ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហគមន៍​កសិកម្ម​សាមគ្គី​តំបែរ​ខេត្ត ត្បូងឃ្មុំ​កំពុង​សិក្សា​លទ្ធភាព​កែច្នៃ​ផ្លែស្វាយ​ធ្វើ​ដំណាប់ ធ្វើ​ស្រា និង​ទឹកខ្មេះ ដើម្បី​បង្កើន​តម្លៃ​និង​ចំណូល​ក្នុងស្រុក

76

 

ត្បូងឃ្មុំ​៖ សហគមន៍​កសិកម្ម​សាមគ្គី​តំបែរ​ខេត្ត​ត្បូងឃ្មុំ កំពុង​សិក្សា​លទ្ធភាព​កែច្នៃ​ផ្លែស្វាយ​ធ្វើ​ស្រា និង​ទឹកខ្មេះ​ស្រប​ពេលដែល​ផ្លែស្វាយ កំពុង​សល់​ជន់​ជោរ​ច្រើន​និង មានតម្លៃ​ទាប ។​
លោក អ៊ុ សុភា ប្រធាន​សហគមន៍​កសិក​ម្ម​សាមគ្គី​តំបែរ​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ដោយ​មានការ​ជ្រោមជ្រែង​ពី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ត្បូងឃ្មុំ បាន​​ចាត់​ក្រុមមន្ត្រី​ជំនាញ​ឱ្យមកធ្វើ​ការបណ្តុះ បណ្តាល​ពី​បច្ចេកទេស​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការកែច្នៃ​ផ្លែស្វាយ​ទៅជា​ស្រា និង​ទឹកខ្មេះ ជូន​ដល់​សហគមន៍ ដើម្បី​ចូលរួម​ដោះស្រាយ​ទុក្ខលំបាក​របស់​ប្រជា កសិករ ។
លោក​បន្តថា ការជំរុញ​លើ​ការបណ្តុះ បណ្តាល កែច្នៃ​ដំណាំ​ស្វាយ​នេះ ដោយសារតែ​ឱ្យតែ​ដល់​រដូវ​ប្រមូល​ផល​ស្វាយ សហគមន៍​អាច​លក់​បានតែ​ស្វាយ​ខ្ចប់​ប៉ុណ្ណោះ សម្រាប់​ស្វាយ​ខៀវ​មានតម្លៃ​ទាប​ហើយ​យ៉ាងហោច​ផ្លែស្វាយ​ប្រមាណ​១០​ភាគរយ ខូច​ចោល​។ ដូច្នេះ​ទើប​សហគមន៍​កំពុង​គិតថា ផ្លែ ស្វាយ​ដែល នៅសល់​លក់​មិន​អស់ នឹង​យកទៅ​កែច្នៃ​ជា​ដំណាប់​ស្វាយ ស្រា​ស្វាយ ទឹកខ្មេះ និង​ធ្វើ​អ្វី​ផ្សេងៗ​ទៀត ជាជាង​យក​ផ្លែស្វាយ​នោះ​បោះចោល​ឥត ប្រយោជន៍​។​
ការកែច្នៃ​ស្វាយ​ទៅជា​ស្រា​ស្វាយ​និង​ទឹកខ្មេះ​នេះ គឺ​ខាងយើង​មិនទាន់បាន​ដំណើរការ​ទេ គ្រាន់តែ​យើង​គ្រោង ហើយនឹង​រៀន​ជំនាញ​ទាំងអស់នេះ ប៉ុន្តែ​យើង​មិនទាន់មាន​លទ្ធភាព យើង​មិនទាន់មាន​សម្ភារ​គ្រប់គ្រាន់​សំរាប់​ការ​ដំណើរការ​ធ្វើជា​ទឹកខ្មេះ ធ្វើជា​ស្រា​ស្វាយ ធ្វើជា​ដំណាប់​ស្វាយ​ទេ គឺ​យើង​គ្រាន់តែ​បាន រៀន​យល់ដឹង​ពី​ចំណេះដឹង​ប៉ុន្តែ​នៅ​ខ្វះ​សម្ភារ​និង​ដើមទុន​ក្នុងការ​ដំណើរការ​ការងារ​មួយ​នេះ ។​
ពាក់​ព​ន្ធ័​នឹង​បញ្ហា​ខ្វះ​សម្ភារ លោក​បញ្ជាក់ថា សហគមន៍​បានដាក់​សំណើ​ជូនទៅ​ក្រសួងកសិកម្ម ដើម្បីឱ្យ​ជួយផ្ដល់​នូ​វធ​ន​ធាន​បច្ចេក ទេស និង​សម្ភារ​មកដល់​សហគម​ន៍​ផងដែរ ។​ទន្ទឹមនឹងនោះ ប្រសិនបើ​ដំណើរការ​អាច​ប្រ​ព្រឹ​តិ្ត​ទៅដោយ​រលូន​នោះ​នឹង​ជួយ​ដល់​ប្រជាកសិករ​ឱ្យមាន​ជីវភាព​ល្អ ប្រសើរ​ឡើងវិញ ស្របពេល​កំពុង​ជួប​មាន​បញ្ហា​តម្លៃ​នេះ ។​
លោក​ប្រធាន​សហគមន៍ បាន​បន្ថែមទៀតថា បច្ចុប្បន្ន​ស្វាយកែវ​រមៀត​ខ្ចប់​ដែល​សហគមន៍​បាន​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន​ស្រាប់​នោះ អាច​លក់​ក្នុងតម្លៃ ១២០០​ទៅ​១៥០០ រៀល​ក្នុង​មួយ​គីឡូក្រាម ចំណែក​ស្វាយ​ខៀវ​អាច​លក់បាន​ត្រឹម​តម្លៃ​២០០​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម ។​
សូមបញ្ជាក់ថា​៖ សហគមន៍​កសិកម្ម​សាមគ្គី​តំបែរ ខេត្ត​ត្បូងឃ្មុំ មាន​សមាជិក​ចំនួន​៧០​នាក់ មាន​ផ្ទៃដី​ដាំ​ស្វាយកែវ​រមៀត​ប្រមាណ​១២៧ ហិកតា​ស្មើនឹង​ប្រមាណ ៣​ម៉ឺន​ដើម ដែល​អាច​ផ្តល់​ទិន្នផល​ស្វាយ​ប្រមាណ​៣៧២០ តោន​សម្រាប់​ស្វាយ​ខ្ចប់​និង​ប្រមាណ ២​ពាន់​តោន​សម្រាប់​ស្វាយ​ខៀវ​ក្នុង​១​ឆ្នាំៗ ៕.​សំរិត​

អត្ថបទដែលជាប់ទាក់ទង