ជនសង្ស័យប្រុសស្រី៣នា ក់ក្នុងចំណោមបក្ខពួក៧នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ធ្វើការឃាត់ខ្លួន
ភ្នំពេញ៖ កម្លាំងព្រហ្មទណ្ឌខណ្ឌមានជ័យសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ៣ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ ក្នុងចំណោមបក្ខពួក ៧នាក់ដែលបានធ្វើសកម្មភាពវ៉ៃប្លន់យកម៉ូតូពីជនរងគ្រោះបានសម្រេច ហើយគេចខ្លួនបានរយៈពេលពីរថ្ងៃ ។
បើតាមលោក ឯម ភារី នាយប៉ុស្តិ៍ស្ទឹងមានជ័យ៣ បានអោយដឹងថា ករណីឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងវេលាម៉ោង ១០និង៤០នាទីព្រឹកថ្ងៃទី២ ខែមិនាឆ្នាំ២០២១ នៅត្រង់ចំណុចផ្ទះជួលផ្លូវលំភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។
ជនសង្ស័យទាំង៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបានទី១ឈ្មោះ ស្រី អន អាយុ ៣០ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួល ។ ទី២ ឈ្មោះ បុិល ឡែន អាយុ៣៧ឆ្នាំមុខរបរមិនពិតប្រាកដ ។ ទី៣ ឈ្មោះឈីម កេត អាយុ ២៧ឆ្នាំមុខរបរមិនពិតប្រាកដអ្នកទាំង៣នាក់ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ ២សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
រីឯជនរងគ្រោះឈ្មោះកាន់ កុសល ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរ កម្មកររោងចក្រកាត់ដេរ ស្នាក់នៅបន្ទប់ជួល សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ និងមានស្រុកកំណេីតនៅស្រុកទ្រាំង ខេត្តតាកែវ។
គួរបញ្ជាក់ថា កាលវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រឈានចូលចូលថ្ងៃទី១ ខែ មិនា ឆ្នាំ ២០២១ ជនរងគ្រោះ បានជិះម៉ូតូម៉ាកHONDA BEATពណ៍ខៀវពាក់ស្លាកលេខភ្នំពេញ1HN-8376 ចេញពីផឹកសុីជាមួយមិត្តភ័ក្ត្រគោលបំណងត្រលប់ទៅផ្ទះតែពេលជិះមកដល់ចំណុចជិតក្លឹបសេះមាស តាមផ្លូវបេតុង ស្ថិតនៅភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ក៏មាននារីវ័យក្មេងម្នាក់បក់ដៃហៅពេលនោះជនរងគ្រោះក៏បានឈប់ហើយចៃដន្យមានមិត្តភ័ក្ត្រទូរស័ព្ទមកផងក៏ឈប់ម៉ូតូមិនទាន់បានលើកនិយាយផងមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់មិនចាំស្លាកលេខមកពីក្រោយប្រដាប់ដោយដាវក៏កាប់ប្រហាចំក្បាលបណ្តាលឲ្យរងរបួសធ្ងន់រួចប្លន់យកម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង ហើយជនរងគ្រោះត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកដួលហូរឈាមទើបប្ដឹងសមត្ថកិច្ច ។
ក្រោយកើតហេតុបានទទួលព័ត័មានពីប្រជាពលរដ្ឋថាប្រទះឃើញបុរសម្នាក់ដួលសន្លប់ករណីមានជនសង្ស័យវាយប្លន់យកម៉ូតូ ហើយបានចុះទៅដល់កន្លែងកើតហេតុក៏មានរថយន្តសង្គ្រោះគ្លីនិកឯកជនដឹកយកទៅព្យាបាលដោយជនរងគ្រោះរបួសធ្ងន់មិនទាន់សួរនាំលុះព្រឹកថ្ងៃទី១ខែ ឆ្នាំដដែលជនរងគ្រោះនិងក្រុមគ្រួសារបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី៣ដើម្បីអោយសមត្ថកិច្ចតាមស្រាវជ្រាវរកចាប់ជនសង្ស័យធ្វើសកម្មភាពវាយប្លន់យកម៉ូតូអ្នករងគ្រោះ ។
ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី ៣ធ្វេីការស្រាវជ្រាវក្ដាប់មុខសញ្ញានិងបានឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់នៅក្នុងបន្ទប់ជួលចំណែកបក្ខពួក៤នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល ។
បច្ចុប្បន្នជនសង្ស័យប្រុសស្រី ៣នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣បានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការបន្ត។ ចំណែកបក្ខពួក៤នាក់ដែលរត់គេចខ្លួនសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវចាប់ជនសង្ស័យទាំង៤នាក់នោះយកមកផ្តន្ទាទោសទៅតាមច្បាប់។