ឪពុកក្មេក ចាក់សម្លាប់កូនប្រសាស្លាប់
ស្ទឹងត្រែង ៖ ឪពុកក្មេកបានរត់គេចខ្លួនបន្ទាប់ពីចាក់សម្លាប់កូនប្រសា។ ករណីនេះបានកើតមាននៅចំណុចអូរឈើទាលភូមិកាំងដីស សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង កាលពីវេលាម៉ោងជាង ១១យប់ថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២១។
ប៉ូលិសបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះចាន់ ឆាយរ៉ាវណ្ណៈ អាយុ៣៦ឆ្នាំ មានស្រុកកំណើតភូមិកាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បានមករកស៊ីយកប្រពន្ធនៅភូមិកាំងដីស សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
តាមប្រភពពីអ្នកចូលរួមផឹកស៊ីបានប្រាប់សមត្ថកិច្ចថា នៅវេលាយប់កើតហេតុមានអ្នកចូលរួមផឹកស៊ីអ្នកជិតខាងកូនប្រសានិងឪពុកក្មេក។ ជនរងគ្រោះដែលត្រូវជាកូនប្រសាបានផឹកស៊ីស្រវឹងពីក្រៅរួចជិះម៉ូតូទៅដល់ផ្ទះឪពុកក្មេក ដែលកំពុងជួបជុំផឹកស៊ី។ ឪពុកក្មេកឈ្មោះឆាន់ ជឿន មានវ័យចំណាស់ទៅហើយ គាត់មិនពូកែផឹកទេ។ តែពូកែខាងនិយាយរអ៊ូដាក់កូន។ កូនប្រសាដែលជាជនរងគ្រោះខឹងនឹងឪពុកក្មេកទាស់សំដីគ្នា រហូតមានការប្រតាយប្រតប់ម្ដងជាពីរដង ត្រូវអ្នកចូលរួមឃាត់តែឃាត់មិនឈ្នះ។ កូនប្រសាចេះតែរករឿងចង់វ៉ៃតបទៅលើឪពុកក្មេក។
កូនប្រសាទាញដំបងប្រុងចូលទៅវ៉ៃឪពុកក្មេក តែត្រូវបងប្អូនអ្នកចូលរួមផឹកស៊ីចេះតែឃាត់ចាប់ និងដកហូតយកកាំបិតដំបងចេញពីភាគីទាំងសងខាង។ កូនប្រសាចេះតែរករឿងក៏ស្ទុះទៅម្ដងជាពីរដងជាបន្ត ភ្លាមនោះឪពុកក្មេកទ្រាំមិនបានក៏យកវត្ថុមុតស្រួច ដែលគេប្រើសម្រាប់ជាជ័រកៅស៊ូ ចាក់ទៅលើកូនប្រសា ពេលកូនប្រសាស្ទុះទៅវាយបណ្ដាលឱ្យមុតជាច្រើនកន្លែងហូរឈាម។ ជនជនរងគ្រោះត្រូវសាច់ញាតិដឹកមកកាន់មន្ទីរពេទ្យខេត្ត តែបានស្លាប់បាត់បង់ជីវិតតែតាមផ្លូវ។ ក្រោយកើតហេតុឪពុកក្មេកបានគេចខ្លួន។ សពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនទៅក្រុមគ្រួសារនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ក្រោយពីធ្វើការពិនិត្យរួចរាល់នៅព្រឹកថ្ងៃទី ៣ ខែមីនាឆ្នាំ ២០២១៕