ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ប្រើប្រាស់​ប្រព័ន្ធ QR Code “​ទប់ស្កាត់​កូ​វីដ Stop Covid”​ក្នុង​រយៈពេល ១២​ថ្ងៃ មាន​ទីតាំង​ចុះឈ្មោះ​បង្កើត QR Code ចំនួន ៩៩២២៤​កន្លែង

140

 

​ភ្នំពេញ ៖ បន្ទាប់ពី​ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ QR Code “​ទប់ស្កាត់​កូ​វីដ Stop Covid”​ក្នុង​រយៈពេល ១២​ថ្ងៃ មាន​ទីតាំង​ចុះឈ្មោះ​បង្កើត QR Code ចំនួន ៩៩២២៤​កន្លែង និង​មាន​បុគ្គល​ស្កេ​ន​តាម​ទីតាំង​ផ្សេងៗ​ជិត ៥​លាន​ដង​។​
​តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​នេះ អ្នក​ស្កេ​ន អាច​ទទួលបាន​ដំណឹង​ភ្លាមៗ ប្រសិនបើ​មាន​ករណី​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ហើយ ម្ចាស់​ទីតាំង អាច​ដឹង​ពី​ស្ថានភាព​បុគ្គល​ម្នាក់ៗ​ដែល​ទៅដល់​ទីតាំង​របស់ខ្លួន​។​

​ក្នុង​គោលបំណង​បន្ត​ការពារ​សុខភាព​សាធារណៈ និង​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ សូម​អំពាវនាវ​ដល់​បុគ្គល​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង មិនត្រូវ​ចាក​ចេញពីផ្ទះ ឬ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​ជា​កំហិត ក្នុងអំឡុងពេល ១៤​ថ្ងៃ​។​

​តាមរយៈ​ទិន្នន័យ​ប្រព័ន្ធ QR Code បាន​បង្ហាញថា ក្នុងចំណោម​បុគ្គល​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង​នៅផ្ទះ មាន​បុគ្គល​ខ្លះ បាន​ចាក​ចេញពីផ្ទះ​ដោយ​ចូល​ទីតាំង​ជាច្រើន​កន្លែង ដែលជា​ការ​ល្មើ​សនឹង​វិធាន​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​។ យោង​អនុក្រឹត្យ​លេខ​២៧ អនក្រ​.​បក ចុះ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ ស្តីពី​វិធានការ​ច​ត្តា​ឡី​ស័ក​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ អ្នក​គេចវេះ​មិន​ធ្វើ​ច​ត្តា​ឡី​ស័ក​នឹងត្រូវ​ទទួលពិន័យ​ពី ១​លាន​ដល់​៥​លាន​រៀល និង​ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​ព្រហ្មទណ្ឌ ជា​ធរមាន​។​

​ជាថ្មី​ម្ដងទៀត ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ សូម​ណែនាំ​ដល់​ម្ចាស់​ទីតាំង​ដែល​មិនទាន់បាន​ប្រើប្រាស់ QR Code នេះ សូមមេត្តា​រួសរាន់​បង្កើត QR Code សម្រាប់​ទីតាំង​របស់ខ្លួន​តាមរ​យៈ​គេហទំព័រ stopcovid.gov.kh​។ ម្ចាស់​ទីតាំង​ត្រូវ​តម្រូវឱ្យ​បុគ្គល​ចូល​ទីតាំង​របស់ខ្លួន ស្កេ​ន QR Code ដើម្បី​បានដឹង​ពី​ស្ថានភាព​ពាក់ព័ន្ធ​នឹង​ជី​ងឺ​កូ​វីដ​-១៩​របស់​បុគ្គល​ទាំងនោះ តាមរយៈ​ការបង្ហាញ​ពណ៌​លើ​អេក្រង់​ទូរ​សព្ទ​ក្រោយពេល​ស្កេ​ន ដូចខាងក្រោម​៖ ពណ៌​បៃតង បញ្ជាក់​ពី​ស្ថានភាព​ធម្មតា​៖ លោកអ្នក​អាច​អនុញ្ញាតឱ្យ​បុគ្គល​នោះ​ចូល​ដោយ​អនុវត្តតាម​វិធាន​សុខាភិបាល​។​

​ដោយឡែក ពណ៌​លឿង បញ្ជាក់​ពី​បុគ្គល​ដែល​បាន​ប៉ះពាល់​អ្នកជំងឺ​កូ​វីដ​-១៩​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ក្នុងអំឡុងពេល​១៤​ថ្ងៃ​ចុងក្រោយ និង​មិនទាន់​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក លោកអ្នក​អាច​សម្រេច​មិនឱ្យ​បុគ្គល​នោះ​ចូល​។ ពណ៌​ក្រហម បញ្ជាក់​ពី​ស្ថានភាព​ហានិភ័យ​ខ្ពស់​ថា​បុគ្គល​នោះ​មាន​ជំងឺ​កូ​វីដ​-១៩៖ លោកអ្នក​មិនត្រូវ​អនុញ្ញាតឱ្យ​បុគ្គល​នោះ​ចូល​ទីតាំង​របស់ខ្លួន​ទេ​។​
​ការចូលរួម​ប្រើប្រាស់​ប្រព័ន្ធ QR Code នេះ​ទាំងអស់គ្នា ដើម្បី​បង្កា​សុខភាព ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​សកល​នេះ និង​ជួយ​ឱ្យ​សកម្មភាព​ធុរកិច្ច​របស់លោក​អ្នក​អាច​នៅ​ដំណើរការបាន​ជាធម្មតា​តាមបែប​គន្លង​ថ្មី​៕​

អត្ថបទដែលជាប់ទាក់ទង