឹងតែ​ត្រូវបាន​អនុវត្ត​នៅក្នុង​ព្រំដែន​នៃ​ច្បាប់​។ ម្យ៉ាងទៀត រាល់​ការចោទប្រកាន់​ផ្សេងៗ​ដែល​ត្រូវបាន​បញ្ជូនទៅ​តុលាការ គឺពាក់ព័ន្ធ​នឹង​បទល្មើស ព្រហ្មទណ្ឌ​និង​ការរំលោភ​រដ្ឋធម្មនុញ្ញ​។ ចុងចោទ​មានឱកាស​ពេញលេញ​ចូលរួម​សវនាការ និង​ដាក់ ភស្តុតាង​ដោះ​បន្ទុក ដែលជា​ផ្នែក​មួយ​នៃ​សិទ្ធិ​ទទួលបាន​នូវ​ការជំនុំជម្រះ​ស្របតាម​ច្បាប់​។​

៦.​ចុងបញ្ចប់ រាជរដ្ឋាភិបាល​កម្ពុជា បន្ត​ប្ដេជ្ញា​ធានា​នូវ​ការអនុវត្ត​រាល់​សិទ្ធិ​និង​សេរីភាព​មូលដ្ឋាន​នៅ ក្នុង​ក្របខ័ណ្ឌ​នៃ​នីតិរដ្ឋ​៕

អត្ថបទដែលជាប់ទាក់ទង