ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាមេរិក​មាន​កង្វល់ ចំពោះ​ការបំផ្លាញ​ព្រៃឈើ ដែល​ចេះតែ​បន្ត​មាន នៅ​តំបន់​ការពារ​នៃ​ប្រទេស​កម្ពុជា​

127

 

​ភ្នំពេញ​៖ ស្ថានទូត​សហរដ្ឋអាមេរិក នៅ​ភ្នំពេញ នៅ​ថ្ងៃទី​៨​មីនា​នេះ​បាន សេចក្តីថ្លែងការណ៍ របស់​ស្តីពី​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​។​

​សហរដ្ឋអាមេរិក​មាន​កង្វល់​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការបំផ្លាញ​ព្រៃឈើ ដែល​ចេះតែ​បន្ត​មាន នៅ​តំបន់​ការពារ​នៃ​ប្រទេស​កម្ពុជា​។ យើង​គាំទ្រ​ការធ្វើ​សហប្រតិបត្តិការ​ជាមួយ​សហគមន៍ សង្គម​ស៊ីវិល និង​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ជីវសាស្ត្រ​ចម្រុះ​ដ៏​សម្បូរបែប នៅ​ដែនជម្រកសត្វព្រៃ​នៅ​ព្រៃ​ឡង់ និង​បេតិកភណ្ឌ​ធម្មជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​អភិរក្ស​។​

​ការបាត់បង់​ព្រៃឈើ នៅ​ព្រៃ​ឡង់ និង នៅ​ទូទាំងប្រទេស មានការ​ទាក់ទង​នឹង​កត្តា​មួយចំនួន ដែល​រួមមាន​ការពង្រឹង​ការអនុវត្ត​ច្បាប់ នៅ​ខ្សោយ និង​ប្រព័ន្ធ​អភិបាលកិច្ច​គ្មាន​ភាពច្បាស់លាស់​។ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំង នេះ អ្នកពាក់ព័ន្ធ​នៅ​ថ្នាក់​អាជ្ញាធរ​មូលដ្ឋាន អាជ្ញាធរខេត្ត និង​ជាតិ ទូទាំង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវតែដើរ​ស្របគ្នា ក្នុង​ការងារ​អភិរក្ស​តំបន់​ការពារ ដូចជា​ព្រៃ​ឡង់​។ ទីភ្នាក់ងារ​ផ្តល់ជំនួយ​សហរដ្ឋអាមេរិក USAID ធ្វើការ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំង នេះ ដោយ​លើកកម្ពស់​សមត្ថភាព​បច្ចេកទេស​នៅ​គ្រប់លំដាប់​ថ្នាក់ ជំរុញអោយមាន​តម្លាភាព និង​គណនេយ្យភាព គាំទ្រ​ការចូលរួម​យ៉ាងសកម្ម របស់​សហគមន៍ ហើយ​ផ្តល់​ជម្រើស​ផ្សេង ក្នុងការ​ប្រកប​ជីវភាព​រស់នៅ​។ តាមរយៈ​គម្រោង​ព្រៃ​ឡង់​បៃតង (GPL) របស់​ទីភ្នាក់ងារ USAID យើង​ជួយ​សហគមន៍​មូលដ្ឋាន ដូចជា​សមាជិក នៃ​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ (PLCN) នៅក្នុង​ការងារ​ល្បាត​រួមគ្នា​នៅ​ព្រៃ​ឡង់ ជាមួយ​ក្រសួងបរិស្ថាន​។ សកម្មភាព ភាគច្រើន របស់ (GPL) ផ្តល់​ប្រយោជន៍ ដោយផ្ទាល់ ដល់​សហគមន៍ និង​អង្គការ​មិនមែន​រដ្ឋាភិបាល នៅក្នុង​ការងារ​អភិរក្ស ហើយ​គ្មាន​ថវិកា​ណា​ត្រូវបាន​ផ្តល់​ឲ្យ​តាមរយៈ​ប្រព័ន្ធ​រដ្ឋាភិបាល​ឡើយ​។ យើង​បន្ត​ធ្វើការ​ដោយផ្ទាល់ ជាមួយ PLCN និង​ក្រសួងបរិស្ថាន ដើម្បី​គាំទ្រ​កិច្ចពិភាក្សា ដើម្បី​ឲ្យ​គេ​អាច​ធ្វើការ​ជាមួយគ្នា ក្នុង​គោលដៅ​រួម​ក្នុង​ការការពារ​ព្រៃ​ឡង់​។

​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ព្រមទាំង​ប្រធាន​នៃ​ទីភ្នាក់ងារ​ផ្តល់ជំនួយ USAID របស់​ស្ថានទូត​សហរដ្ឋអាមេរិក បាន​ជួប​ជាមួយ​លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​មន្ត្រីជាន់ខ្ពស់​របស់លោក ដើម្បី​ពិភាក្សា​ពី​ការបាត់បង់​ព្រៃឈើ និង​ការ​រិត​ត្បិត​មិន​ឲ្យ​ប្រជាជន​កម្ពុជា​ចូល ក្នុង​តំបន់​ការពារ ដើម្បី​តាមដាន​សកម្មភាព​ទាក់ទង​នឹង​ព្រៃឈើ​។ ទីភ្នាក់ងារ USAID បានផ្តល់​ដល់​ក្រសួងបរិស្ថាន នូវ​ព័ត៌មាន ជាច្រើនលើក​មកហើយ ទាក់ទង​នឹង​សកម្មភាព​កាប់​ឈើ​ខុសច្បាប់ នៅ​ដែនជម្រកសត្វព្រៃ​ឡង់ ដែល​បាន​នាំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ធ្វើការ​ស៊ើបអង្កេត​។ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​នឹង​បន្ត​អំពាវនាវ​ឲ្យ​មាន​ចំណាត់ការ​ដើម្បី​បញ្ឈប់​ការកាប់​ឈើ​ខុសច្បាប់ ហើយ​អភិរក្ស​ជីវសាស្ត្រ​ចម្រុះ​ដ៏​ល្អ នៅ​ព្រៃ​ឡង់ និង​នៅ​ដែន​ជម្រក​ដទៃទៀត​។​

​ដោយ​យើង​ធ្វើការ​អបអរ​ទិវា​សត្វព្រៃ​ពិភពលោក នៅ​ខែ នេះ យើង​ចងចាំ​ថា អភិបាលកិច្ច​ល្អ​គឺជា​ផ្នែក​សំខាន់​ចាំបាច់​មួយ នៃ​ការការពារ​ធនធានធម្មជាតិ​។ ការគោរព​សេរីភាព ក្នុងការ​និយាយស្តី និង​សេរីភាព ក្នុង​ការធ្វើ​ការតវ៉ា ដោយ​សន្តិភាព​គឺជា​ផ្នែក​ចាំបាច់​នៃ​លទ្ធិប្រជាធិបតេយ្យ​ដែលមាន​ជោគជ័យ ហើយ​យើង​ជឿថា សិទ្ធិ​ទាំង នេះ​ការពារ​ប្រជាជន​កម្ពុជា ដែល​កំពុង​ខិតខំ​ធ្វើការ​អភិរក្ស​ធន​ធាន​ធម្មជាតិ​ដែលមាន​ភាពផុយស្រួយ របស់​ព្រះរាជាណាចក្រ​កម្ពុជា​៕

អត្ថបទដែលជាប់ទាក់ទង