ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ ពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាលើ តម្លៃលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនរបស់គណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជី រថយន្ត
ភ្នំពេញ៖នៅថ្ងៃសុក្រ ទី០៥ ខែមីនា ឆ្នាំ២០២១ នៅ ទីស្តីការក្រសួង ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ និងពិភាក្សាលើតម្លៃលេខចុះបញ្ជីពិសេសផ្ទាល់ ខ្លួន ដោយមានការចូលរួមពីសមាជិកសមាជិកាគណៈកម្មកាអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះ បញ្ជីរថយន្ត និងមន្ត្រីជំនាញអង្គភាពពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំនេះផ្តោតជាសំខាន់លើការពិភាក្សាវឌ្ឍនភាពការងារទាក់ទងនឹងការគ្រប់គ្រងការចុះបញ្ជីយានយន្ត និងរូបមន្តកំណត់តម្លៃលក់លេខពិសេសផ្ទាល់ខ្លួននៅក្នុងប្រព័ន្ធអនឡាញ សំដៅធានាបាន នូវការគ្រប់គ្រង និងការប្រមូលចំណូលថវិកាជាតិឱ្យបានច្រើនឡើងថែមទៀត។
ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យសមាជិកសមាជិកាគណៈកម្មការអន្តរក្រសួងខិតខំប្រឹងប្រែងចុះផ្សព្វផ្សាយអំពីការលក់លេខពិសេសផ្ទាល់ខ្លួនទៅកាន់ បណ្ដាក្រុមហ៊ុនឯកជនធំៗនានាដែលមានបំណងចង់ប្រើប្រាស់លេខពិសេសផ្ទាល់ខ្លួន ដើម្បីកៀងគរចំណូលថវិកាជាតិឱ្យបានច្រើនថែមទៀត។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបជូនផងដែរអំពីគម្រោងអភិវឌ្ឍកម្មវិធី (App) កាត់ពិន្ទុបណ្ណបើកបររបស់អ្នកបើកបរដែលល្មើសច្បាប់ចរាចរណ៍ដូចជា៖ បើកបរអត់ពាក់ខ្សែក្រវ៉ាត់ បើកបរហួសល្បឿនកំណត់ និងបើកបររំលោភភ្លើងសញ្ញាចរាចរណ៍ជាដើម ដោយក្នុងកម្មវិធីនោះប៉ូលិសអាចធ្វើការកាត់ពិន្ទុលើបណ្ណបើកបររបស់អ្នកបើកបរដែលល្មើសនោះបានភ្លាមៗតែម្តង។
ឯកឧត្ដមទេសរដ្ឋមន្ត្រី បានសម្តែងនូវមោទនភាពយ៉ាងខ្លាំងដែលកម្ពុជា ពិសេស ក្រសួងសាធារណ ការ និងដឹកជញ្ជូនមានសមត្ថភាពអាចប្រើប្រាស់យន្តការបច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីសម្រួលដល់ការ ផ្ដល់សេវាសាធារណៈស្របតាមការរីកចម្រើនខាងបច្ចេកវិទ្យាព័ត៌មានវិទ្យាសកល និងបដិវត្តឧស្សាហកម្ម៤.០ ដើម្បីគ្រប់គ្រង និងប្រមូលចំណូលជូនរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព និងចំណេញពេលវេលា។
គួររំលឹកផងដែរថា៖ ប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានដាក់ឱ្យ ដំណើរជាផ្លូវការនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋ មន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានគោលដៅជាចម្បងក្នុងការកាត់ បន្ថយនូវនីតិវិធីស្មុគស្មាញក្នុងការបំពេញឯកសារ ក៏ដូចជាបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធ ភាព ឆាប់រហ័ស និងជៀសវាងបាននូវការចំណាយក្រៅផ្លូវការ៕