ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជប៉ុនផ្ដល់ថចកា ១១៦,១៧៤ ដុល្លារអាមេរិក សម្រាប់កាអភិវឌ្ឍផ្លូវក់អត្តពលកម្មចំនួន៨ខ្សែ និងការសាងសង់កន្លែងលាងដៃ

45

 

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​០៥ ខែមីនា រដ្ឋាភិបាល​ជប៉ុន​បាន​ឯកភាព​ផ្តល់​ជំនួយឥតសំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​ផ្នែក​វប្បធម៌ (​ជំនួយ​គូ​សាណូ​ណិ​ផ្នែក​វប្បធម៌​) នូវ​ថវិកា​ចំនួន​៩០,៦៤០ ដុល្លា​អាមេរិក សម្រាប់​ការអភិវឌ្ឍ​ផ្លូវ​រត់​អត្តពលកម្ម​ចំនួន​៨​ខ្សែ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា ព្រមទាំង​ផ្តល់​ជំនួយឥតសំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ (​ជំនួយ​គូ​សាណូ​ណិ​) នូវ​ថវិកា​ចំនួន ២៥,៥៣៤ ដុល្លារ​អាមេរិក សម្រាប់​ការសាងសង់​កន្លែង​លាងដៃ​នៅក្នុង​សាលារៀន​ចំនួន​៦ នៅ​ភាគ​ខាងលិច​នៃ​ខេត្តស្ទឹងត្រែង​។

​ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន និង​អ្នកតំណាង​អង្គភាព​ទទួល​ជំនួយ​ទាំងពីរ​បាន​ចុះហត្ថលេខា លើ​កិច្ចសន្យា​ផ្តល់ជំនួយ​របស់​ពួកគេ​។ យើង​ជឿជាក់ថា​ជំនួយ​ទាំងនេះ នឹង​ជួយ​កែលម្អ​គុណភាព​ជីវិត សម្រាប់​ប្រជាជន​នៅក្នុង​ទីតាំង​គម្រោង​នីមួយៗ​។ ភាគី​ទាំង​ពីរបាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់ជំនួយ ដាច់ដោយឡែក​ពីគ្នា ដើម្បី​ចូលរួម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ទប់ស្កាត់ ការរីក​រាលដាល​ចូល​សហគមន៍​នៃ​វីរុស​កូ​វីដ​១៩ ដែល​ហៅថា “​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​”​។​

​គម្រោង​ដូចតទៅ​៖

១. គម្រោង​សាងសង់​ផ្លូវ​រត់​អត្តពលកម្ម​ចំនួន ៨ ខ្សែ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា​។ ថវិកា​ចំនួន ៩០,៦៤០ ដុល្លារ​អាមេរិក​) អង្គភាព​ទទួល​ជំនួយ​៖ វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា (NIPES)​។​

​នៅក្នុង​គម្រោង​នេះ​ផ្លូ​វ៉ា​ត់​អត្តពលកម្ម​ចំនួន​៨​ខ្សែ នឹង​ត្រូវបាន​សាងសង់​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា (NIPES) ។ NIPES គឺជា​វិទ្យាស្ថាន​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា ដែល​បណ្តុះបណ្តាល​គ្រូ​អប់រំ​កាយ​សម្រាប់​អនុវិទ្យាល័យ ហើយ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ​អប់រំ​កាយ​នៅ​កម្ពុជា​។ ទោះយ៉ាងណា​ក៏ដោយ មិនមាន​ផ្លូវ​រត់​អត្តពលកម្ម​នៅ NIPES ទេ ជាហេតុ​បណ្តាល​ឲ្យ​គរុ​សិស្ស ត្រូវ​ទៅប្រើ​ប្រាស់​ទីលាន​អត្តពលកម្ម​ផ្សេងទៀត ដែល​នៅ​ឆ្ងាយ ឬ​ប្រើប្រាស់​ផ្លូវ​ធ្វើ​ចរណ៍​សម្រាប់ ថ្នាក់រៀន និង​ការប្រឡង ដែល​បណ្តាលឱ្យមាន​បញ្ហា​មួយចំនួន ដូចជា​ហានិភ័យ​ខ្ពស់​នៃ​គ្រោះថ្នាក់​ចរាចរណ៍ និង​ភាពអយុត្តិធម៌ នៅក្នុង​ការប្រឡង​។ តាមរយៈ​គម្រោង​នេះ គរុ​សិស្ស និង​គ្រូ​ប្រមាណ ៤០០​នាក់ នៅ NIPES និង​សិស្ស​ជាង ៩៣៨,០០០ នាក់ មកពី​សាលារៀន​ជិតខាង នឹង​អាច​ប្រើប្រាស់​ផ្លូវ​រត់​អត្តពលកម្ម​ថ្មី​នេះ សម្រាប់​ការប្រលង និង​ព្រឹត្តិការណ៍​កីឡា​ផ្សេងៗ ព្រមទាំង អាច​ទទួលបាន​ការអប់រំ​រាងកាយ​ប្រសើរ​ជាង​មុន​។​

