ប្រធានផ្សារធំថ្មីអំពាវនាវ ដល់អាជីវករក្នុងផ្សារយកចិត្តទុកដាក់ការពារខ្លួនពីជំងឺកូវីដ-១៩ បើនរណាម្នាក់ឆ្លង ទីផ្សារទាំងមូលនឹងត្រូវបិទបណ្តោះអាសន្ន
ភ្នំពេញ៖ ប្រធានគណៈកម្មការគ្រប់គ្រងផ្សារធំថ្មី លោកស្រីប៉ុន ដានី បានថ្លែងអំពាវនាវជាថ្មីទៀតឲ្យបងប្អូនអាជីវករលក់ដូរក្នុងផ្សារទាំងអស់ត្រូវយកចិត្តទុកដាក់ឲ្យ បានខ្ពស់តាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ–១៩ ក្នុងព្រឹត្តិការសហគមន៏២០កុម្ភះនេះ ។ផ្ទុយទៅវិញ បើបងប្អូនមានការធ្វេសប្រហែស ហើយមាននរណាម្នាក់ឆ្លងនោះ ទីផ្សារទាំងមូលនឹងត្រូវបិទជាបណ្តោះអាសន្ន នោះយើងខាតបង់ទាំងអស់គ្នា។
ការអំពាវនាវបែបនេះរបស់លោកស្រីប្រធានគណៈកម្មការផ្សារ និងក្រុមការងារផ្សារបានធ្វើឡើងនាថ្ងៃទី០៧ មិនាឆ្នាំ២០២១នេះ ខណៈដែរលោកស្រីនិងក្រុមការងាររបស់គណៈកម្មការគ្រប់គ្រងផ្សារធំថ្មី ដើរចែកម៉ាសរាប់ពាន់បន្ទះដល់បងប្អូនអាជីវករ ក៏ដូចអតិថិជន ចេញ ចូលទិញឥវ៉ាន់ ក្នុងទីផ្សារនេះ។
លោកស្រីប៉ុន ដានី បានមានប្រសាសន៍លើកឡើងថា លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន
យកចិត្តទុកដាក់ណាស់ ដើម្បីបង្ការនិងទប់ស្កាត់ជម្ងឺកូវីដ–១៩ ដោយកន្លងមកនេះផ្សារទាំង២៥នៅក្នុងរាជធានីត្រូវបានលោកឃួង ស្រេងចែកម៉ាស អាកុល ម៉ាស៊ីនវាស់កំដៅបាញ់កំដៅជាច្រើនលើកមកហើយ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ជម្ងឺកូវីដ–១៩នេះអោយបាន។
លោកស្រីបន្តថា ក្នុងផ្សារត្រូវពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នារួមទាំងការវ៉ាស់កំដៅពេលចេញចូល ផ្សារដែលមាន៩កន្លែង,ការដាក់QR Codeរួមទាំងការណែនាំបងប្អូនជាប់ជាប្រចាំ ទាំងអ្នកលក់និងអ្នកចេញចូលផ្សារ និងមានកន្លែងលាងដៃ មានសាប៊ូនិងជែល ផងដែរ។
លោកស្រីប៉ុន ដានី លើកឡើងថា តាមការពិនិត្យជាក់ស្តែងឃើញថា បងប្អូនអាជីវករក្នុងផ្សារធំថ្មីមានការយល់ដឹងនិងភ្ញាក់រលឹកចេះការពារខ្លួនដោយខ្លួនឯងភាគច្រើនហើយនឹងចេះការពារខ្លួនពីការចម្លងជំងឺកូវីដ–១៩បានល្អ។ ទោះបីពេលនេះអតិថិជនចូលផ្សារមានការថយចុះមែនដោយសារខ្លាចឆ្លងជំងឺកូវីដ–១៩ក៏ការប្រុងប្រយត្ន័ការអនុវត្តវិធានការ៣កុំនិង៣ការពារត្រូវបានប្រកាន់ខ្ជាប់ជានិច្ច៕