នគរបាលស្រុកស្រែអំបិលបង្ក្រាបរថយន្តទំនើបដឹកឈើខុសច្បាប់ចំនួន ៤គ្រឿង
កោះកុង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្រែអំបិល បានបង្ក្រាបករណីរថយន្តដឹកឈើខុសច្បាប់ គោលដៅចេញពីខេត្តកោះកុងឆ្ពោះទៅភ្នំពេញ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៨នឹង១៤នាទី នៅចំនុចភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់។
ប្រតិបត្តិការខាងលើក្រោមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង និងមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្ត ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ហួន នុន អធិការនគរបាលស្រុកស្រែអំបិល។
ជនសង្ស័យទី១-ឈ្មោះ ង៉ែត ម៉ៅ ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតខេត្តតាកែវ, ទី២-ឈ្មោះ ផាន់ ថន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំង។
សមត្ថកិច្ចដកហូតវត្ថុតាងៈ រថយន្ត០៤គ្រឿង រួមមាន៖១-រថយន្តម៉ាក ឡង់គ្រីស័រ ផលិតឆ្នាំ1999 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2M-9751, ២-រថយន្តម៉ាក ហាយឡែនឌ័រ ផលិតឆ្នាំ2002 ពណ៌មាស ពាក់ស្លាកលេខ ភ្នំពេញ 2X-2367, ៣-រថយន្តម៉ាក់ ហាយឡែនឌ័រ ផលិតឆ្នាំ2003 ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2Z-2755, ៤-រថយន្តម៉ាកបាឡែន ផលិតឆ្នាំ2003 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2W-2986 ។
សូមបញ្ជាក់ថា រថយន្តទាំង៤គ្រឿងនេះ មានផ្ទុកពេញទៅដោយឈើខុសច្បាប់ ដោយជនសង្ស័យទាំង ពីរ នាក់ខាង លើអង្គុយក្នុងរថយន្តបាឡែន។ ចំណែកមនុស្សក្នុងរថយន្ត៣គ្រឿងទៀត បានរត់គេចខ្លួនចូលព្រៃអស់។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងបានប្រគល់ឲ្យទៅខាងមន្ទីរបរិស្ថានខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ៕