អភិបាលខេត្ដប៉ៃលិនថា៖ ការដឹងសុខទុក្ខដល់បងប្អូនអតីតយុទ្ធជនជាការឆ្លើយតបទៅនឹងគោលនយោ បាយរបស់រាជរដ្ឋាភិបាល
ប៉ៃលិន៖ លោកស្រី បាន ស្រីមុំ ឣភិបាលខេត្ត និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ព្រមទាំងក្រុមការងារ និងអាជ្ញាមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយទៅឧបត្ថម្ភដល់បងប្អូនអតីតយុទ្ធជន ចំនួន ៨០គ្រួសារ មកពីឃុំទាំង ០៤ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយក្នុងមួយគ្រួសារៗទទួលបាន៖ ឣង្ករ ,ទឹកស៊ីអ៊ីវ, ត្រីខ, មី, ឣាល់កុល និងថវិកា ចំនួន ៥ម៉ឺនរៀល ដែលជាឣំណោយរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី០៧ មីនា ឆ្នាំ២០២១ ។
លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បាន បញ្ជាក់ថា៖ ការចុះសាកសួរសុខទុក្ខដោយផ្ទាល់នៅមូលដ្ឋាន ជាមួយបងប្អូនអតីតយុទ្ធជនកម្ពុជា គឺជាកត្តាដ៏សំខាន់សំរាប់ធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលា នូវបញ្ហាប្រឈមដែលកើតឡើងលើពួកគាត់ រួមមាន៖ ជីវភាពក្រីក្រ គ្មានទីពឹង គ្មានលំនៅឋាន ជាដើម ដូច្នេះថ្នាក់ដឹកនាំខេត្តប៉ៃលិន ក៍ដូចជាថ្នាក់ដឹកនាំ និងសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ត្រូវយកចិត្តទុកដាក់ជួយសាងសង់ផ្ទះសំបែង ផ្តល់ដីបង្កបង្កើនផល ព្រមទាំងឧបត្ថម្ភថវិកា ស្បៀងអាហារផ្សេងៗ ជូនបងប្អូនដែលមានជីវភាពខ្វះខាត ដើម្បីឱ្យក្រុមគ្រួសារអតីតយុទ្ធជនយើង មានលទ្ធភាពបន្តការងារប្រកបមុខរបរចិញ្ចឹមជីវិត តាមលទ្ធភាពរៀងៗខ្លួន ព្រោះថាបងប្អូនបានធ្វើពលីកម្មបូជាសាច់ស្រស់ឈាមស្រស់ លះបង់កម្លាំងកាយចិត្ត និងក្តីសុខផ្ទាល់ខ្លួន ដើម្បីការពារជាតិមាតុភូមិ ក្នុងសម័យសង្គ្រាម ដោយដណ្តើមយកសន្តិភាពជូនដល់ប្រជាជាតិខ្មែរទាំងមូល។
លោកស្រី អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍បញ្ជាក់ថា៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងប្រជាជនកម្ពុជាគ្រប់រូប បានចងចាំនូវពលីកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបានចំពោះយុទ្ធជន យុទ្ធនារី ប្រជាជន និងអ្នកស្នេហាជាតិទាំងឡាយ ដែលបានធ្វើពលីកម្មបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនគ្រប់ដំណាក់កាល ព្រោះប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាម និងរបបប្រល័យពូជសាសន៍ដែលបានបំផ្លិចបំផ្លាញសង្គមជាតិខ្ទេចខ្ទីដល់ប្ញសគល់ ព្រមទាំងបានបន្សល់ទុកនូវអតីតយុទ្ធជន ដែលជាជនពិការ និវត្តន៍ជន ជនបាត់បង់សមត្ថភាពការងារ និងគ្រួសារយុទ្ធជនពលី មរណៈជាច្រើន ហើយចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មក រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជានិច្ចជាកាលបានគិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ តាមរយៈការអភិវឌ្ឍមូលដ្ឋាន ផ្តល់សម្ភារជួយជីវភាព ព្រមទាំងការចុះសួរសុខទុក្ខដល់អង្គភាពផងដែរ។
នៅក្នុងឱកាសនោះ លោកស្រី បាន ស្រីមុំ ក៍បានផ្តាំផ្ញើដល់បងប្អូនអតីតយុទ្ធជនកម្ពុជាទាំងអស់ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អ ហើយបើសិនមានអាការមិនស្រួល ឬសង្ស័យថាខ្លួនកើតជំងឺតម្កាត់ផ្សេងៗ ត្រូវយកប័ណ្ណ ប.ស.ស ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកខេត្ត ដែលនៅជិត ដើម្បីធ្វើការពិនិត្យ និងព្យាបាលជម្ងឺ ឱ្យបានទាន់ពេលវេលា ដោយឥតគិតថ្លៃ។
សូមបញ្ជាក់ថា៖ បច្ចុប្បន្នអតីត យុទ្ធជនកម្ពុជាខេត្តប៉ៃលិន មានចំនួនសរុប ១៣៧៩ នាក់ ក្នុងនោះយុទ្ធជនពិការ ចំនួន ៨១៧នាក់ និវត្តន៍ជន ចំនួន ៣៧១នាក់ បាត់បង់សមត្ថភាព ចំនួន ១៥នាក់ ពលី ១៤០នាក់ មរណៈចំនួន ៣៦នាក់ ក្នុងនោះមុខសញ្ញាដែលគ្មានដី គ្មានផ្ទះ និងរស់នៅលើដីសាធារណៈសរុប ៣៦ គ្រួសារ៕.សំរិត