ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា ស្ថិតក្នុង​ចំណោម​ប្រទេស​ដំបូង​គេ ដែល​ទទួលបាន​វ៉ាក់សាំង​កូ​វីដ​-១៩ AstraZeneca/SII ពី​យន្តការ COVAX

79

 

​ភ្នំពេញ ៖ នា​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២១ វ៉ាក់សាំង AstraZeneca/SII ចំនួន ៣២៤.000 ដុស មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​ត្រូវបាន​ដឹកជញ្ជូន​ទៅ​រក្សាទុក នៅ​ឃ្លាំង​ឱសថ​កណ្តាល​របស់​ក្រសួងសុខាភិបាល មុនពេល​ផ្តល់ជូន​ក្រុម​ពលរដ្ឋ​អាទិភាព ដូចជា​ក្រុម​ដែល​ប្រឈម​ខ្ពស់​នឹង​ការឆ្លង​មេរោគ​កូ​វីដ​-១៩ និង​អ្នក​ងាយ​ធ្លាក់ខ្លួន​ឈឺធ្ងន់ធ្ងរ​ដោយសារ​មេរោគ​នេះ​។ វ៉ាក់សាំង​កូ​វីដ​-១៩ បន្ថែម​ទាំងនេះ​នឹង​ផ្តល់ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​នូវ​មធ្យោបាយ​ដ៏​មាន​អនុភាព​មួយទៀត ក្នុង​ការបន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។

 

​ទោះជា​យ៉ាងនេះ​ក្តី វ៉ាក់សាំង​តែមួយ​មុខ​នឹង​មិនអាច​បញ្ចប់​ការឆ្លង​រាតត្បាត​ជាស​កល​នៃ​ជំងឺ​នេះឡើយ​។ ការបន្ត​អនុវត្ត​វិធានការ​សុខភាព​សាធារណៈ ដើម្បី​ទប់ស្កាត់​ការចម្លង​ជំងឺ​នេះ នៅតែ​ចាំបាច់ ដូចជា​ការធ្វើ​តេស្ត ការគោរព​វិធានការ​ច​ត្តា​ឡី​ស័ក ការពាក់​ម៉ាស់ ការលាង​សម្អាត​ដៃ និង​ការរក្សា​គម្លាត សុវត្ថិភាព​ជាដើម​។​

 

​វ៉ាក់សាំង​ចំនួន ៣២៤.000 ដូ​ស គឺជា​ចំនួន​ដូ​ស​មកដល់​ដំបូង ក្នុងចំណោម​វ៉ាក់សាំង​សរុប ចំនួន ១,១ លាន​ដួស ដែល​យន្តការ COVAX នឹង​ផ្តល់ជូន​ប្រទេស​កម្ពុជា​ជា​ដំណាក់កាល​នៅត្រឹម​បំណាច់​ខែឧសភា​។ ប្រទេស​កម្ពុជា ត្រូវបាន​រំពឹងទុក​ថា​នឹង​ទទួលបាន​បរិមាណ​វ៉ាក់សាំង​សម្រាប់ ២០% នៃ​ប្រជាពលរដ្ឋ​សរុប (​ប្រហែល ៧​លាន​ដូ​ស​) ពី​យន្តការ COVAX ដែល​នឹង​ដឹកជញ្ជូន​មកជា​បន្តបន្ទាប់​នៅក្នុង​ឆ្នាំ នេះ​។ យន្តការ​COVAX គឺជា​កិច្ចខិតខំ​ជា​សកល​ដែល​មិន​ធ្លាប់មាន​ពីមុនមក ដើម្បី​ផ្តល់ឱ្យ​ប្រទេស​ទាំងអស់ នៅក្នុង​ពិភពលោក នូវ​សមភាព​ទទួលបាន​វ៉ាក់សាំង​ប្រកបដោយ​សុវត្ថិភាព ដើម្បី​ការពារ​ជំងឺ​កូ​វីដ​-១៩ ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​។ យន្តការ COVAX គឺជា​កម្មវិធី​ដឹកនាំ​ដោយ Gavi CEPI និង​អង្គការ​សុខភាព​ពិភពលោក (WHO) សហការ​ជាមួយ​យូ​នី​សេ​ហ្វ​។ កម្ពុជា​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​ដំបូងៗ គេ​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច ដែល​ទទួលបាន​វ៉ាក់សាំង​ពី​យន្តការ COVAX ។​

 

