អ្នកប្រហារឧក្រិដ្ឋជនស្លាប់៤នាក់ , តើកូនប្រុសច្បងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជានរណា?
ភ្នំពេញ ៖ យុវជនសម័យថ្មី មានឱកាស ទទួលបានការអប់រំ ទាំងក្នុងនិងក្រៅប្រទេសស្មើៗគ្នា ក្រោមសន្តិភាព ដែលបានមកពីគោលនយោបាយឈ្នះឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា!។
ដោយសារកត្តាសុខសន្តិភាព ក្រោមគោលនយោបាយឈ្នះឈ្នះ ដែលកើតចេញពីភាពវៃឈ្លាស របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យយុវជនកម្ពុជាបច្ចុប្បន្ន មានឱកាសស្មើរៗគ្នាក្នុងការទទួលបានការសិក្សាអប់រំ ទាំងក្នុងនិងក្រៅប្រទេស ដើម្បីចូលរួមបម្រើសង្គមជាតិ ឲ្យមានការអភិវឌ្ឍជាលំដាប់ ដែលនេះគឺជាសច្ចៈភាពមិនអាចបំភ្លៃបានជាប្រវត្តិសាស្ត្រ។
មិនខុសអំពីយុវជនដទៃ លោកវរសេនីយ៍ឯក សៀ ទីន កូនប្រុសលោក រ័ត្ន ស្រ៊ាង បានទទួលឱកាសសិក្សា និងបានបញ្ចប់ការសិក្សារបស់ខ្លួន លើមុខជំនាញជាច្រើនជាបន្តបន្ទាប់ រួមមាន បរិញ្ញាបត្រធុរៈកិច្ច គ្រប់គ្រងយោធា ពីសាលាបណ្ឌិតសភាយោធា ប្រទេសអូស្ត្រាលី បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគោលនយោបាយសាធារណៈនិងអភិបាលកិច្ច ពីប្រទេសអូស្ត្រាលី ហើយថ្មីៗនេះទើបតែបញ្ចប់វគ្គ បញ្ជាការសេនាធិការ ពីប្រទេសសិង្ហបុរី និងបានយកយុទ្ឋសាស្ត្រថ្មីៗ មកអភិវឌ្ឍអង្គភាពរបស់ខ្លួន ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ។
ជាកូនច្បងក្នុងចំណោមបងប្អូនបីនាក់ កើតក្នុងត្រកូលគ្រួសារមន្ត្រីរាជការធម្មតា យុវជន សៀ ទីន បានចាប់យកអាជីពជាកងរាជអាវុធហត្ថ ដោយសារកាលនៅក្មេងរូបលោកបានឃើញឪពុកស្លៀកឯកសណ្ឋានកងរាជអាវុធហត្ថ ក៏ធ្វើឲ្យខ្លួនមានចិត្តស្រឡាញ់ចង់ក្លាយជាមន្ត្រីអាវុធហត្ថដូចឪពុក និងដោយសារខ្លួន បានចាប់កំណើតក្នុងសម័យប្រទេសជាតិកំពុងជួបប្រទះបញ្ហាសង្គ្រាមស៊ីវិល រឹតតែជម្រុញឲ្យខ្លួនមានចិត្តស្រឡាញ់អាជីព ជាកងកម្លាំងប្រដាប់អាវុធ ដែលអាចចូលរួមស្វែងរក ក្ដីសុខ សន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា។ តាំងពីពេលនោះ លោកក៏សម្រេចចិត្តប្តេជ្ញាថានឹងចាប់យកជំនាញកងរាជអាវុធហត្ថនេះឲ្យបាន រហូតសម្រេចបំណងដូចសព្វថ្ងៃនេះ។
និយាយអំពីប្រវត្តិរបស់លោកវរសេនីយ៍ឯក សៀ ទីន គឺនៅឆ្នាំ២០០៨ លោកបានចូលបម្រើការងារនៅកងរាជអាវុធហត្ថ ហើយនៅឆ្នាំ២០០៩ លោកបានចូលសិក្សានៅសាកលវិទ្យាល័យការពារជាតិ។ នៅក្នុងវគ្គនោះ លោកបានដាក់ពាក្យប្រឡងទៅសិក្សានៅ នៅសាលាបណ្ឌិតសភាយោធា ប្រទេសអូស្ត្រាលីរយៈពេល៤ឆ្នាំ។
