អភិបាលរាជធានីជំរុញឲ្យអាជ្ញាធរខណ្ឌ ទាំង១៤ ចុះស្រង់ស្ថិតិប្រជាពលរដ្ឋ ពិសេស ប្រជាពលរដ្ឋមានអាយុចាប់ពី៦០ឆ្នាំឡើង ដើម្បីបញ្ជូនឈ្មោះទៅចាក់វ៉ាក់សាំងកូវីដ-១៩ អោយមានគម្លាតសុវត្ថិភាព
ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេងបានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះស្រង់ស្ថិតិប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេស ប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅអោយបានច្បាស់លាស់ ដើម្បីបញ្ជូនឈ្មោះពួកគាត់ទៅចាក់វ៉ាក់សាំងកូវីដ–១៩ ខណៈដែរ ការចាក់វ៉ាក់សាំងដើម្បីការពារជំងឺកូវីដ–១៩នេះ ត្រូវប្រជាពលរដ្ឋ សម្រុកទៅចាក់យ៉ាងច្រើនកុះករ ដែលធ្វើអោយមិនមានគំលាតសុវត្ថិភាពនោះ ។
ការជំរុញនិងណែនាំបែបនេះរបស់លោកឃួង ស្រេងនេះ បានធ្វើឡើងនាព្រឹកថ្ងៃអាទិត្យទី០៧ខែមិនានេះ ក្នុងកិច្ចប្រជុំបន្ទាន់មួយជាមួយអាជ្ញាធរខណ្ឌទាំង១៤និងតំណាងក្រសួងសុខាភិបាលនៅសាលារាជធានីភ្នំពេញ ។
លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា ប៉ុន្មានថ្ងៃកន្លងមកនេះ ការចាក់វ៉ាក់សាំងកូវីដ–១៩ ឃើញថាមានប្រជាពលរដ្ឋបានសម្រុកទៅចាក់នៅតាមមន្ទីរពេទ្យដែលរៀបចំដោយក្រសួងសុខាភិបាល
យ៉ាងច្រើនកុះករ នាំអោយមិនមានគម្លាតសុវត្ថិភាព ។ដោយមើលឃើញពីស្ថានភាពនេះក្រសួងសុខា
ភិបាលបានប្រកាសព័ត៌មានមួយ ដើម្បីផ្អាកជាបណ្ដោះអាសន្ននូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ–១៩ ដោយចាប់ពីថ្ងៃទី០៧ដល់ថ្ងៃទី១០ខែមិនា ។ ទន្ទឹមនេះលោកអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំទៅអាជ្ញាធរខណ្ឌទាំង១៤ឱ្យស្រង់ស្ថិតិប្រជាពលរដ្ឋ និងកំណត់ប្រជាពលរដ្ឋដែលត្រូវទៅចាក់វ៉ាក់សាំងនេះឲ្យបានច្បាស់លាស់ ដើម្បីរក្សាគម្លាតសុវត្ថិភាពពេលដែលបងប្អូនប្រជាពលរដ្ឋនៅទួលការចាក់វ៉ាក់សាំងនៅថ្ងៃ១០ មិនាខាងមុខនេះ។
លោកបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋដែលត្រូវទៅចាក់វ៉ាក់សាំងកូវីដ–១៩ ត្រូវចុះឈ្មោះនៅសាលាសង្កាត់ ឬសាលាខណ្ឌដើម្បីឲ្យអាជ្ញាធរខណ្ឌរៀបចំឈ្មោះបងប្អូនបញ្ជូនទៅចាក់វ៉ាក់សាំង ដោយកំណត់ថ្ងៃនិងពេលវេលាច្បាស់លាស់ចៀសវាងការទៅចាក់វ៉ាក់សាំង មិនមានគម្លាតសុវត្ថិភាព។
លោកឃួង ស្រេង ក៏បានបញ្ជាក់ទៀតថា ចំពោះអាជ្ញាធរសង្កាត់ដែលបញ្ចេញឈ្មោះប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងអាជ្ញាធរ សង្កាត់ខណ្ឌត្រូវចុះផ្ទាល់ដល់ទីតាំងដែលទទួលការចាក់វ៉ាក់សាំងនោះ ហើយអាជ្ញាធរសង្កាត់នេះឯងក៏ជាអ្នករៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយ និងការរៀបចំគម្លាតសុវត្ថិភាពផងដែរ ដើម្បីជួយសម្រួលការងារខាងមន្ទីរពេទ្យផងដែរ។
គួរបញ្ជាក់ផងដែរថា បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលដែលបានចេញនៅព្រឹកថ្ងៃទី០៧ មិនានេះបានបែងចែកមន្ទីរពេទ្យយ៉ាងច្បាស់លាស់ដើម្បីទទួលការចាក់វ៉ាក់សាំងនេះផងដែរ ដោយអនុវត្តចាប់ពីថ្ងៃទី១០ មិនានេះ តទៅ ក្នុងនោះមន្ទីរពេទ្យកាល់ម៉ែត គឺជាទីកន្លែងដែលអនុញ្ញាតឱ្យចាក់សម្រាប់ឥស្សរជនជាន់ខ្ពស់ដែលមានតួនាទីចាប់ពីថ្នាក់រដ្ឋលេខាធិការឡើង ទៅ និងមន្ត្រីការទូត មន្ត្រីអង្គការសហប្រជាជាតិ តំណាងហិរញ្ញវត្ថុអន្តរជាតិអង្គការអន្តរជាពិ និងអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ។
ចំពោះថ្នាក់ជាតិត្រូវទៅចាក់នៅ ១. មន្ទីរពេទ្យកាល់ម៉ែត ២. មន្ទីរពេទ្យព្រះអង្គឌួង ៣. មន្ទីរពេទ្យមិត្តភាពខ្មែរ–សូវៀត ៤. មន្ទីរពេទ្យកុមារជាតិ ៥. មន្ទីរពេទ្យមិត្តភាពកម្ពុជា–ចិន ព្រះកុសុមៈ។
នៅរាជធានីភ្នំពេញត្រូវទៅចាក់នៅ ១. មន្ទីរពេទ្យរាជធានីភ្នំពេញ ២. មន្ទីរពេទ្យបង្អែកព្រែកព្នៅ ៣. មន្ទីរពេទ្យបង្អែកច្បារអំពៅ ៤, មន្ទីរពេទ្យបង្អែកដង្គោ ៥. មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា–ចិន សែនសុខ ៦. មន្ទីរពេទ្យបង្អែកចតុមុខ ៧. មន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ ៨. មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ។
នៅខេត្តកណ្តាល ១. មន្ទីរពេទ្យជ័យជំនះ ២. មន្ទីរពេទ្យបង្អែកខ្សាច់កណ្តាល ៣. មន្ទីរពេទ្យបង្អែកស្អាង ៤. មន្ទីរពេទ្យបង្អែកពញាឮ ៥. មន្ទីរពេទ្យបង្អែកលើកដែក ៦.មន្ទីរពេទ្យបង្អែកកោះធំ ៧. មន្ទីរពេទ្យបង្អែកប៊ុនរ៉ានី រការកោង ៨. មន្ទីរពេទ្យបង្អែកអង្គស្នួល ៩. មន្ទីរពេទ្យបង្អែកកៀនស្វាយ១០. មន្ទីរពេទ្យបង្អែកល្វាឯម ១១. មន្ទីរពេទ្យបង្អែកកណ្តាលស្ទឹង ។
ចំពោះខេត្តព្រះសីហនុ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