​ដោយសារ​ការផ្គត់ផ្គង់​វ៉ាក់សាំង​នៅ​ទូទាំង​សកលលោក​មាន​កម្រិត រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ធ្វើ លទ្ធកម្ម​វាក់​សាំង​តាមរយៈ​មធ្យោបាយ​ជាច្រើន ដែល​បំពេញ​ទៅតាម​ស្តង់ដារ​សុវត្ថិភាព ឱ្យបាន​ឆាប់​បំផុត តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ការពារ​ប្រជាពលរដ្ឋ​។ ការចាក់​វ៉ាក់សាំង​ដំបូងបង្អស់​ត្រូវបានធ្វើ​ឡើង​កាល ពីថ្ងៃ​ទី​១០ ខែកុម្ភៈ ហើយ​គិត​មកដល់ពេលនេះ មាន​មនុស្ស​ជាង ៦៥.000 នាក់​បាន​ចាក់​វ៉ាក់សាំង​។ ការមកដល់​នៃ​វ៉ាក់សាំង​បន្ថែម​នេះ គឺជា​ជំហាន​ដ៏​សំខាន់​មួយទៀត ឆ្ពោះទៅ​គោលដៅ​របស់​រាជរដ្ឋាភិបាល កម្ពុជា ក្នុង​គោលបំណង​ចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន ១០​លាន​នាក់​។​

 

​ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា បាន​មានប្រសាសន៍ថា “​នៅ​ដំណាក់កាល​ដំបូងៗ​នៃ​ការចាប់ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នេះ​អាទិភាព របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​សង្គ្រោះ​ជីវិត តាមរយៈ​ការការពារ​បុគ្គលិក​សុខាភិបាល​ជួរមុខ អ្នក​ដែល ប្រឈម​ខ្ពស់​ទៅនឹង​ការឆ្លង​ជំងឺ​កូ​វីដ ១៩ ឬ​អ្នក​ដែល​ងាយ​នឹង​ធ្លាក់ខ្លួន​ឈឺធ្ងន់ធ្ងរ​ដោយសារតែ​មេរោគ​កូ​វីដ ១៩​។ នេះ​គឺជា​វិធីសាស្ត្រ ដ៏​ល្អ​បំផុត ដើម្បី​ប្រើប្រាស់​វ៉ាក់សាំង​ដែល​បរិមាណ​ផ្គត់ផ្គង់​នៅមានកម្រិត ក្នុង គោលបំណង​សម្រេច​ឱ្យបាន​លទ្ធផល​ជា​អតិបរមា​នៅ​ដំណាក់កាល​ដំបូង​នេះ​។ វ៉ាក់សាំង​មិន​ត្រឹមតែ​ជួយ ជីវិត​ប៉ុណ្ណោះ​ទេ វា​ក៏​ជួយ​ព​ន្លឿ​ន​ការស្តារ​សេដ្ឋកិច្ច​ប្រទេស​ឡើងវិញ​ផងដែរ ” ។​

 

