វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Astra Zeneca ចំនួន៣២៤,០០០ដូស ដឹកមកដល់កម្ពុជា នៅយប់ថ្ងៃទី០២ ខែមីនានេះ
ភ្នំពេញ ៖ ពិធីប្រគល់-ទទួល វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Astra Zeneca ដែលផលិតនៅប្រទេសឥណ្ឌា ចំនួន៣២៤,០០០ដូស ពីតំណាង អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងតំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ។
ជាមួយការជឿទុកចិត្តនិងដោយយោងលើកិច្ចសហប្រតិបត្តិការល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិក្នុងការប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នាពេលកន្លង មជ្ឈមណ្ឌលកូវ៉ាក់ (COVAX facility)
ដែលជាយន្តការបែងចែកវ៉ាក់សាំងសកល ក្រោមការដឹកនាំរបស់អង្គការសុខភាពពិភពលោក
បានសម្រេចផ្តល់ជូនប្រទេសកម្ពុជានូវវ៉ាក់សាំងប្រភេទ Astra Zeneca/SII ដែលវ៉ាក់សាំងនេះ
បានត្រូវដឹកជញ្ជូនមកដល់ព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០២១នេះ។ នេះជាមោទនភាពរបស់កម្ពុជា
ក្នុងនាមជាប្រទេសទីមួយនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលទទួលបានវ៉ាក់សាំងតាមរយៈយន្តការនេះ។
សូមបញ្ជាក់ថា Astra Zeneca/SII ជាប្រភេទវ៉ាក់សាំងដែលបានទទួលអាជ្ញាបណ្ណផលិតដោយវិទ្យាស្ថានសេរ៉ុម នៃប្រទេសឥណ្ឌានេះគឺជាគម្រូវ៉ាក់សាំងមួយប្រភេទទៀត ដែលបង្កើតឡើងដោយមន្ទីរពិសោធន៍នៃសាកលវិទ្យាល័យOxford ចក្រភពអង់គ្លេសហើយដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ដោយអង្គការសុខភាពពិភពលោកកាលពីខែកុម្ភៈកន្លងទៅថ្មីៗនេះ។
គួររំលឹកផងដែរថា កម្ពុជា កន្លងមក បានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ចាប់តាំងពីដំណាក់កាលដំបូង។ ជាពិសេសទៅទៀតនោះ កម្ពុជាបានជួយសង្គ្រោះអ្នកដំណើរនាវាវេស្ទើរដាម
ដែលនេះគឺជាកាយវិការមនុស្សធម៌ដ៏ធំធេងមួយប្រកបដោយទំនួលខុសត្រូវក្នុងនាមជាសមាជិកសហគមន៍អន្តរជាតិ។
យើងចងចាំមិនភ្លេច នូវការប្រសិទ្ធនាមកម្ពុជាថា “ជាប្រទសតូច តែមានបេះដូងធំ” ដោយសហគមន៍អន្តរជាតិ៕