ម្ចាស់សង្វៀនជល់មាន់មួយកន្លែង ត្រូវបានសមត្ថកិច្ចនគរបាលស្រុកឯកភ្នំ ឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព
បាត់ដំបង ៖ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមជម្រាបជូនសាធារណជន ពិសេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គម បានជ្រាបថាកាលពីថ្ងៃទី២៨ ខែ កុម្ភៈ ឆ្នាំ ២០២១ បានឃើញរូបភាពដែលផ្សព្វផ្សាយតាមបណ្តាញសង្គមដោយអ្នកសារព័ត៌មាន ពីករណីប្រមូលផ្តុំគ្នាប្រព្រឹត្តិល្បែងជល់មាន់នៅវាលស្រែ ស្ថិតក្នុងឃុំពាមឯក ស្រុកឯកភ្នំខេត្តបាត់ដំបង ។
បន្ទាប់ពីឃើញការផ្សព្វផ្សាយនេះ លោកឧត្តមសេនីយ៍ទោ សាត គឺមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានដាក់បទបញ្ជាទៅលោកអធិការនគរបាលស្រុកឯកភ្នំ ដើម្បីធ្វើការស្រាវជ្រាវនិងចាត់វិធានការលើបញ្ហានេះ។
នៅថ្ងៃទី០១ ខែ មីនា ឆ្នាំ២០២១ ម្សិលមិញលោកម៉ិល សុផល អភិបាលនៃគណៈអភិបាលស្រុកឯកភ្នំនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំ បានដឹកនាំចុះទៅពិនិត្យផ្ទាល់ដល់ចំណុចទីតាំងវាលស្រែដែលមានករណីជល់មាន់នោះ ហើយនៅថ្ងៃដដែលលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំបានកោះអញ្ជើញម្ចាស់ទីតាំងសង្វៀនមាន់នោះ មកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរបំភ្លឺនិងបានធ្វើកិច្ចសន្យាឱ្យគាត់បញ្ឈប់សកម្មភាពនេះបន្តទៀត មុនពេលអនុញ្ញាតឱ្យវិលទៅលំនៅដ្ឋានវិញ។
ដូចបានជម្រាបជូនខាងលើ សូមសាធារណជន ពិសេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប និងចូលរួមសហការជាមួយសមត្ថកិច្ចនគរបាលដោយភាតរភាពបំផុតសូមអរគុណ៕