ស្ថានទូតកម្ពុជា ប្រកាសដល់ប្រជាពលរដ្ឋខ្មែរ កំពុងសិក្សា ធ្វើការ និងស្នាក់នៅប្រទេសវៀតណាម ប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាពខ្យល់ដង្ហើមខ្យល់ពុល
វៀតណាម ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម ប្រកាសដល់ប្រជាពលរដ្ឋខ្មែរកំពុងសិក្សា ធ្វើការ និងស្នាក់នៅប្រទេសវៀតណាម ជាពិសេសនៅភាគខាងជើងប្រទេសណាមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាពខ្យល់ដង្ហើម ខណៈដែលអាជ្ញាធរវៀតណាមបានប្រកាសថា ពីថ្ងៃទី១-៦ ខែមីនា ឆ្នាំ២០២១ នៅភាគខាងកើតវៀតណាម និងតំបន់ដីសណ្តរទន្លេHong ប្រឈមនឹងខ្យល់ពុលមានលាយកម្ទិចល្អិតៗបំផុត ដែលជាប្រភេទលោហៈប៉ះពាល់ដល់សុខភាពធ្ងន់ណាស់។
ខ្យល់ពុលនោះអាចផ្តុំ និងជ្រៀតចូលក្នុងថង់តូចៗនៃសួត និងសសៃឈាមអាចបង្កជាជំងឺមហារីក ឬប៉ះពាល់DNA និងនាំឱ្យមានការបម្រែបម្រួលសេនីទីក។
បើតាមសេចក្តីជូនដំណឹង ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានឲ្យដឹងថា យោង Vietnam News ចេញផ្សាយថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រ កម្ពុជាប្រចាំវៀតណាម សូមជម្រាបជូននិស្សិត សិក្ខាកាម យោធា-នគរបាល និងបងប្អូនប្រជាពលរដ្ឋខ្មែរ កំពុងសិក្សា ស្នាក់នៅ ឬមានវត្តមានក្នុងប្រទេសវៀតណាម ពិសេសនៅភាគខាងជើង មេត្តាជ្រាបថា៖ ចាប់ ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ នៅភាគខាងជើងឈៀងខាងកើត និងតំបន់ដីសណ្ដទន្លេ Hong វៀតណាមប្រឈមនឹងខ្យល់ពុលមានលាយជាមួយនឹងកំទិចល្អិតៗបំផុតដែលជាប្រភេទលោហៈធ្ងន់គ្រោះថ្នាក់ ខ្លាំងណាស់ដល់សុខភាពមនុស្ស។ វាអាច ផ្ដុំ និងជ្រៀតចូលដល់កូនថង់តូចៗ (alveoli) នៃសួត និងក្នុងសរសៃ ឈាម អាចបង្កឲ្យមានជាជំងឺមហារីក, ឬប៉ះពាល់ដល់ DNA និងនាំឲ្យមានបំរែបំរួលសេណេទឹក។
អំឡុងពេលស្ថានភាពអាក្រក់ និងគុណភាពខ្យល់មិនល្អ អ្នកជំនាញបរិស្ថានណែនាំឲ្យជៀសវាងការចេញក្រៅ, បិទបង្អួចនៅពេលព្រឹក និងត្រូវប្រើម៉ាស់ការពារធូលីពេលចេញក្រៅ ត្រូវលាងសំអាតរន្ធច្រមុះនឹងទឹកអំបិល។ សេចក្តីដូចបានជម្រាបជូន សូមនិស្សិត សិក្ខាកាមយោធា-នគរបាល និងបងប្អូនប្រជាពលរដ្ឋខ្មែរដែល មានវត្តមានក្នុងវៀតណាម ពិសេសនៅភាគខាងជើង មេត្តាជ្រាបជាព័ត៌មាន និង មេត្តាយកចិត្តទុកដាក់ ការពារសុខភាព។
ឆ្លៀតក្នុងឱកាស ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ នេះចំនឹងថ្ងៃទិវាវប្បធម៌ ស្ថានទូតសូមជូនពរ សូមនិស្សិត សិក្ខាកាមយោធា-នគរបាល និងបងប្អូនប្រជាពលរដ្ឋខ្មែរដែលមានវត្តមានក្នុងវៀតណាមរីករាយ និងស្វែងយល់ ពីសម្បត្តិវប្បធម៌ជាតិយើង និងបំផុសការស្រឡាញ់ ថែរក្សា ការពារ និងលើកកំពស់សម្បត្តិវប្បធម៌ជាតិ ដូចមាន ក្នុងសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