អគ្គនាយកស៊ីម៉ាក់ អំពាវនាវប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការប្រថុយប្រថានឈូសឆាយ និងរុករានដីតំបន់មានសំណល់គ្រាប់មីន
ភ្នំពេញ ៖ ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងសារនៅលើហ្វេសប៊ុកនៅព្រឹកថ្ងៃទី ៣ ខែមីនាឆ្នាំ ២០២១នេះ ថា ប្រជាពលរដ្ឋបានយកគ្រាប់មីនតោន ដែលពួកគាត់រាវរុករកឃើញនៅក្នុងដីចំការរបស់គាត់មកចងព្យួរនៅមែកឈើក្បែរផ្លូវហ្នង ! កុំឱ្យក្រុមជំនាញស៊ីម៉ាក់ពិបាករាវរុករក!? ។
ឯកឧត្តមហេង រតនា បានបញ្ជាក់ថា នៅពេលហៅពួកគាត់មកជួប គាត់បានប្រាប់ថា ពួកគាត់បានប្រមូលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះពីដីចំការរុករានថ្មីរបស់ពួកគាត់ស្អាតអស់ហើយ គ្មានបញ្ហាគ្រាប់មីនកប់ដីស្អីទៀតទេ ។ គាត់ថាពួកគាត់ក៏មានជំនាញរឿងមីននេះ ទាំងដាក់ទាំងដោះ ចេះតាំងពេលធ្វេីទាហាននៃថ្ងៃចូលទ័ពឯណោះកុំព្រួយពេក! សុីម៉ាក់គ្រាន់តែជួយយកទៅកំទេចចោល បានហើយមិនបាច់ពិបាកអីទេ!! ។
ជាការឆ្លើយតបជាមួយការអះអាងរបស់ពួកគាត់ ថា” គ្មានបញ្ហាគ្រាប់មីនទៀតទេដីនេះ ព្រោះពួកគាត់កកាយយកអស់ហើយនោះ” កម្លាំងក្រុមជំនាញស៊ីម៉ាក់ក៏ចាប់ផ្តើមបើកផ្លូវសុវត្ថិភាពរាវចូលក្នុងតំបន់ដីនេះ ក៏ប្រទះឃើញគ្រាប់មីនតោនកប់ក្នុងដីចំនួន២គ្រាប់ទៀត និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសំណល់ពីសង្គ្រាមមួយចំនួនទៀត ។ ភ្លាមៗនោះពួកគាត់ចាប់ផ្តើមយកដៃអេះក្បាលនិងបន្ទោសគ្នាគាត់ថា “ថាប្រយ័ត្នសល់ផ្ទុះងាប់ សល់មែន”!! ។ រួចដើរគេចខ្លួនបាត់ស្រមោលតែម្តងទៅ! ទុកឱ្យកម្លាំងស៊ីម៉ាក់បន្តភារកិច្ចរបស់ខ្លួនតាមនីតិវិធី។
សូមបញ្ជាក់ថា ក្រុមជំនាញស៊ីម៉ាក់ មិនអាចពឹងផ្អែកតែលើព័ត៌មានផ្ទាល់មាត់នេះទេ ចាំបាច់ត្រូវប្រើសម្ភារបច្ចេកទេសត្រួតពិនិត្យជាក់ស្តែងបន្ថែមនិងផ្ទៀងផ្ទាត់ព័ត៌មាន ជាពិសេសនៅពេលឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនិងគ្រាប់មីនដែលប្រជាពលរដ្ឋរុករកឃើញនោះ គឺជាភស្តុតាងកាន់តែច្បាស់លាស់ណាស់ថាតំបន់នោះជាតំបន់ចំការមីនយ៉ាងពិតប្រាកដ។ ផ្ទៃដីចំការមីន/គ្រាប់មិនទាន់ផ្ទុះសំណល់ពីសង្គ្រាមអាចមានសុវត្ថិភាពល្អបាន លុះត្រាតែមានការបោសសំអាតដោយប្រើប្រាស់សម្ភារបច្ចេកទេស សមស្រប មាននីតិវិធីត្រឹមត្រូវ និងការត្រួតពិនិត្យច្បាស់លាស់ ទើបធានាសុវត្ថិភាពបាន១០០%។
ជាថ្មីម្តងទៀត សូមអំពាវនាវប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការប្រថុយប្រថានឈូសឆាយ និងរុករានដីតំបន់មានសំណល់គ្រាប់មីន ដោយគ្មានការបោសសំអាតគ្រាប់មីនពីអង្គភាពជំនាញ ព្រោះនឹងបង្កគ្រោះថ្នាក់ស្លាប់ខ្លួនឯង និងអាចបង្កស្លាប់របួសអ្នកដទៃ ព្រមទាំងខាតបង់ទ្រព្យសម្បតិ្តផងដែរ។ រូបភាពមកពីតំបន់ប្រាសាទក្រហម សែនជ័យ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ថ្ងៃទី០១ មីនា ២០២១៕