ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លម្ហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា បើកទូលាយ​ជានិច្ច​សម្រាប់​អ្នកអនុវត្ត​សិទ្ធិ និង​សេរីភាព​របស់ខ្លួន ស្របតាម​រដ្ឋធម្មនុញ្ញ​និង​ច្បាប់

52

 

​ភ្នំពេញ ៖ លោក​ជិន ម៉ា​លីន អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ បាន​ថ្លែង​សារ​នៅ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២១​នេះ​ថា លម្ហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា បើកទូលាយ​ជានិច្ច​សម្រាប់​អ្នកអនុវត្ត​សិទ្ធិ និង​សេរីភាព​របស់ខ្លួន ស្របតាម​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​។ ការអនុវត្ត​ច្បាប់​ចំពោះ​អ្នកប្រព្រឹត្ត​បទល្មើស មិនមែន​ជាការ​រឹតត្បិត​លម្ហ​ប្រជាធិបតេយ្យ​នោះទេ​។
​លោកអ្នក​នាំពាក្យ​បន្ថែមទៀតថា ចំណែកឯ​ការរិះគន់​លើ​នីតិវិធី​និង​ការសម្រេច​របស់​តុលាការ ដោយ​មិន​ផ្អែកលើ​មូលដ្ឋាន​ច្បាប់​និង​នីតិវិធី​ច្បាប់​របស់​កម្ពុជា ហើយ​ដើម្បី​តែ​ការពារ​ក្រុម​ជនល្មើស​នោះ វា​ជាកា​រិះគន់​បែប​អយុត្តិធម៌​និង​មាន​ស្តង់ដា​ពីរ​។​

​លោក​បាន​បន្តថា ខាងក្រោម​នេះ សូម​ជូន​៣​ចំណុច ជា​ចំណេះដឹង​ផ្នែក​ច្បាប់ អំពី​ព្រឹត្តិការណ៍​៩​វិច្ឆិកា ដែល​អ្នក​ជាប់​ពាក់ព័ន្ធ​និង​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់ មាន​ចំនួន​ច្រើន​៖

១. ផែនការ​វិលត្រឡប់រ​បស់​ទណ្ឌិត សម រង្សី នៅ​ថ្ងៃ​៩ វិច្ឆិកា ២០១៩ កន្លងទៅនេះ គឺជា​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​ដែល​កើតចេញពី​ការបោះឆ្នោត ជាពិសេស​ដើម្បី​ទម្លាក់​នាយករដ្ឋមន្ត្រី​ស្របច្បាប់​ចេញពី​ដំណែង តាមរយៈ​យុទ្ធនាការ​ញុះញង់​កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រីរាជការ​ឱ្យ​បះបោរ​តាម​រូបភាព​បដិវត្ត​ហឹ​ង្សា និង​ការបង្កើត​មូលនិធិ​ដើម្បី​ធ្វើ​សកម្មភាព​រដ្ឋប្រហារ​នេះ​។ សកម្មភាព​ទាំងនេះ គឺជា​អំពើ​វិទ្ធង្សនា ដែលជា​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​បំផុត​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​

២. ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​នេះ ត្រូវ​ផ្តន្ទាទោស​ក្រោម បទល្មើស​ឧបឃាត ចំណែក​អ្នក​ដែល​ចូលរួម​ក្នុង​គម្រោង​ផែនការ​នេះ ត្រូវ​ជាប់ទោស​ពីបទ រួមគំនិត​ក្បត់​។ អំពើ​វិទ្ធង្សនា​ដែលជា​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​បែបនេះ តែងតែមាន​ការចូលរួម​និង​ពាក់ព័ន្ធ​ជាមួយ​មនុស្ស​ជាច្រើន ហើយ​ដែល​កម្ពុជា​មិនមែនជា​ករណី​ដោយឡែក​នោះទេ ដូចជា​ករណី​រដ្ឋប្រហា​រ​មិនបាន​សម្រេច​នៅ​តួ​គី​ជាដើម​ដែលមាន​មនុស្ស​រាប់ម៉ឺន​នាក់​ត្រូវបាន​ចាប់ខ្លួន និង​សូម្បីតែ​ករណី​ហឹ​ង្សា​នៅ​វិមាន​រដ្ឋសភា​កា​ពី​តូ​ល​របស់​អាមេរិក​នាពេល​ថ្មីៗ​នេះ ក៏មាន​អ្នក​ដែល​ត្រូវ​ឃុំខ្លួន​ជាង​១០០​នាក់​ដែរ និង​កំពុងតែ​ស្វែងរក​អ្នកពាក់ព័ន្ធ​ដទៃទៀត​។​

៣. ជាគោលការណ៍​ច្បាប់ អ្នក​ដែល​ពាក់ព័ន្ធ​និង​រង​ការចោទប្រកាន់​ក្នុង​ព្រឹត្តិការ ៩ វិ​ច្ឆិ​កា នេះ ត្រូវ​ចូលរួម​ក្នុង​ដំណើរការ​នីតិវិធីតុលាការ និង​ប្រើប្រាស់​សិទ្ធិ​ការពារ​ខ្លួន​តាមផ្លូវ​ច្បាប់​ដោយមាន​ជំនួយ​ពី​មេធាវី ដើម្បី​ដោះ​បន្ទុក​និង​តតាំង​ជាមួយ​បទ​ចោទ​។ នេះ​ជា​មធ្យោបាយ​តាមផ្លូវ​ច្បាប់​តែមួយគត់​ដើម្បី​ការពារ​ខ្លួន​រួច​ពីបទ​ចោទ នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​នីតិរដ្ឋ មិនមែន​ត្រូវធ្វើ​ការទាមទារ​ដាក់​ស​ម្ពា​ធ​លើ​តុលាការ ដែលជា​ស្ថាប័ន​ឯករាជ្យ​ឱ្យ​ដោះលែង​ឬ​ទម្លាក់ចោល​បទ​ចោទ​នោះទេ​៕

អត្ថបទដែលជាប់ទាក់ទង