២. គម្រោង​សាងសង់​កន្លែង​លាងដៃ​នៅក្នុង​សាលារៀន​ចំនួន​៦ នៅ​ភាគ​ខាងលិច​នៃ​ខេត្តស្ទឹងត្រែង​។ (​ថវិកា​ចំនួន ២៥,៥៣៤ ដុល្លារ​អាមេរិក​) អង្គភាព​ទទួល​ជំនួយ​៖ មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តស្ទឹងត្រែង​។​

​នៅក្នុង​គម្រោង​នេះ​កន្លែង​លាងដៃ និង​ស៊ីទែន​ទឹក នឹងត្រូវ​សាងសង់​នៅក្នុង​សាលារៀន​ចំនួន​៦ នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ និង ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​។ ទោះបីជា​វីរុស​កូ​វីដ​១៩ បានបង្ហាញ​ពី​សារៈសំខាន់​នៃ​អនាម័យ​ដៃ ដើម្បី​ការពារ​ការរីក​រាលដាល នៃ​ជំងឺ​នេះ​យ៉ាងណាក៏ដោយ សាលារៀន​ជាច្រើន​នៅក្នុង​តំបន់​នេះ មិនមាន​កន្លែង​សមរម្យ​សម្រាប់​លាងដៃ និង​ទឹកស្អាត​នោះទេ ដែល​អាចធ្វើឱ្យ​សិស្ស​ប្រឈម​នឹង​ជំងឺ​រាគរូស និង​ជំងឺ​រលាក​សួត​។ គម្រោង​នេះ​នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​អនាម័យ​សម្រាប់​សិស្ស ប្រមាណ ៨៤០ នាក់ និង​គ្រូ​ចំនួន ៤០ នាក់ នៅក្នុង​សាលារៀន​ចំនួន​៦ នៅក្នុង​តំបន់ ព្រមទាំង​ជួយ​ការពារ​ជំងឺឆ្លង​ផ្សេងៗ​រួមទាំង កូ​វីដ​១៩ ផងដែរ​។​

​ជំនួយ​ទាំងនេះ គឺ​ផ្អែកលើ​ការប្តេជ្ញាចិត្ត​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​សហប្រធាន​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស មេគង្គ ជប៉ុន លើក​ទី​១៣ នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២០ ដែល​បាន​ថ្លែងថា ការអនុវត្ត​ជំនួយឥតសំណង សម្រាប់​គម្រោង​ទ្រង់ទ្រាយ តូច​សន្តិសុខ​មនុស្សជាតិ​ឆ្នាំ​២០២០ ក្រោម​គំនិត​ផ្តួចផ្តើម​គូ​សាណូ​ណិ​មេគង្គ​សម្រាប់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ដែលមាន​ទឹកប្រាក់​សរុប​ប្រមាណ ៩១​លាន​ដុល្លារ​អាមេរិក មាន​គោលបំណង​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមកិច្ច នៅ តាម​ភូមិ​ស្រុក​ថ្នាក់មូលដ្ឋាន​ទូទាំង​តំបន់​មេគង្គ​។​

​គម្រោង​វប្បធម៌ “​គូ​សាណូ​ណិ​” របស់​ប្រទេស​ជប៉ុន គាំទ្រ​ដោយផ្ទាល់​ដល់​ការអនុវត្ត​គម្រោង​វប្បធម៌ កីឡា និង​ការអប់រំ​ថ្នាក់ ឧ​ត្ត​មសិ​ក្សា និង​គម្រោង​អរ​ក្ស​បេ​ពិ​ក​ភណ្ឌ​វប្បធម៌​នានា ដែល​ធ្វើឡើង​ដោយ​អង្គ​ការមិន​ស្វែងរក​ប្រាក់ចំណេញ ដែល​ធ្វើការ យ៉ាងសកម្ម​នៅ​ថ្នាក់មូលដ្ឋាន​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​។ ជាមួយគ្នានេះ​ផងដែរ ជំនួយឥតសំណង​គូ​សាណូ​ណិ​របស់​ជប៉ុន បានចាប់ផ្តើម​នៅ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​១៩៩១ ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុងការ​អភិវឌ្ឍ និង​ស្ថាបនា ប្រទេស​ឡើងវិញ នៅតាម​កម្រិត​មូលដ្ឋាន និង ។ ជំនួយ​នេះ មាន​ទិសដៅ​ការពារ​ជន​ងាយ​រងគ្រោះ​ពី​កត្តា​មួយចំនួន​ដូចជា ភាពក្រីក្រ /​ឬ ភា​អកុសល​នានា ដែល​អាច​គំរាមកំហែង​ដោយផ្ទាល់​ដល់​អាយុជីវិត ជីវភាព​រស់នៅ និង​សេចក្តីថ្លៃថ្នូរ​របស់​ពួកគេ ក៏ ដូចជា​ជួយ​ជម្រុញ​នូវ ភាព​ម្ចាស់ លើ​ខ្លួនឯង​របស់​ប្រជា​សហគមន៍​។ ចាប់តាំងពី​ឆ្នាំ​១៩៩១ រដ្ឋាភិបាល​ជប៉ុន បានផ្តល់​ថវិកា ជាង ៦៣​លាន ដុល្លារ​អាមេរិក ដល់​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការក្រៅរដ្ឋាភិបាល ដើម្បី​អនុវត្ត​គម្រោង​គូ​សាណូ​ណិ​ចំនួន ៦៤២ គម្រោង​នៅ​ទូទាំងប្រទេស​កម្ពុជា​។​

