ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រតិបត្តិការ​បោសសំអាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ក្នុង​នាវាចម្បាំង​លិច​ក្នុង​ទន្លេមេគង្គ បាន​ចំនួន​១៥,២៨២​គីឡូក្រាម

82

 

​កំពង់ចាម ៖ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ដឹកនាំ​និង​តាមដាន​ប្រកបដោយ​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ប្រតិបត្តិការ​របស់​ក្រុមការងារ​អន្តរក្រសួង​ដើម្បី​ចុះ​សិក្សា​និង​ដោះស្រាយ​ករណី​រកឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្នុង​នាវា​ដែល​លិច​ក្នុង​ទន្លេ ស្ថិតនៅ​ភូមិ​វាល ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។​

​ចាប់តាំងពី​ខែតុលា ឆ្នាំ​២០២០ រហូតមកដល់​ខែមីនា ឆ្នាំ​២០២១​នេះ ក្រុមការងារ​បាន​បើក​ប្រតិបត្តិការ​បោសសំអាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ក្នុង​នាវាចម្បាំង​លិច​ក្នុង​ទន្លេមេគង្គ ស្ថិតក្នុង​ភូមិ​វាល ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម បាន​ចំនួន​១៥,២៨២​គីឡូក្រាម រួមទាំង​ឆ្អឹង​សព​មនុស្ស និង​សម្ភារ​សឹក​មួយចំនួនទៀត​។

​ដោយឡែក​នៅក្នុង​សប្ដាហ៍​ទី​១ នៃ​ខែមីនា ឆ្នាំ​២០២១​នេះ ក្រុមការងារ​ប្រតិបត្តិការ បាន​បន្ត​បេសកកម្ម​មុជទឹក​ចុះ​ស្រង់​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​បានជា​បន្តបន្ទាប់​ទៀត ក្នុងនោះ​រួមមាន គ្រាប់​ប្រភេទ​១២.៧​ម​.​ម​ចំនួន​១៩,០៨៧​គ្រាប់​, គ្រាប់​៦០ ម​.​ម ៨៧​គ្រាប់​, គ្រាប់​៨១ ម​.​ម ៦១​គ្រាប់​, ឆ្អឹង​សព​មនុស្ស​១៦​បំណែក​, អាវុធ​AK៤៧៨​ដើម និង​សម្ភារ​សឹក​មួយចំនួន​។​

​កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២០ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​បង្កើត​ក្រុមការងារ​អន្តរក្រសួង ដើម្បី​ចុះ​សិក្សា​និង​ដោះស្រាយ​ករណី​រកឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្នុង​នាវា​ដែល​លិច​ក្នុង​ទន្លេ ស្ថិតនៅ​ភូមិ​វាល ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ដោយមាន​នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខា​ប្រចាំការ​ក្រសួងការពារជាតិ​ជា​ប្រធាន អមដោយ​អគ្គស្នងការ​នគរបាល​ជាតិ និង​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​កងកម្លាំង​រក្សា​សន្តិភាព និង​បោសសំអាត​មីន និង​គ្រប់​មិនទាន់​ផ្ទុះ​ជា​អនុប្រធាន​។​

​ក្នុង​កិច្ចប្រតិបត្តិការ​បោសសំអាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្នុង​នាវាចម្បាំង​លិច​នោះ រាជរដ្ឋាភិបាល​បាន​កំណត់ឱ្យ​ក្រុមការងារ​អន្តរក្រសួង ធ្វើ​សេចក្តីរាយការណ៍ និង​ស្នើសុំ​យោបល់​ដឹកនាំ​ជាប្រចាំ​ពីស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។ សម្ដេច​ក្រឡាហោម បាន​ដឹកនាំ​កិច្ចប្រជុំ​ជា​បន្តបន្ទាប់ និង​អញ្ជើញ​ទៅពិនិត្យ​ទីតាំង​ប្រតិបត្តិការ និង​ជួប​សំណេះសំណាល​ដោយផ្ទាល់​ជាមួយ​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​ប្រតិបត្តិការ​កាលពី​ថ្ងៃទី​១២ ខែ​កម្ភៈ កន្លងទៅ​។​

​ប្រតិបត្តិ​ការស្វែងរក គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្នុង​នាវា​ដែល​លិច​ក្នុង​ទន្លេ ស្ថិតនៅ​ភូមិ​វាល ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ត្រូវបាន​កំណត់​លើ​ទីតាំង​ទំហំ​១៥០០០​ម៉ែត្រការ៉េ ឬ​ស្មើនឹង​១៥០​ហិកតា​។ ប្រតិបត្តិការ​នេះ​បានចាប់ផ្ដើម​ពី​ខែតុលា ឆ្នាំ​២០២០ ហើយ​គ្រោង​បញ្ចប់​នៅ​ខែឧសភា ពោលគឺ​មុន​ការមកដល់​នូវ​រដូវវស្សា​។ យ៉ាងណាក៏ដោយ សម្ដេច​ក្រឡាហោម​បាន​សង្កត់ធ្ងន់ថា​ប្រតិបត្តិ​ការមិនអាច​ធ្វើ​ដោយ​ប្រញាប់ប្រញាល់​ពេក​នោះឡើយ ពោលគឺ​ត្រូវ​គិត​លើ​សុវត្ថិភាព​ក្រុមការងារ​ជា​អាទិភាព​បំផុត​។​

​ជាការ​កត់សម្គាល់ កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១ សម្ដេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​បានសម្រេច​បន្ថែម​សមាសភាព​សមាជិក​ក្រុមការងារ​មួយចំនួនទៀត​។ តាមរយៈ​សេចក្ដីសម្រេច​ចុងក្រោយ​នេះ កិច្ចប្រតិបត្តិការ​ក្រុមការងារ​អន្តរក្រសួង ដើម្បី​ចុះ​សិក្សា និង​ដោះស្រាយ​ករណី​រកឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្នុង​នាវា​ដែល​លិច​ក្នុង​ទន្លេ នឹងត្រូវ​បន្ត​អនុវត្ត​នៅ​ភូមិសាស្ត្រ​មួយចំនួនទៀត រួមមាន​ស្រុក​ល្វាឯម និង​ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល និង​ស្រុក​ពាម​ជរ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ៕

អត្ថបទដែលជាប់ទាក់ទង