ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់​ផ្សឹក​ព្រះចៅអធិការ​វត្ត​ដំរី​ផុង ចោទប្រកាន់ថា ប្រព្រឹត្ត​ខុស​៣​ព្រះ​វិន័យ​សង្ឃ មាន​ស្រី លក់​ដី​វត្ត​យកលុយ​ចែកគ្នា លក់​ដី​សាលាឆទាន​ចាស់​យក​ធ្វើ​មាន​ធ្វើ​បានដាក់​ធនាគារ​

148

 

​ស្ទឹងត្រែង ៖ គណៈកម្មការ​ព្រះ​មេគណ​ខេត្ត​មន្ទីរ​ធម្មការ បាន​ផ្សិត​ព្រះចៅអធិការ​វត្ត​ដំរី​ផុង ឃុំ​កោះ​សំពាយ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង នៅ​ថ្ងៃទី ២ ខែមីនា​ឆ្នាំ ២០២១​។ លុះដល់​ព្រឹក​ថ្ងៃទី ៣ ខែមីនា ពុទ្ធបរិស័ទ​អតីត​ព្រះចៅអធិការ​វត្ត​ដំរី​ផុង បាននាំគ្នា​មក​តវ៉ា​ទាមទារ​រក​យុត្តិធម៌ នៅមុខ​សាលាខេត្ត​ស្ទឹងត្រែង​។​

​គួររំលឹកថា ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២១ គណៈកម្មការ​អាចារ្យវត្ត រួម​និង ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ទាំងមូល បាននាំគ្នា​មក​ប្រមូលផ្តុំ​នៅក្នុង​វត្ត​មហា​សែន​ជ័យ សិរី​មាន​រិ​ទ្ធិ​ហៅ​វត្ត​ដំរី​ផុង ដើម្បី​ស្នើសុំ​ទៅដល់​សម្តេចព្រះ​សង្ឃនាយក លោក​មេគណ​ខេត្ត មន្ទីរ​ធម្មការ​ខេត្ត និង​អាជ្ញា​ធរមាន​សមត្ថកិច្ច បើក​ការ​ស៊ើប​អ​ង្កេត​ស្រាវជ្រាវ​ករណី​បណ្ដឹង​ចោទប្រកាន់ថា ព្រះចៅអធិការ​វត្ត​ដំរី​ផុង ប្រព្រឹត្ត​ខុស​៣​ព្រះ​វិន័យ​សង្ឃ​។​

​អាជ្ញាធរ​ភូមិ ឃុំ ស្រុក​បាន​ចោទប្រកាន់​ទៅលើ​ព្រះចៅអធិការ​វត្ត​។ ព្រះសង្ឃ​ចៅអធិការ​វត្ត​ព្រះនាម​រុំ ជឿន គង់​ចាំ​អស់​២​ព្រះវស្សា នៅ​វត្ត​វត្ត​មហា​សែន​ជ័យ សិរី​មាន​រិ​ទ្ធិ (​ហៅ​វត្ត​ដំរី​ផុង​) ស្ថិតក្នុង​ភូមិ​ដំរី​ផុង ឃុំ​កោះ​សំពាយ ស្រុក​សៀម​បូក ខេត្ត​សឹ្ទ​ង​ត្រែង​។​

​ព្រះចៅអធិការ​វត្ត​ដំរី​ផុង ព្រះនាម​រុំ​ជឿន បាន​មាន​សង្ឃ​ដិ​កា​ថា ព្រះអង្គ​គង់នៅ​វត្ត​ពោធិ​អង្គ​សេរី​វង្ស ក្នុងស្រុក​ចំការលើ ខេត្តកំពង់ចាម ដោយមាន​ការមូល​មតិ​ជា​ឯកច្ឆ័ន្ទ ពី​គណៈកម្មការ​អាចារ្យវត្ត ពុទ្ធបរិស័ទ​ចំណុះជើងវត្ត និង​មាន​អាជ្ញាធរ​បញ្ជាក់​លិខិតស្នាម​ទទួលស្គាល់​ត្រឹមត្រូវ ទើប​ព្រះអង្គ​និមន្ត​មក​គង់​ចាំ​វស្សា​ហៅ​វត្ត​ដំរី​ផុង តាំងពី​ឆ្នាំ​២០១៩ រហូតមកដល់​បច្ចុប្បន្ន​។​

​អតីត​ចៅអធិការ​វត្ត​បានលើកឡើង​នៅ​ព្រឹក​ថ្ងៃទី ៣ ខែមីនា នៅពេល​ជួបជុំ​ជាមួយ​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​មុខ​សាលាខេត្ត​ស្ទឹងត្រែង​ថា អាជ្ញាធរ​រួមគំនិត​គ្នា ប្តឹង​ចោទថា ទី​១ មាន​ស្រី ទី​២.​លក់​ដី​វត្ត​យកលុយ​ចែកគ្នា ទី​៣.​លក់​ដី​សាលាឆទាន​ចាស់​យក​ធ្វើ​មាន​ធ្វើ​បានដាក់​ធនាគារ​។

​អតីត​ព្រះចៅអធិការ​វត្ត​ដដែល​បាន​អះអាងថា ពុំមាន​ដូច​ការប្តឹង​ចោទ​ពី​អាជ្ញាធរ​ខាងលើ​នោះឡើយ នេះ​ជា​លេស​មានគំនិត​បំបែកបំបាក់​សង្ឃ​តែប៉ុណ្ណោះ ដោយ​កំហុស​ទាំងនេះ​ខ្លួន​មិនបាន​ប្រព្រឹត្ត​ខុស ដូច​ការប្តឹង​ចោទ​នោះឡើយ​។

​អ្នកស្រី​ហាក់ សុខឿន មេភូមិ​ដំរី​ផុង បាន​ប្រាប់​នៅ​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១​ថា កាលពី​ដើមឡើយ​នៅ​ភូមិ​ដំរី​ផុង​នេះ ពុំមាន​លោក​ពុំមាន​វត្ត​អារាម​នោះទេ​។ ទើបបាន​ផ្តួចផ្តើម​មូលមតិ​គ្នា​ជាមួយ​ក្រុមប្រឹក្សាឃុំ រួម​និង​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ បាន​ទៅ​និមន្ត​ព្រះសង្ឃ​ព្រះនាម​រុំ ជឿន នៅឯ​ខេត្តកំពុងចាម ដើម្បី​មក​ធ្វើជា​ចៅអធិការ​វត្ត​មហា​សែន​ជ័យ សិរី​មាន​រិ​ទ្ធ ស្ថិតនៅ​ភូមិ​ដំរី​ផុង ឃុំ​កោះ​សំពាយ ស្រុក​សៀម​បូក​។ លោក​បានមក​គង់​តាម​ការស្នើសុំ​របស់​ពុទ្ធ​បរិស័ទ​ចំណុះជើងវត្ត និង​អាជ្ញាធរ​មូលដ្ឋាន រយៈពេល​លោក​មក​គង់នៅ​វត្ត​ថ្មី លោក​ក៏បាន​កសាង​វត្ត​អារាម​នៅទីនេះ ចាប់​តាំង​ឆ្នាំ​២០១៩ រហូតមកដល់​ឆ្នាំ​២០២១​នេះ ក៏មាន​រកាំរ​កុះ​ចោទប្រកាន់ថា លោក​ខុស​វិន័យ​សង្ឃ​យ៉ាងណា​នោះ អ្នកស្រី​ក៏​មិនដឹង​ច្បាស់​ដែរ គ្រាន់តែ​ដឹងថា អ្នកស្រី​បាន​ទៅ​និមន្ត​លោក​មកពី​ខេត្តកំពង់ចាម​ពិត​ប្រាក​មែន​។ ត្រង់​រឿង​អីៗ​ផ្សេងៗ​ទៀត អ្នកស្រី​មិនដឹង​ទេ​។​

​លោក សួយ ខាំ​វៀន មេឃុំ​កោះ​សំពាយ បាន​ប្រាប់ថា រឿងរ៉ាវ​ចៅអធិការ​វត្ត​មហា​សែន​ជ័យ សិរី​មាន​រិ​ទ្ធ​នេះ​ថា មាន​កំហុស​វិន័យ​សង្ឃ​យ៉ាងណា​នោះ លោក​ក៏​មិនសូវ​ដឹង​ច្បាស់​ដែរ​។ បើ​ចង់ដឹង​ច្បាស់លាស់​ទាល់តែ​សួរ​ទៅ​អភិបាលស្រុក​សៀម​បូក ទៅ​ដឹង​ហើយ​។

