ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម ថ្លែងអំណរគុណ​ដល់រ​ដ្ឋា​ភិ​បាល និង​ថ្នាក់ដឹកនាំ​កីឡា​អនុញ្ញាត​ឲ្យ​អត្ត​ព​លិ​ក ចាក់​វ៉ាក់សាំង​បង្ការ​មេរោគ​COVID-19

112

 

​ភ្នំពេញ​៖​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​មេរោគ​COVID-19 ជូន​ថ្នាក់ដឹកនាំ មន្ត្រី​កីឡា គ្រូបង្វឹក កីឡាករ កីឡាការិនី​ជម្រើសជាតិ​បាន​រយៈពេល​៣​ថ្ងៃ​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC)​កាល​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រុម​ដឹកនាំ និង​កីឡាករ​-​កីឡាការិនី​កីឡា​វ៉ូ​វី​ណា​ម​ក៏​ចូលរួម​ចាក់​ដែរ​។​

​លោក អ៊ូ រតនា អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​បាន​មានប្រសាសន៍ថា តាំង​នាម​រូបលោក​ផ្ទាល់​តំណាង​ឲ្យ​ប្រធាន​សហព័ន្ធ និង​កីឡាករ​-​កីឡាការិនី​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​សូម​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ដែល​បានផ្តល់​ឲ្យ​អត្ត​ព​លិ​ក​វ៉ូ​វី​ណា​ម​កម្ពុជា​ចូលរួម​ចាក់​វ៉ាក់សាំង​បង្ការ COVID-19 Sinopharm ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

​លោក​បាន​បន្តថា ក្រោយពី​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​រួចហើយ យើង​នឹងធ្វើ​ហ្វឹកហាត់​ពង្រឹង​សក្តានុពល និង​ជំរុញ​សមត្ថភាព​កីឡាករ​-​កីឡាការិនី​វ៉ូ​វី​ណា​ម​របស់ខ្លួន​មិនសូវមាន​ការភ័យខ្លាច​ក្នុង​ការឆ្លង​មេរោគ COVID-19​ឡើយ ដើម្បី​ត្រៀម​ចូលរួម​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES 2021​លើ​ទី​៣១ នៅ​ប្រទេស​វៀតណាម ដែល​ប្រព្រឹត្ត​នា​ខែវិច្ឆិកា ២០២១​ខាងមុខនេះ​។

​ការប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ COVID-19 ផ្តើមចេញ​យើង​ម្នាក់ៗ​ក្នុង​គោលបំណង​ដើម្បី​ការពារ​ខ្លួន​យើង គ្រួសារ​យើង និង​សង្គមជាតិ​យើង ។ ដូច្នេះ​សូម​ពុក​ម៉ែ បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល អនុវត្តតាម​វិធានការ​សុខាភិបាល ៣​ការពារ រួមមាន ៖ ទី​១. ពាក់​ម៉ាស ទី​២. លាងដៃ ទី​៣. គម្លាត​សង្គម គម្លាត​បុគ្គល ចាប់ពី ១,៥​ម៉ែត្រ​ឡើងទៅ និង ៣​កុំ រួម​មា ៖ ទី​១. កុំ​ចូលទៅ​កន្លែង​បិទ​ជិត គ្មាន​ខ្យល់​ចេញចូល និង​ម៉ាស៊ីនត្រជាក់​ច្រើនពេក ទី​២. កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន ទី​៣. កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃ កុំ​កៀក​ស្មា កុំ​ឱប​គ្នា​… ព្រមទាំង​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ ឲ្យ​បាន​គ្រប់ៗ​គ្នា ទៅតាម​ដំណាក់កាល​នីមួយៗ និង​លទ្ធភាព​របស់​រាជរដ្ឋាភិបាល ។​

​ក្នុងនាម​ប្រជាពលរដ្ឋ​ខ្មែរ​មួយរូប ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​ផ្តល់ជំនួយ “​វ៉ាក់សាំង​បង្ការ​មេរោគ COVID-19” ដល់​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ ។ សូម​គោរព​ជូនពរ​ពុក​ម៉ែ បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​សម្រាក​ព្យាបាល​មេរោគ COVID-19​នៅតាម​មន្ទីរពេទ្យ​នានា សូម​បានជា​សះស្បើយ​គ្រប់ៗ​គ្នា និង​អ្នក​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ក៏ដូចជា​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បាន​ចាក​ផុតពី​មេរោគ COVID-19​និង​ជួបតែ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

អត្ថបទដែលជាប់ទាក់ទង