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ក៏បាន​មានប្រសាសន៍​ផងដែរ​ថា “​ខ្ញុំ​សូម​ទទូច​ឱ្យ​អ្នក​គ្រប់គ្នា​បន្ត អនុវត្តតាម​គោលការណ៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អំពី​វិធី​ការពារ​ខ្លួន ៣​ការពារ និង​៣​កុំ​។ វិធី​ការពារ​រួមមាន ពាក់​ម៉ាស់ លាងដៃ ញឹកញាប់ និង​រក្សា​គម្លាត​សុវត្ថិភាព​១,៥​ម៉ែត្រ ហើយ​សកម្មភាព​គួរ​ចៀសវាង​ទាំងបី​រួមមាន កុំទៅ​កន្លែង​បិទ​ជិត កន្លែង​មាន​មនុស្ស​កុះករ និង​កុំ​ប៉ះពាល់​គ្នា​ជាដើម​។ សូម​នៅផ្ទះ​ប្រសិនបើ​អ្នកមាន​ជំងឺ គ្រុនក្តៅ ឬ​សង្ស័យថា​បាន​ឆ្លង​ជំងឺ​កូ​វីដ -១៩ និង​សូម​ស្វែងរក​ជំនួយ​សុខាភិបាល​ភ្លាមៗ ឬ​ទូរ​សព្ទ​ទៅ​លេខ ១១៥​។ បើតាម​ផែនការ​ជាតិ​ស្តីពី​ការផ្តល់ និង​ការចាក់​វ៉ាក់សាំង​របស់​កម្ពុជា (NDVP) ក្រុម​អាទិភាព រួមមាន បុគ្គលិក​សុខាភិបាល និង​បុគ្គលិក​បំពេញការងារ​សំខាន់​ចាំបាច់ ដែល​កំពុង​ចូលរួម​ក្នុង​យុទ្ធនាការ ចាក់​វ៉ាក់សាំង ពលរដ្ឋ​ចាស់ជរា និង​មនុស្សពេញវ័យ​ដែលមាន​ជំងឺ​ប្រចាំកាយ​ជាដើម​។ ដោយសារតែ​ការ​ផ្គត់ ផ្គង់​វ៉ាក់សាំង​នៅមានកម្រិត ព្រោះតែ​តម្រូវការ​ខ្ពស់​នៅ​ទូទាំង​សកលលោក ការចាក់​វ៉ាក់សាំង​ដល់​ក្រុម​អាទិភាព​ទាំងនេះ នឹងធ្វើ​ឡើងជា​បណ្តើរៗ និង​ជា​ដំណាក់កាលៗ​។ រាជរដ្ឋាភិបាល​នឹងធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ទូទៅ ដើម្បី​ផ្តល់ព័ត៌មាន​បច្ចុប្បន្នភាព​ដល់​ប្រជាពលរដ្ឋ សំដៅ​ឱ្យ​ក្រុម​អាទិភាព ទទួលបាន​ព័ត៌មាន​ថ្មីៗ​បំផុត​អំពី​របៀប​ទទួលបាន​វ៉ាក់សាំង និង​ពេលវេលា នៅពេល​ដល់​វេន​ពួកគេ​។​

 

​ការអភិវឌ្ឍ​វ៉ាក់សាំង​ដែលមាន​ប្រសិទ្ធភាព និង​សុវត្ថិភាព ក្នុង​រយៈពេល​មិន​ដល់​មួយឆ្នាំ បន្ទាប់ពី ផ្ទុះឡើង​នៃ​មេរោគ​នេះ គឺជា​ភាពជោគជ័យ​មួយ ក្នុងចំណោម​ភាពជោគជ័យ​ដ៏​អស្ចារ្យ​ជាងគេ ក្នុង​វិស័យ ការ វេជ្ជសាស្ត្រ​ទំនើប​។ វ៉ាក់សាំង​ដែល​នឹងត្រូវ​ប្រើ​នៅ​កម្ពុជា​សុទ្ធតែ​បាន​ឆ្លងកាត់​និតិ​វិធី​អភិវឌ្ឍន៍ និង​ការធ្វើ តេស្ដ​សុវត្ថិភាព​ដ៏​តឹងរ៉ឹង​ដោយ​រដ្ឋាភិបាល​បានធ្វើការ​វាយតម្លៃ​លើ​ភស្តុតាង អត្ថប្រយោជន៍ និង​ហានិភ័យ នានា​ដែល​ពាក់ព័ន្ធ​។ វ៉ាក់សាំង AstraZeneca/Sli ដែល​ផ្តល់​ដោយ​យន្តការ COVAX បានទទួល​ការ អនុញ្ញាតឱ្យ​ប្រើប្រាស់​នៅក្នុង​ស្ថានភាព​បន្ទាន់ ពី​ក្រសួងសុខាភិបាល កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រោយ​ពេលដែល​អង្គការ​សុខភាព​ពិភពលោក អនុញ្ញាតឱ្យ​ប្រើប្រាស់​សម្រាប់​ស្ថានភាព​បន្ទាន់​កាលពី​ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ​២០១១ ។​

 

​លោកស្រី​វេជ្ជបណ្ឌិត លី វៃ​ឡាន តំណាង​អង្គការ​សុខភាព​ពិភពលោក​នៅ​កម្ពុជា បាន​មាន ប្រសាសន៍ថា “​អង្គការ​សុខភាព​ពិភពលោក កំពុងធ្វើការ​ងារ​យ៉ាង​ជិតស្និត​ជាមួយនឹង Gav CEPI និង យូ​នី​សេ​ហ្វ ដើម្បី​ធានាឱ្យមាន​ការទទួលបាន​វ៉ាក់សាំង ប្រកបដោយ​យុត្តិធម៌ និង​សមធម៌​។ យើង​មាន មោទនភាព​ដែល​បាន​ចូលរួម​បំពេញការងារ​ក្នុងស្ថានភាព​ដ៏​ពិសេស​នេះ​។ បន្ថែម​លើ​ការអនុវត្ត​វិធានការ សុខភាព​សាធារណៈ វ៉ាក់សាំង​កូ​វីដ​-១៩ គឺជា​ឧបករណ៍​ថ្មី​មួយទៀត​ដ៏​សំខាន់ សម្រាប់​ការពារ​ប្រជាពលរដ្ឋ ការពារ​ប្រព័ន្ធ​សុខាភិបាល មិនឱ្យ​រង​សម្ពាធ​ខ្លាំងពេក និង​ជួយសង្គ្រោះ​ជីវិត​មនុស្ស​។​

