អាវុធហត្ថស្រុកចិត្របុរី និងរដ្ឋបាលព្រៃឈើក្រចេះ បង្រ្កាបរថយន្ដសាំយ៉ុងដឹកឈើប្រណិត ចំនួន២គ្រឿង
ក្រចេះ ៖ កម្លាំងអាវុធហត្ថស្រុកចិត្របុរី សហកាជាមួយផ្នែករដ្ឋបាលព្រៃឈើក្រចេះ ចុះបង្រ្កាបរថយន្ដសាំងយ៉ុងដឹកសិប្បកម្ម
បង្កប់ឈើប្រណិតចំនួន ២គ្រឿង នៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៧ ចំណុចភូមិបន្ទាយ
ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។
លោកវរសេនីយ៍ត្រី អ៊ឹម ចិត្រា មេបបញ្ជាការអាវុធហត្ថស្រុកចិត្របុរី ដែលដឹកនាំប្រតិបត្តិការនេះ បានឲ្យដឹងថា
ដោយអនុវត្តតាមទិសដៅផែនការសកម្មភាព និងក្រោមការចង្អុលបង្ហាញរបស់លោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន
មេបញ្ជាការកងរាជអវុធហត្ថខេត្ត លោកបានដឹកនាំកម្លាំង ចុះល្បាតតាមផ្លូវ និងសហការជាមួយជំនាញរដ្ឋបាលព្រៃឈើ
ក៏បានប្រទះឃើញ រថយន្ដដឹកសិប្បកម្មចំនួន ២គ្រឿង ដែលគួរសង្ស័យ ក៏បានឃាត់ដើម្បីធ្វើការឆែកឆេរ
ក៏រកឃើញនូវឈើប្រណិតជាច្រើនម៉ែត្រ ដែលក្រុមឈ្មួញទាំងនោះ ដាក់បង្កប់នូវពីខាងក្រោម ទ្វារបង្អួច ដើម្បីបន្លំភ្នែកពីសមត្ថកិច្ចចម្រុះ
។
លោកបានបញ្ជាក់ទៀតថា ការបង្រ្កាបរថយន្ដដឹកឈើទាំងពីរគ្រឿងនោះ ដោយមិន បានស្គាល់ពីអត្តសញ្ញាណអ្នកបើកបររថយន្ដ
ឬម្ចាស់ឈើនោះទេ ព្រោះពេលកម្លាំងឃាត់ រថយន្ដបានអ្នកបើកបរបានបើកទ្វារត់គេចខ្លួនបាត់តែម្ដង។
លោក ជ្រុន សៅ នាយរងផ្នែករដ្ឋបាលព្រៃឈើក្រចេះ បានឲ្យដឹងថា រថយន្ដទាំង ២គ្រឿងនោះ ផ្ទុកឈើប្រភេទឈើប្រណិត មានឈើធ្នង់
តាត្រាវ និងសុក្រំ ។ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចបាននាំយកទៅស្ថានីយ៍បណ្ដុះកូនឈើខ្សារ ដើម្បីធ្វើការវាស់វែង
និងចាត់ការតាមច្បាប់រដ្ឋបាលព្រៃឈើ ៕