ដើមឆ្នាំ២០២១នេះ កម្ពុជានាំអង្ករចេញបាន ប្រមាណ៧៦,២២២ តោន ថយចុះ៤៤ ភាគរយ
ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល២ ខែដើមឆ្នាំ២០២១នេះ កម្ពុជានាំអង្ករចេញបានប្រមាណ៧៦២២២ តោន គឺថយចុះ៤៤ ភាគ រយ ដោយសារកង្វះកុងតឺន័រ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
យោងតាមសេចក្តីជូនដំណឹងរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា៖ គិតត្រឹមរយៈពេល២ខែ ដើមឆ្នាំ២០២១នេះ កម្ពុជា បានសម្រេចនូវការនាំចេញអង្កររបស់ខ្លួន ក្នុងរង្វង់ទឹកប្រាក់ជាង ៦៤លាន៥សែនដុល្លារអាមេរិក និងក្នុងបរិមាណ ៧៦ ២២២ តោន។ ការនាំចេញក្នុងរយៈ ពេល២ខែនេះ នៅតែប្រឈមនឹងការថយចុះ ពោលគឺថយចុះ ៤៤.១៦% បើប្រៀប ធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២០ ។ សេចក្តីប្រកាសដដែលបានឱ្យដឹងថា ការថយចុះនេះគឺបណ្តាលមកពីមូលហេតុចំបងដោយសារកង្វះកុងតឺន័រ និងតម្លៃដឹកជញ្ជូនតាមផ្លូវសមុទ្រនៅបន្តខ្ពស់ រហូតដល់ជិត៥០០% នៃតម្លៃដឹកជញ្ជូនឆ្នាំ ២០១៩។
សូមបញ្ជាក់ថា៖ សហព័ន្ធស្រូវអង្ករកម្ពុជា នៅ រសៀលថ្ងៃទី៣ ខែមីនា បានលើកឡើងថា សម្រាប់ទិសដៅទីផ្សារនៃការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ប្រទេសចិន ដែលរួមទាំង ហុងកុង និងម៉ាកាវផងនោះ នៅតែជាទីផ្សារធំជាងគេ ដែលមានចំណែកដល់ទៅជិត ៥០ភាគរយ ស្មើនឹងបរិមាណសរុបជាង ៣៧,០០០ តោន។ ចំណែកឯទីផ្សារធំទី២ ខាងប៉ែក សហភាពអឺរ៉ុប ដែលរួមមាន១៨ប្រទេស មានចំណែកជិត ២៥ ភាគរយ គិតជាបរិមាណចំនួនជាង១៨,០០០ តោន ក្នុងនោះ ទីផ្សារធំក្នុងសហភាពអឺរ៉ុប គឺប្រទេសបារាំង ដែលមានចំនួន ៨,៨៥០តោន។ រីឯទីផ្សារបន្ទាប់ ដែលមានចំណែក ៨ភាគរយ គឺជាទីផ្សារអាស៊ាន រួមមាន ៖ ម៉ាឡេស៊ី និងសឹង្ហបុរី ដែលមានចំនួនជាង ៦,២០០តោន និងចំណែក ១៨ភាគរយផ្សេងទៀត ជាទីផ្សារប្រទេសផ្សេងៗ គិតជាបរិមាណគឺមានជាង ១៣, ០០០តោន ក្នុងនោះ រួមមាន ហ្គាបុង អូស្ត្រាលី អង់ គ្លេស និង ញូវហ្សេឡិនជាដើម។ ទាក់ទិន ប្រភេទអង្ករដែលកម្ពុជា បាននាំចេញក្នុងរយៈពេល០២ខែ ឆ្នាំ ២០២១នេះ ចំណែកធំជាងគេជាង៨៥ ភាគរយ ជាប្រភេទអង្ករក្រអូបគ្រប់ប្រភេទ រួមមាន ផ្ការំដួល ម្លិះ និងសែនក្រអូប ជាដើម ដែលមានបរិមាណសរុបចំនួន ជាង ៦៥,០០០តោន។ ចំណែក អង្ករស ត្រូវបាននាំ ចេញជាង ១ម៉ឺនតោន និងអង្ករចំហុយចំនួន ៧៣២ តោន៕ សំរិត