កម្ពុជាត្រៀមខ្លួនចូលរួមជួយមីយ៉ាន់ម៉ា ដើរវិលទៅរកភាពប្រក្រតីឡើងវិញ ស្របតាមគោលការណ៍អាស៊ាន
(ភ្នំពេញ)៖ កម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការចូលរួមជាមួយរដ្ឋសមាជិកអាស៊ានផ្សេងទៀត ដើម្បីជួយមីយ៉ាន់ម៉ាក្នុងការដើរវិលទៅរកភាពប្រក្រតីឡើងវិញ ទោះជាតាមរយៈតួនាទី និងទម្រង់ណាមួយកី្ត ដែលស្របតាមគោលការណ៍អាស៊ាន។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ដែលបណ្តាញព័ត៌មានទទួលបាន។
ក្នុងសេចក្តីថ្លែងការណ៍នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា៖ «ដូចបានលើកឡើងក្នុងអន្តរាគមន៍របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន កម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការចូលរួមជាមួយរដ្ឋសមាជិកអាស៊ានផ្សេងទៀត ដើម្បីជួយមីយ៉ាន់ម៉ាក្នុងការដើរវិលទៅរកភាពប្រក្រតីឡើងវិញ ទោះជាតាមរយៈតួនាទី និងទម្រង់ណាមួយកី្ត ដែលស្របតាមគោលការណ៍អាស៊ាន ពោលគឺតាមមាគ៌ាអាស៊ាន របស់យើង ដែលគ្រប់ភាគីទាំងអស់អាចទទួលយកបាន។ ក្នុងស្មារតីនេះ កម្ពុជាក៏គាំទ្រផងដែរដល់ ការជួយសម្របសម្រួលរបស់ប្រធានអាស៊ាន ក៏ដូចជាអគ្គលេខាធិការអាស៊ាន ប្រកបដោយលក្ខណៈវិជ្ជមាន សន្តិភាព និងស្ថាបនា»។
សេចក្តីថ្លែងការណ៍របស់កម្ពុជា បានធ្វើឡើងបន្ទាប់ពីស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា មានការវិវឌ្ឍកាន់តែធ្ងន់ធ្ងរឡើង ដោយមានអ្នកស្លាប់ក្នុងបាតុកម្មតវ៉ាច្រើនជាង៦០នាក់។ បាតុកម្មនេះ បានអូសអន្លាយរយៈពេលជាង១ខែមកហើយ បន្ទាប់ពីមានរដ្ឋប្រហារយោធា និងការចាប់ខ្លួនមេដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ លោកស្រីអោង សាន ស៊ូជី ដែលឈ្នះក្នុងការបោះឆ្នោត។
ក្នុងនាមជាមិត្ត និងជាសមាជិកសហគមន៍អាស៊ាន កម្ពុជាក៏ដូចជាគ្រប់រដ្ឋសមាជិកអាស៊ានឯទៀត និងសហគមន៍អាស៊ានទាំងមូល កំពុងតាមដានយ៉ាងជិតដិតនូវស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ា ហើយមានការសោកសៅដោយបានឃើញនូវការកើនឡើងនៃអំពើហឹង្សា ដែលបណ្តាលឱ្យមានការបាត់បង់ជីវិតមនុស្ស។
កម្ពុជា បានបញ្ជាក់ទៀតថា ទន្ទឹមនឹងការគោរពគោលការណ៍ស្នូលនៃការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិកអាស៊ាន កម្ពុជាបានគាំទ្រ «សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានស្តីពីការវិវត្តនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា» ដែលបានចេញនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២១ និង «សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានស្តីពីកិច្ចប្រជុំក្រៅផ្លូវការនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន» ចេញនៅថ្ងៃទី ២ ខែមីនា ឆ្នាំ២០២១ ដែលត្រូវបានធ្វើឡើងក្នុងបំណងដ៏ស្មោះត្រង់ ដើម្បីគាំទ្រដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ា។
គួរបញ្ជាក់ថា បើតាមក្រុមសកម្មជនសិទ្ធិមនុស្ស និងអង្គការសហប្រជាជាតិ មនុស្សច្រើនជាង ៦០នាក់ហើយបានស្លាប់នៅក្នុងបាតុកម្មតវ៉ា និងច្រើនជាង ១,៨០០នាក់ត្រូវបាន ចាប់ឃុំខ្លួន ចាប់តាំងពីការកើតមានព្រឹត្តិការណ៍ថ្ងៃទី០១ ខែកុម្ភៈ ដែលត្រូវបានអន្តរជាតិចាត់ទុកថា ជារដ្ឋប្រហារនោះមក៕