 

​បន្ថែម​លើ​កិច្ចសហការ​ក្នុង​ការផ្តល់​វ៉ាក់សាំង​តាមរយៈ​យន្តការ covAX រាជរដ្ឋាភិបាល​កម្ពុជា​បាន សហការ​យ៉ាង​ជិតស្និត​ជាមួយនឹង​អង្គការ​សុខភាព​ពិភពលោក និង​យូ​នី​សេ​ហ្វ ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ ពង្រីក​នូវ​សមត្ថភាព និង​វិសាលភាព​នៃ​ការផ្តល់​វ៉ាក់សាំង​កូ​វីដ -១៩ ។​

 

​លោកស្រី ហ្វី​រូ​ហ្គ ហ្វ​យូ​ហ្សិថ តំណាង​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា យូ​នី​សេ​ហ្វ មាន​មោទនភាព ដែល​បាន និង​កំពុង​សហការ​ជាមួយនឹង​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ក្នុង​ការផ្តល់​វ៉ាក់សាំង​នៅ​កម្ពុជា​អស់កាល​ជា​យូរ​ឆ្នាំ​មកហើយ ។ វ៉ាក់សាំង​ថ្មី​នេះ​នឹង​បង្កើត​ឱកាស​ដ៏ សំខាន់​មួយ ដើម្បី​ផ្លាស់ប្តូរ​ទិសដៅ​នៃ​ការឆ្លង​រាលដាល​ជា​សកល​នេះ​។ ដោយសារតែ​បុគ្គលិក​សុខាភិបាល និង​បុគ្គលិក​ជួរមុខ​ដទៃទៀត នឹង​ទទួលបាន​វ៉ាក់សាំង យើង​នឹង​អាច​មើលឃើញ​ជា​បណ្តើរៗ​នូវ​ការវិល​ទៅរក​ជីវិត​ជា​ប្រក្រតី​តាម​គន្លង​ថ្មី រួមទាំង​ការទទួលបាន​សេវា​សុខភាព ការអប់រំ និង​ការការពារ​កាន់តែ​ប្រសើរ​។ ស្របតាម​ស្មារតី​ពង្រីក​ការ​គ្របដណ្តប់​សេវា​សុខភាព​ជាស​កល យើង​មិនត្រូវ​ទុក​អ្នកណាម្នាក់​ចោល​ឡើយ​។​

 

​ផ្អែក​តាម​ភស្តុតាង​ដែលមាន​បច្ចុប្បន្ននេះ យើង​ដឹងថា​វាក់​សាំង​កូ​វីដ​-១៩ អាច​ការពារ​មនុស្ស​ពី​ការ ធ្លាក់ខ្លួន​ឈឺធ្ងន់ធ្ងរ​នៅពេល​ឆ្លង​ជំងឺ​នេះ និង​កាត់បន្ថយ​រយៈពេល​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​។ បើទោះជា មនុស្ស​បាន​ចាក់​វ៉ាក់សាំង​ក៏ដោយ​ពួកគេ​គួរ​បន្ត​អនុវត្តតាម​វិធានការ​ការពារ​នានា​ដូចជា​រក្សា​គម្លាត​សុវត្ថិភាព ពាក់​ម៉ាស់ និង​លាង​សម្អាត​ដៃ​ជាដើម​។ យើង​ត្រូវបំពេញ​ភារៈកិច្ច​របស់​យើង​រៀងៗ​ខ្លួន ក្នុង​ការប្រើ ប្រាស់​វិធីសាស្ត្រ​និង​ឧបករណ៍​ទាំងអស់​ដែលមាន ដើម្បី​យកឈ្នះ​ការឆ្លង​រាលដាល ជាស​កល​នៃ​ជំងឺ​នេះ​៕

អត្ថបទដែលជាប់ទាក់ទង