រៀនបច្ចេកទេសចិញ្ចឹមមាន់ ក្នុងវិបត្តិជំងឺកូវីដ១៩
បាត់ដំបង ៖ ប្រជាពលរដ្ឋរស់នៅខេត្តបាត់ដំបង មកពីរាជធានីនិងបណ្ដាខេត្តមួយចំនួន បានមកស្វែងរករៀនបច្ចេកទេសចិញ្ចឹមមាន់ ជំនាញវគ្គខ្លីៗ ពីអ្នកជំនាញនៅតាមក្រុមហ៊ុនឬអង្គការផ្សេងៗក្នុងខេត្តបាត់ដំបង ដើម្បីអនុវត្តបានត្រឹមត្រូវនិងអាចរកប្រាក់ចំណូលស
ម្រាប់ផ្គត់ផ្គង់គ្រួសារ ខណៈពិភលោកកំពុងមានការឆ្លងរីករាលដាលជំងឺកូវីដ១៩។
ប្រជាពលរដ្ឋជាសិស្សដែលមករៀនបច្ចេកទេសចិញ្ចឹមាន់ បានឲ្យដឹងថា ពួកគាត់ដែលកំពុងចិញ្ចឹមសត្វមាន់តាមបែបបុរាណ បើទោះបីបច្ចុប្បន្នមានទីផ្សារល្អ ប៉ុន្តែការចិញ្ចឹមជួបឧបសគ្គច្រើន ដែលមានទាំងការបាត់បង់នូវបរិមាណមាន់ ព្រោះការចិញ្ចឹមពេលឈឺពិបាកព្យាបាលនិងមាន់តែងងាប់ជាបន្តបន្ទាប់។ បញ្ហាទាំងអស់នេះ ទើបខិតខំស្វែងរកគ្រូជំនាញចិញ្ចឹមមាន់ ឲ្យជួយបង្រៀនពីការបង្ការការពារ កុំឲ្យមាន់មានឆ្លងជំងឺ រួមទាំងបច្ចេកទេសផ្សេងៗ ដើម្បីឲ្យការចិញ្ចឹមទទួលបានជោគជ័យ។
លោក ផាន់ ស៊ីណាត នាយកបច្ចេកទេសរបស់កសិដ្ឋានមាន់ស្រែអានស៊ីន បានមានប្រសាសន៍លើកឡើងថា ការបង្រៀនពួកគាត់(ប្រជាពលរដ្ឋ)មានដូចជា ការចិញ្ចឹមមាន់ស្រែអាជីពនិងការបង្កាត់ពួជបែបសិប្បនិម្មិត ដោយមានសិក្សាពីការសាងសង់ទ្រុង ជ្រើសមេពូជ ការលាយចំណី ការប្រើប្រាស់ថ្នាំការពារនិងការព្យាបាលជំងឺជាដើមហើយការបង្រៀននេះ មានទាំងទ្រឹស្ដីនិងអនុវត្តផ្ទាល់ ។ក្រៅពីបណ្ដុះបណ្ដាលបានបញ្ចប់ អ្នកជំនាញរបស់កសិដ្ឋានអានស៊ីននឹងចុះទៅពិនិត្យប្រាប់បន្ថែម ដល់សិក្ខាកាមនៅតាមទីតាំងរប
ស់ពួកគេ ហើយបើសិនមានពលរដ្ឋ ចង់រៀនបច្ចេកទេសចិញ្ចឹមមាន់ អាចទំនាក់ទំនងកសិដ្ឋានបាន។
លោក ឃុន ផាន់ណូ អគ្គនាយកក្រុមហ៊ុនអានស៊ីន អាវី សែនជ័យ បានមានប្រសាសន៍ថា បើទោះបីបច្ចុប្បន្នទីផ្សារមាន់ ពិសេសមាន់ស្រែនៅកម្ពុជាមានភាពទូលំទូលាយ ប៉ុន្តែពលរដ្ឋខ្មែរមិនអាចប្រកួតប្រជែងជាមួយមាន់នាំចូលពីខាងក្រៅ ពាក់ព័ន្ធនឹងបញ្ហាតម្លៃ ព្រោះការចិញ្ចឹមរបស់ពលរដ្ឋមួយចំនួន ចិញ្ចឹមមិនតាមលក្ខណៈបច្ចេកទេស ធ្វើឲ្យការផលិតសាច់មាន់មានភាពយឺតយ៉ាវ។
លោក ឃុន ផាន់ណូ អគ្គនាយកក្រុមហ៊ុនអានស៊ីន អាវី សែនជ័យ បានអំពាវនាវសុំឲ្យពលរដ្ឋ បរិភោគសាច់មាន់ដែលមានប្រភពចិញ្ចឹមត្រឹមត្រូវ ពិសេសកុំបរិភោគមាន់ចិញ្ចឹមដែលប្រលែងពាសវាលពាសកាល មិនចាក់វ៉ាក់សាំងបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេសដែលវាអាចមានឆ្លងជំងឺផ្សេងៗ និងពេលបរិភោគទៅអាចប៉ះពាល់ដល់សុខភាព៕