​លោក ថោង ស្រា​ន់ អភិបាលស្រុក​សៀម​បូក បានបញ្ជាក់​ប្រាប់ថា បញ្ហា​លោក រុំ ជឿន ដែលជា​ចៅអធិការ​វត្ត មហា​សែន​ជ័យ សិរី​មាន​រិ​ទ្ធ នោះ​មាន​កំហុស​របស់​លោកមា​ន​ច្រើន ដែល​មិនអាច​វាចា​បានទេ​។ បើ​ចង់បាន​ព័ត៌មាន​ច្បាស់លាស់​គ្រប់​ជ្រុងជ្រោយ ទាល់តែ​ទាក់ទង​សួរ​ទៅ​លោក​នូ ចាន់ថា ព្រះ​មេគណ​ខេត្ត​ជា​អ្នកគ្រប់គ្រង​ព្រះសង្ឃ នៅក្នុង​ខេត្ត​សឹ្ទ​ង​ត្រែង​ទាំងមូល នោះ​ទៅ​ដឹង​ពី​កំហុស​លោក​នោះ​ហើយ ។​

​ព្រះ​តេជគុណ នូ ចាន់ថា​ព្រះនាម​ព្រះ​មេគុណ​ខេត្ត​មាន​ថេរ​ដីកា​ថា ករណី​លោក​រុំ ជឿន ចៅអធិការ​វត្ត មហា​សែន​ជ័យ សិរី​មាន​រិ​ទ្ធ នោះ​គឺ​លោក​អភិបាលស្រុក​សៀម​បូក លោក ថោង ស្រា​ន់ នេះហើយ​និង​អាជ្ញាធរ​ជា​មូលដ្ឋាន​៣ ទៅ​៤​នាក់ បាននាំគ្នា​មកប្តឹង​ចៅអធិការ​វត្ត មហា​សែន​ជ័យ សិរី​មាន​រិ​ទ្ធ ថា​លោក មាន​ស្រី លក់​ដី និង​លក់​សាលាឆាន់ និង​យក​ដី​វត្ត​ទៅ​ដាក់​ធនាគារ​ទៀតផង​។ ទោះជា​យ៉ាងនេះ​ក្ដី ព្រះ​តេជគុណ​នូ ចាន់ថា ព្រះ​មេគុណ​ខេត្ត មាន​ថេរ​ដីការ​នៅ​និង​មុខ​ពុទ្ធបរិស័ទ​ក្នុង​វត្ត​ថា ការ​ប្តឹងផ្តល់​វា​ជា​សិទ្ធិ​របស់​បុគ្គល ដែលជា​អាជ្ញាធរ​បួន​ប្រាំ​នាក់​តែប៉ុណ្ណោះ ដោយ​ពុំមាន​គណកម្មការ​វត្ត ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ដឹងឮ​ឡើយ សូម្បីតែ​ព្រះគ្រូ​ព្រុំ រិទ្ធី ព្រះ​វិន័យ​ធម៌​ស្រុក​សៀម​បូក ក៏​ពុំបាន​ជ្រាប​ដែរ តែ​ក៏​ជាប់​ពាក់ព័ន្ធ​ឃុបឃិត​ទទួល​លាភ​ក្នុង​ការលក់​ដី​វត្ត​នេះដែរ ហើយ​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ គឺ​នៅ​មិនទាន់​រកឃើញ​ភស្តុតាង ដូច​ពាក្យ​ចោទប្រកាន់​នោះឡើយ​។​

​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត និង​គណៈ​កម្ម​វត្ត​មហា​សែន​ជ័យ សិរី​មាន​រិ​ទ្ធិ (​ហៅ​វត្ត​ដំរី​ផុង​) បាន​សំដែង​នូវ​ការមិន​ពេញចិត្ត ទៅលើ​អាជ្ញាធរ​ភូមិ ឃុំ ស្រុក​សៀម​បូក បានរួម​គំនិត​គ្នា​ប្តឹង​មួលបង្កាច់​បណ្តេញ​ព្រះចៅអធិការ​វត្ត​ដំរី​ផុង ចេញពីរ​វត្ត​ដោយ​គ្មាន​មូលដ្ឋាន និង​វត្ថុតាង​ច្បាស់លាស់ ដើម្បី​ដាក់បន្ទុក​នោះឡើយ ដោយ​ចោទប្រកាន់ថា​លោក​មាន​ស្រី​. លក់​ដី​វត្ត លក់​សាលាឆទាន​ចាស់ យកលុយ​ចែកគ្នា​នោះ សូម​ឲ្យ​អាជ្ញាធរ​បើក​ការស៊ើបអង្កេត​ឡើងវិញ​៕

អត្ថបទដែលជាប់ទាក់ទង