ក្រៅអំពីការសិក្សាទ្រឹស្ដីនៅសាលា លោកក៏ដូចជាសិក្ខាកាមដ៏ទៃ គឺតម្រូវអោយចុះអនុវត្តផ្ទាល់តាមរយៈការធ្វើសមយុទ្ធនានា ដែលសាលាបានរៀបចំឡើងអោយដូចនឹងសង្គ្រាមជាក់ស្ដែង ដោយឆ្លងកាត់គ្រប់ឧបសគ្គ បូករួមនឹងស្ថានភាពអាកាសធាតុ ត្រជាក់ខ្លាំង ឬក្ដៅខ្លាំង គឺសិក្ខាកាមគ្រប់រូបតម្រូវអោយបន្តសមយុទ្ធនោះរហូតដល់ចប់ តែជាក់ស្ដែង សិស្សខ្លះត្រូវបានបញ្ឈប់ ដោយសារកាយសម្បទាពួកគាត់ទ្រាំទ្រពុំរួចក្នុងការហ្វឹកហាត់សមយុទ្ធទាំងនោះ។ ដោយឡែកចំពោះលោក វរសេនីយ៍ឯក សៀ ទីន ដោយមានការប្ដេជ្ញាចិត្ត តស៊ូមោះមុត និងដោយខ្លួនជាតំណាងប្រទេសកម្ពុជា ក្នុងវគ្គសិក្សា បានជម្រុញអោយរូបលោកតស៊ូជំនះ មិនបោះបង់ចោលក្ដីស្រម៉ៃរបស់ខ្លួន រហូតទទួលបានជោគជ័យដោយបានបញ្ចប់ការសិក្សា នៅសាលាបណ្ឌិតសភាយោធាអូស្ត្រាលី និងជាបន្តបន្ទាប់ឈានទៅដល់ការបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ក្នុងប្រទេសអូស្ត្រាលី ក៏ដូចជាវគ្គបញ្ជាការសេនាធិការ នៅក្នុងប្រទេសសឹង្ហបុរី ព្រមទាំងបានយកចំណេះជំនាញដែលខ្លួនបានរៀន យកមកចូលរួម អភិវឌ្ឍន៍អង្គភាព អភិវឌ្ឍប្រទេសជាតិ និងការពារសុខសន្តិភាពជូនប្រជាពលរដ្ឋ ក្នុងបុព្វហេតុ ជាតិ សាសនា និងព្រះមហាក្សត្រ។
មានករណីឧក្រិដ្ឋជន០៤នាក់ បានចូលប្លន់ក្នុងផ្ទះមួយកន្លែងនៅបុរីអង្គរភ្នំពេញ ដោយរៀបផែនការជម្រិតយកប្រាក់១លានដុល្លារជាមុនទើបប្លន់សម្លាប់ម្ចាស់ផ្ទះទាំងប្តីប្រពន្ធនិងកូនឈ្នួល០២នាក់ ជាក្រោយ តែត្រូវសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ទាល់ បើកប្រតិបត្តិការចុះបង្ក្រាបក្រុមឧក្រិដ្ឋជនទាំងនោះ ដែលក្នុងករណីប្លន់នេះ ឧក្រិដ្ឋជនទាំង០៤នាក់ បានប្រើប្រាស់កាំភ្លើងវែងAK ០១ដើម និងកាំភ្លើងខ្លី០២ដើម បាញ់ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយកម្លាំងអាវុធហត្ថបានប្រើសិទ្ធិការពារខ្លួន បាញ់តបតត្រឡប់ទៅវិញ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែង។
នៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ករណីឧក្រិដ្ឋជន០៤នាក់ ចូលជំរិតនិងប្លន់សម្លាប់មិនបានសម្រេច ក្នុងបុរីអង្គរភ្នំពេញ ហើយប៉ះគ្នាជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែងគឺបានរៀបផែនការ គួរឲ្យភ្ញាក់ផ្អើលបំផុត។
