បញ្ជូនខ្លួនមន្ត្រីយោធាម្នាក់ និងបក្សពួកម្នាក់ ទៅតុលាការ ករណីបាញ់សត្វត្រូវចំក្មេងកំព្រាម្នាក់ស្លាប់
ភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល នៅព្រឹកថ្ងៃទី៩ខែមីនាឆ្នាំ២០២១នេះ បានធ្វើការបញ្ជូនខ្លួនមន្ត្រីយោធាម្នាក់និងបក្សពួក ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរចាត់ការតាមច្បាប់។
សមត្ថកិច្ចបានឲ្យដឹងថា សពក្មេងប្រុសរងគ្រោះមានឈ្មោះ រឿន ប៊ុនថា ភេទ ប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅ មណ្ឌលជនអស់សង្ឃឹម ភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនសង្ស័យមាន២នាក់១.ឈ្មោះ ទុត សុគន្ធារ៉ា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរយោធា ស្នាក់នៅភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ២.ឈ្មោះ ទុត សុគន្ធរ៉ាវ័ន្ត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាងសំណង់ ស្នាក់ នៅ ភូមិ៨ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី៦ ខែមីនា ឆ្នាំ២០ ២១ ស្ថិតនៅចំណុចខាងត្បូង ជាប់ផ្លូវល្បឿនលឿន ក្នុងភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ់។វត្ថុតាងរួមមានកាំភ្លើងខ្យល់ ទំនើប ០១ដើម និងរថយន្ត០១គ្រឿងម៉ាក REXTON ពណ៌ស ផ្លាកលេខ ខេមរភូមិន្ទ០២ ២-០២៨២។
សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើត ហេតុ នៅវេលាម៉ោង៤និង៤៥នាទីល្ងាច ជនរងគ្រោះបាននាំគ្នាទៅអង្គុយលេងក្រៅរបងមណ្ឌល នៅជិតផ្លូវល្បឿនលឿនជាមួយមិត្ដភក្ដិ ពេលអង្គុយលេងមួយសន្ទុះ ជនរងគ្រោះក៏ក្រោកឈរឡើង ពេលនោះស្រាប់តែឮស្នូរកាំភ្លើងផ្ទុះ ពេលគេនាំគ្នាងាកមកមើលជនរងគ្រោះ ក៏ឃើញជនរងគ្រោះដួលប្រកាច់ហូរឈាម និងឮសំឡេងគ្រាប់កាំភ្លើងផ្ទុះចំនួន០៤គ្រាប់ថែមទៀត ។
ភ្លាមៗមិត្តភក្តិជនរងគ្រោះក៏នាំគ្នាលើកជនរងគ្រោះចូលទៅក្នុងមណ្ឌល ដើម្បីជួយសង្គ្រោះនិងបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យជនរងគ្រោះបានស្លាប់បាត់ទៅហើយ៕