ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការស្តាប្រឡាយមេទួលពង្រ១ សម្រេចបាន៧០ភាគរយ ក្រុមការងារកំពុងពន្លឿនការស្តារឱ្យបានរួចរាល់មុនពេលរដូវវស្សារមកដល់

80

 

ភ្នំពេញ៖ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងតាមទូរស័ព្ទនៅព្រឹកទី៥ ខែមីនានេះថា៖ មកដល់ពេលនេះ ដំណើរការស្តារប្រឡាយមេទួលពង្រទី១ សម្រេចបាន៧០ភាគរយ ហើយក្រុមការងារកំពុងតែបង្កើនសកម្មភាពដើម្បីពន្លឿនឱ្យការងារនេះឱ្យសម្រេចបានមុនផែនការ គឺរួចរាល់ជាស្តាពរនៅមុនពេលរដូវវស្សាឈានចូលមកដល់នាពេលខាងមុខនេះ។
លោកអភិបាលខណ្ឌបានបញ្ជាក់ថា៖ បន្ទាប់ពីកាយបង្ហើយតាមផែនការអភិបាលរាជធានីភ្នំពេញ គឺមាត់ប្រឡាយមានទំហំ៨ម៉ែត្រនិងបាតប្រឡាយមានទំហំ៤ម៉ែត្ររួចរាល់ហើយនោះ ក្រុមការងារជំនាញនឹងត្រឡប់មកសំអាតជាថ្មីម្តងទៀត ដើម្បីឱ្យការងារនេះប្រព្រឹត្តិទៅតាមផែនការដែលបានគ្រោងទុក អាចកាត់បន្ថយការលិចលង់ដោយជំនន់ទឹកភ្លៀងនារដូវវស្សារខាងមុខ។ ការងារនេះអាចសម្រេចបានដោយរលូនមកដល់ពេលនេះ គឺមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជាប់មាត់ប្រឡាយ និងមានការយោគយល់ពីអ្នកដំណើរឆ្លងកាត់តំបន់ទាំងនោះផងដែរ។
លោក ហែម ដារិទ្ធ បញ្ជាក់ទៀតថា៖ ក្នុងដំណើរការស្តារប្រឡាយមេនេះ ក៏មានតំបន់មួយចំនួនយើងបានប្រើប្រាស់សាឡង់ដើម្បីដឹកគ្រឿងចក្រចុះស្តារនិងកាយប្រឡាយ ហើយក៏មានទីតាំងមួយចំនួនទៀតត្រូវកាត់ផ្តាច់ផ្លូវជាបណ្តោះអាសន្នផងដែរ ប៉ុន្តែក្រុមការងារនឹងរៀបចំដាក់លូនិងសង់ស្ពានចំនួន៨កន្លែង ដើម្បីបង្ករលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋធ្វើដំណើរចេញចូលភូមិដែលគាត់រស់នៅ។
លោកបន្ថែមទៀតថា៖ ពិតណាស់ថា ការងារនេះជាប្រយោជន៍រួមរបស់យើងទាំងអស់គ្នា ជាពិសេសរាជធានីភ្នំពេញអាចកាត់បន្ថយការលិចលង់ដោយជំនន់ទឹកភ្លៀងក្នុងរដូចវស្សាបានក៏ពិតមែនប៉ុន្តែក៏មានសប្បុរសជនមួយចំនួនបានចូលរួមបរិច្ចាកដីជាកម្មសិទ្ធផ្ទាល់ខ្លួនមួយចំណែក ដើម្បីផ្តល់លទ្ធភាពឱ្យអាជ្ញារធរធ្វើការងារនេះសម្រេចបានតាមប្លង់មេនិងទាន់ពេលវេលា។ បើទោះជាមិនអាចកំណត់ការបរិច្ឆេទបានថា ការងារស្តារប្រឡាយមេទួលពង្រ១នេះនឹងរួចរាល់នៅពេលណាជាក់លាក់ក៏ដោយ ប៉ុន្តែលោកអភិបាលខណ្ឌពោធិសែនជ័យបានអះអាងថា៖ ថ្នាក់ដឹកនាំនិងមន្រ្តីជំនាញបានខិតខំពន្លឿនការងារឱ្យបានឆាប់តាមតែអាចធ្វើទៅបាន គឺមិនឱ្យដល់រដូវវស្សានោះទេ។
សូមបញ្ជាក់ជូនថា៖ ប្រឡាយមេទួលពង្រ១ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ប្រឡាយនេះ តភ្ជាប់ជាមួយប្រឡាយទួលពង្រទី២ ដោយឆ្លងកាត់សង្កាត់ចំនួន៣មាន៖ សង្កាត់ចោមចៅទី១ទី២ និងចោមចៅទី៣ ក្នុងខណ្ឌពោធិសែនជ័យ មានប្រវែងជាង៤គីឡូម៉ែត្រ។ ប្រឡាយនេះ ដើរតួនាទីសំខាន់ណាស់ អាចរំដោះជំនន់ទឹកភ្លៀងក្នុងសង្កាត់ទាំង៣ខាងលើ ទំលាក់ទៅប្រឡាយលូ៥ កាត់បន្ថយការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធនានាប៉ែកខាងត្បូងឈៀងខាងលិចរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង