ឯកឧត្តម វ៉ាត់ ចំរើន អំពាវនាវឲ្យក្រុមជម្រើសជាតិ បន្តការហ្វឹកហាត់បច្ចេកទេសមូលដ្ឋាន
CAMSOC-ភ្នំពេញ៖ ឯកឧក្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC បានអំពាវនាវដល់សហព័ន្ធកីឡាជាតិ គ្រូបង្វឹកក្រុមជម្រើសជាតិនៃសហព័ន្ធកីឡាជាតិនានាបន្តការរៀបចំកម្មវិធីហ្វឹកហាត់សម្រាប់កីឡាករ កីឡាការិនីជម្រើសជាតិរបស់ខ្លួន ក្នុងពេលសម្រាកក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះគប្បីត្រូវបន្តការហ្វឹកហាត់បច្ចេក ទេសមូលដ្ឋាន ដើម្បីកុំឲ្យប៉ះពាល់ខ្លាំងដល់ការប្រជែងមេដាយ ក្នុងស៊ីហ្គេម លើកទី៣១ នាខែវិច្ឆិកា-ធ្នូ ឆ្នាំ២០២១ ប្រទេសវៀតណាម។
ឯកឧត្តមអគ្គលេខាធិការគូសបញ្ជាក់យ៉ាងដូច្នេះថា «ឆ្លៀតយកឱកាសនេះ សូមសហព័ន្ធ និងគ្រូបង្វឹកក្រុមជម្រើសជាតិទាំងអស់ប្រុងប្រយ័ត្ន និងមិនត្រូវឲ្យកីឡាករ កីឡាការិនី សម្រាកអសកម្ម ដោយគ្មានលំហាត់កម្លាំងកាយ និងហ្វឹកហាត់បច្ចេកទេសមូលដ្ឋាន នៅផ្ទះ ឬនៅទីកន្លែងសុវត្ថិភាពនោះទេ ពោលគឺសូមរកមធ្យោបាយផ្សេងៗ ដើម្បីការហ្វឹកហាត់ឲ្យបានសកម្ម។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិសំណូមពរឲ្យកីឡាករ Stay strong stay safe stay healthy។ ប្រយ័ត្នអសកម្មពេក ពេលចូលហាត់វិញត្រូវស្តារកម្លាំងបច្ចេកទេសយូរណាស់យ៉ាងតិច៦ខែ ហើយពេលស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ចុងឆ្នាំ២០២១នេះនឹងជួបបញ្ហាធំ។ សូមជួយដាក់កម្មវិធីរត់ ហ្វឹកហាត់ តាមទីធ្លាសាធារណៈរៀងរាល់ថ្ងៃ ដោយមិនត្រូវផ្តេកផ្តួលតាមបរិបទ COVID ហើយមិនត្រូវអសកម្មនោះឡើយ។ ខ្ញុំបារម្ភខ្លាំង ដោយសារប្រទេសជិតខាង និងក្នុងតំបន់គេ lockdown កន្លែងប្រមូលផ្តុំហ្វឹកហាត់ ដោយធ្វើសកម្មភាពហ្វឹកហាត់យ៉ាងសកម្ម និងទៀងទាត់ ពិសេសកីឡាករសក្តានុពលរបស់គេហាត់កាន់តែខ្លាំងក្លាថែមទៀត»៕