ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ឃាតកម្ម​កាប់សម្លាប់​ម្នាក់ នៅ​ក្រុង​ពោធិ៍សាត់ សមត្ថកិច្ច​ចាប់ខ្លួន​ជនដៃដល់​៣​នាក់​

48

 

(​ពោធិ៍សាត់​)៖ ករណី​ឃាតកម្ម​កាប់​មួយ​កាំបិត ដាច់​ក​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នា​ក់នៅ​កណ្តាល​ក្រុង​ពោធិ៍សាត់ កាលពី​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១​កន្លង​ទៅនោះ ត្រូវបាន​សមត្ថកិច្ច​កិច្ច​បំបែកសំណុំរឿង​បាន​ហើយ ដោយ​ឃាត់ខ្លួន ជនដៃដល់ និង​បក្សពួក​បាន​ចំនួន​៣​នាក់​។​

​ប្រតិបត្តិការ​ខាងលើនេះ ធ្វើ​ឡើងជា​បន្តបន្ទាប់​គ្នា​ក្នុង​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២១ ក្រោយ​ទទួលបាន​បទបញ្ជា ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេ​ង ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​។​

​លោក​វរសេនីយ៍ឯក យឹម ស៊ា​ង​ហៃ អធិការ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ បានឱ្យដឹងថា កាលពី​វេលា​ម៉ោង ២២៖៣០​នាទី​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១​កន្លងទៅ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ទល់មុខ​គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ស្ថិត​ក្នុងភូមិ​ស្ថានីយ៍ សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ មាន​ករណី​ឃាតកម្ម​ប្រព្រឹត្ត​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ បាន​កាប់​មួយ​កាំបិត​បណ្តាលឱ្យ​ជនរងគ្រោះ​ឈ្មោះ ជួប សុខលី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ក្របៅ​ជ្រុំ ឃុំ​បាក់​ចិញ្ចៀន ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ស្លាប់​នៅនឹងកន្លែង​កើត​។​

​ដោយឡែក មិត្ត​ភក្ត្រ​របស់​ជនរងគ្រោះ​ម្នាក់ទៀត ក៏​ទទួលរង​របួសធ្ងន់​ផងដែរ ខណៈដែល​ពួកគេ កំពុងតែ​ជ្រក​នៅក្រោម​ម្លប់​ដើម​ព្រីង នៅ​ចំណុចកើតហេតុ​ខាងលើ​។​

​លោក​អធិការ​បាន​បន្តថា ដោយបាន​ការស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់ ពី​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​ពោធិ៍សាត់ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល បាន​ឈានដល់ ការឃាត់ខ្លួន​ជនដៃដល់ និង​បក្សពួក​បាន​ចំនួន​៣​នាក់ កាលពី​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២១​ម្សិលមិញ​៖

*​ទី​១៖ ឈ្មោះ កោះ បញ្ញា អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ពភ្លាក់ សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់ (​ជនដៃដល់​, មិនទាន់​សារភាព​)
*​ទី​២៖ ឈ្មោះ ធុជ វុទ្ធី អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ឈើទាល ឃុំ​ត្នោតជុំ ស្រុក​ក្រគរ​
*​ទី​៣៖ ឈ្មោះ សារឿន រដ្ឋា អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ស្ពានថ្ម សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។​

​លោក​អធិការ​បាន​បន្ថែមថា ជុំវិញ​ករណី​ឃាត​កម្មនេះ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ បាននិងកំពុង​ធ្វើការ​សួរនាំ​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ ដោយ​ជនសង្ស័យ​២​នាក់ បាន​ឆ្លើយ​សារភាព ទម្លាក់​លើ ជនដៃដល់​ឈ្មោះ កោះ បញ្ញា តែ​ជនដៃដល់ នៅ​មិនទាន់​សារភាព​។​

​តែ​ទោះជា​យ៉ាងណាក្តី ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ នៅតែ​មិនអាច​រួច​ពី​សំណាញ់​ច្បាប់ ដែល​ពួកគេ​បាន​ប្រព្រឹត្ត​នោះឡើយ​៕​

អត្ថបទដែលជាប់ទាក់ទង