អ្នកផ្តើមគំនិតឈ្មោះ អ៉ឹម សុវណ្ណារិទ្ធ ធ្លាប់ធ្វើជាអ្នកបើកឡានឲ្យម្ចាស់ផ្ទះ ហើយក៏បានឈប់មួយរយៈ បន្ទាប់មកក៏សុំម្ចាស់ផ្ទះចូលធ្វើការវិញ តែម្ចាស់ផ្ទះមិនព្រមឆ្លើយតប រូបគេក៏បានរៀបចំផែនការ ចូលចាប់ជំរិតនិងប្លន់សម្លាប់ ក្នុងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ តែដោយពួកវាប្រមូលគ្នាមិនទាន់ជុំ និងរកអាវុធមិនទាន់គ្រប់ ក៏បានលើកគម្រោងទៅថ្ងៃទី២៦ ខែកុម្ភៈ តែដោយនៅថ្ងៃទី២៦នេះជុំគ្នារសៀលពេក មិនអាចអនុវត្តផែនការទាន់ ពួកវាក៏លើកគម្រោងទៅថ្ងៃទី ២៧វិញ តែដោយថ្ងៃទី២៧នេះជាថ្ងៃសៅរ៍ ខ្លាចចូលធនាគារដកលុយមិនទាន់ ទើបពួកវាលើកមកថ្ងៃច័ន្ទទី១ ខែមីនា នេះតែម្តង។
តាមផែនការដែលវាដាក់ចេញ ដំបូងគឺប្រមូលគ្នីគ្នាចូលទៅក្នុងផ្ទះ ភ្ជង់ម្ចាស់ផ្ទះឲ្យសសេរសែក នូវសាច់ប្រាក់១លានដុល្លារ បន្ទាប់មកនឹងចាប់កូនស្រីតូច របស់ម្ចាស់ផ្ទះម្នាក់ឡើងឡាន ទៅធនាគារ ដោយឲ្យគ្នាវាចុះដកលុយ និងគំរាមឲ្យម្ចាស់ផ្ទះចាំឆ្លើយទូរស័ព្ទជាមួយបុគ្គលិកធនាគារ ឲ្យពួកវាដកលុយចុះ។ ផែនការបន្ទាប់ ក្រោយពីដកលុយបាន ពួកវានឹងសម្លាប់ម្ចាស់ផ្ទះទាំង២នាក់ប្តីប្រពន្ធ ព្រមទាំងកូនៗ០៦នាក់ និងអ្នកបម្រើ០២នាក់ សរុប១០នាក់ ប្លន់យកលុយនិងគ្រឿងអលង្ការ ដែលមានក្នុងទូរដែកទាំងអស់ បន្ទាប់មកវេចខ្ចប់សាកសពដាក់ចូលឡានម្ចាស់ផ្ទះ០២គ្រឿង ហើយបើកយកសពទៅបោះចោលនៅពេជ្រនិល។ រីឯអ្នកចូលធនាគារដកលុយ ត្រូវគេចខ្លួនទៅប្រទេសថៃ ឯអ្នកដទៃគឺមិនបាច់រត់ទៅណាទេ។ គម្រោងរបស់មេក្លោង ក្រោយពេលប្លន់បានសម្រេច នឹងទិញឡាន Luxis Kuro 570 មួយគ្រឿង រួចដណ្តឹងប្រពន្ធរៀបការ។
តែផែនការនេះត្រូវបានធ្លាយចេញមកដល់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ហើយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានរៀបផែនការរងចាំ ពួកវាចូលអន្ទាក់វិញអស់រយៈពេល៤ថ្ងៃមកហើយ។
រហូតដល់វេលាម៉ោង១១៖០០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ឧក្រិដ្ឋជនទាំង០៤នាក់ បានចូលមកប្លន់តាមផែនការមែន ក៏ប៉ះគ្នាជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែង។
ក្រោយពេលប្រតិបត្តិការបានបញ្ចប់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យដល់កន្លែងកើតហេតុ និងបានឧបត្ថម្ភថវិកា ២០លានរៀល លើកទឹកចិត្ត ដល់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានបំពេញបេសកម្មដោយជោគជ័យ ជួយសង្គ្រោះម្ចាស់ផ្ទះមានសុវត្ថិភាពគ្រប់គ្នា៕