​លោក ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព របស់​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងថា យើង​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់​ជំនួយឥតសំណង តាមរយៈ​ការផ្លាស់ប្តូរ​កិច្ចសន្យា​តាម ប្រៃសណីយ៍ ដោយ​មិន​មានការ​ប្រារព្ធ​ពិធី​ទេ ដោយសារ​ការឆ្លង​រីក​រាលដាល​ចូល​សហគមន៍​នៃ​វីរុស កូ​វីដ​១៩ កាលពី​ថ្ងៃទី ២០ ខែកុម្ភៈ និង​ដើម្បី​កាត់បន្ថយ​ហានិភ័យ​ពាក់ព័ន្ធ​នឹង​វីរុស​កូ​វីដ​១៩​។ ខ្ញុំ​សង្ឃឹម យ៉ាង​មុតមាំ​ថា ស្ថានភាព​នឹងមាន​ភាពប្រសើរឡើង​ក្នុងពេល​ឆាប់ៗ​នេះ​។​

​ចាប់តាំងពី​ឆ្នាំ ១៩៩១ បន្ថែម​លើ​គម្រោង​ឥណទាន​និង​ជំនួយឥតសំណង​ខ្នាត​ធំ រដ្ឋាភិបាល​ជប៉ុន បាននិងកំពុង​អនុវត្ត​គម្រោង KUSANONE នៅ​កម្ពុជា ដើម្បី​ជួយ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការ​ក្រៅ រដ្ឋាភិបាល​ក្នុងការ​អនុវត្ត​គម្រោង​របស់​ពួកគាត់​។ KUSANONE មានន័យថា “​ឬ​ស​ស្មៅ​” ក្នុង​ភាសា​ជប៉ុន​។ នៅក្នុង​រយៈពេល ៣​ទស្ស​វតន៍​ចុង​ក្រោយនេះ ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា បាន​ចូលរួម ចំណែក​ក្នុង​គម្រោង​ជាង​៦០០ តាមរយៈ​ជំនួយឥតសំណង KUSANONE​។ យើង​មាន​សេចក្តី សោមនស្ស​រីករាយ​ដែល​គម្រោង​ទាំងនេះ បាន​ចូលរួមចំណែក​ដោយផ្ទាល់ ក្នុងការ​កែលម្អ​គុណភាព​នៃ ជីវភាព​របស់​ប្រជាជន​កម្ពុជា​នៅ​កម្រិត​មូលដ្ឋាន និង​ការលើកកម្ពស់​វប្បធម៌ និង​ការអប់រំ​ថ្នាក់​ឧ​ត្ត​ម សិក្សា​នៅ កម្រិត​មូលដ្ឋាន​។​

​លោក​ឯកអគ្គរាជទូត សង្កេតឃើញថា​នាពេល​ថ្មីៗ​នេះ ប្រទេស​កម្ពុជា បាននិងកំពុង​មានកា​រ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​។ ទោះបីជា​យ៉ាងណាក៏ដោយ ខ្ញុំ​ក៏​ទទួលស្គាល់ថា​នៅតែមាន បញ្ហា​ប្រឈម​មួយចំនួន​ដែល​ត្រូវ​ដោះស្រាយ ដើម្បី​លើកកម្ពស់​គុណភាព​នៃ​ជីវភាព​រស់នៅ​របស់​ប្រជាជន​។ លើសពីនេះ ការដោះស្រាយ​ឲ្យ​បាន​ដិតដល់​នូវ​បញ្ហា​ពាក់ព័ន្ធ​នឹង​សុខភាព​និង​អនាម័យ​ក៏ កាន់​តែមាន​សារៈសំខាន់​ផងដែរ ជាពិសេស​នៅពេលដែល មានការ​គម្រាម​គំហែង ពី​វីរុស​កូ​វីដ​១៩ ទៅ​ទូទាំង​ពិភពលោក​។ ប្រទេស​ជប៉ុន​នឹង​បន្ត​ចូលរួមចំណែក​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនោះ តាមរយៈ​គ្រោងការណ៍​សហប្រតិបត្តិកា​រ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​ផ្សេងៗ រួមទាំង “​គូ​សាណូ​ណិ​” ផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង