ក្រុមជម្រើសជាតិ៧ប្រភេទកីឡា ទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ថ្ងៃដំបូង
ភ្នំពេញ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនថ្នាក់ដឹកនាំ មន្ត្រីកីឡា គ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើសជាតិបានរយៈពេល៣ថ្ងៃ សម្រាប់នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យព្រះកេតុមាលា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។
សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា នេះជាការកិច្ចការចាំបាច់បំផុត ដែលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវកូវីដ-១៩នេះ។
ការចាក់វ៉ាក់សាំងនេះបានធ្វើជាបន្តបន្ទាប់ជូនដល់កងយោធពលខេមរភូមិន្ទ ដែលរហូតដល់ពេលនេះមានចំនួនច្រើនជាង ៦ម៉ឺននាក់ហើយៗនៅថ្ងៃនេះ កំពុងបន្តដាក់ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីកីឡា គ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើសជាតិ ត្រៀមប្រកួត និងចេញទៅហ្វឹកហាត់នៅក្រៅប្រទេស ឆ្នាំ២០២១។
សម្តេចពិជ័យសេនាមានប្រសាសន៍ទៀតថា យុទ្ធនាការយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនដល់ផ្នែកកីឡានេះត្រូវបានធ្វើឡើង បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដើម្បីសុខមាលភាពសង្គមជាតិយើងផង ក៏ដូចជាបង្កើនបានសុវត្ថិភាពជូនក្រុមជម្រើសជាតិកម្ពុជា ក្នុងការបន្តការហ្វឹកហាត់ ការប្រកួតនៅក្រៅប្រទេសផង។ សម្តេចពិជ័យសេនាក៏ទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះរួចរាល់ហើយដែរ រួមទាំងកងយោធពលខេមរភូមិន្ទជាង៦ម៉ឺននាក់ ដោយទទួលបាននូវសុខភាពធម្មតា និងលទ្ធផលល្អប្រសើរទៀតផង។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC គូសបញ្ជាក់ដែរថា នៅព្រឹកថ្ងៃទី២មីនានេះ ក្រុមកីឡាករ កីឡាការិនី គ្រូបង្វឹក មន្ត្រីកីឡាទទួលការចាក់វ៉ាក់សាំងនេះបានជាង២០០នាក់ហើយៗហើយពេលល្ងាចថ្ងៃដដែលនេះនឹងបន្តចាក់បន្ថែមទៀត ដោយក្នុង១ថ្ងៃចាក់ឲ្យបាន៥០០នាក់ ឬអាចបញ្ចប់ការចាក់រយៈពេលពីរថ្ងៃតែម្តង។ តាមការចង្អុលបង្ហាញពីលោកមបណ្ឌិតថោង ខុន អនុប្រធានអចិន្ត្រយ៍ CAMSOC បានជំរុញឲ្យក្រុមជម្រើសជាតិកម្ពុជាចាក់ឲ្យបានគ្រប់ៗគ្នា ដើម្បីត្រៀមចូលរួមប្រកួត និងការហ្វឹកហាត់នៅក្រៅប្រទេស។ កីឡាករ កីឡាការិនី គ្រូបង្វឹក មន្ត្រីកីឡាទាំងអស់ទទួលបាននូវភាពកក់ក្តៅ សប្បាយរីករាយ និងមានមោទនភាពណាស់ចំពោះការអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ និងការលើកទឹកចិត្តពីសម្តេចពិជ័យសេនា ទៀ បាញ់។ ជាមួយគ្នានោះសម្តេចប្រធាន CAMSOC ក៏បានណែនាំឲ្យខិតខំចាក់វ៉ាក់សាំងនេះឲ្យបានគ្រប់ៗគ្នា ជាពិសេសគឺក្រុមកីឡាករ កីឡាការិនីជម្រើសជាតិ ដែលស្ថិតនៅក្រោមអាយុ១៧ឆ្នាំ និង១៨ឆ្នាំត្រូវពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលប្រចាំការនៅទីនេះ។ លោក ចំរើន បន្ថែមថា «យើងនឹងធ្វើការងារនេះឲ្យបានហ្មត់ចត់បន្ថែមទៀត ដើម្បីឲ្យបានគ្រប់ជ្រុងជ្រោយ ទាំងក្រុមអ្នកសម្តែង ទាំងក្រុមសិល្បៈករ ត្រៀមទៅទទួលទង់ ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាខែវិច្ឆិកា-ធ្នូ ឆ្នាំ២០២១ ក៏ត្រូវនឹងមកទទួលការចាក់វ៉ាក់សាំងបង្ការនេះនៅទីនេះដែរ។ នេះជាជំហានដំបូងនៃចំនួនជាង១០០០នាក់ ហើយនៅពេលខាងមុខយើងនឹងបន្តការចាក់នេះសម្រាប់ក្រុមត្រៀមឆ្ពោះទៅ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះផងដែរ។
សូមបញ្ចាក់ថា តាមកម្មវិធីគ្រោងទុកមានរយៈពេល៣ថ្ងៃ សម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជំហានដំបូងនេះ គឺមានចំនួនសរុប ១០៥១នាក់៕