ក្រុមការងារមន្ទីរសុខាភិបាលរាជធានី បាញ់ថ្នាំមូស នៅទីតាំងចត្តាឡីស័កចំនួន៣កន្លែងនៅខណ្ឌសែន សុខនិងខណ្ឌពោធិសែនជ័យ
ភ្នំពេញ៖ ដើម្បីសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋពិសេសបងប្អូនប្រជាពលរដ្ឋដែលបាននិងកំពុងធ្វើចត្តាឡីស័កនៅតាមទីតាំងចត្តាឡីស័កមួយចំនួននៅក្នុងរាជធានីភ្នំពេញ លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានណែនាំអោយមន្ត្រីនៃមន្ទីរសុខាភិបាលរាជធានីចុះបាញ់ថ្នាំមូូសនៅមណ្ឌលចត្តាឡីស័កមួយចំនួននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។
ជាក់ស្តែងនៅព្រលប់ថ្ងៃទី០៩ខែមិនានេះ ក្រុមការងារនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ អនុវត្តទៅតាមការណែនាំរបស់លោកឃួង ស្រេងបានចុះធ្វើសកម្មភាពបាញ់ថ្នាំសំលាប់មូសក្នុងទីតំាងធ្វើចត្តាឡីស័កចំនួន៣ ក្នុងមូលដ្ឋានខណ្ឌសែន សុខនិងខណ្ឌពោធិសែនជ័យ ក្នុងនោះ រួមមានមណ្ឌលចត្តាឡីស័កវិទ្យាល័យបុរី១០០ខ្នង អនុវិទ្យាល័យហ៊ុនសែនពោធិចិនតុងនិងមណ្ឌលចត្តាឡីស័ក
អនុវិទ្យាល័យភ្នំពេញថ្មី។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងនៅរាត្រីថ្ងៃទី០៩ខែមិនានេះថា អនុវត្តទៅតាមការណែនាំរបស់លោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ តែងបានបាញ់ថ្នាំមូស និងបាញ់សម្លាប់មេរោគ ដើម្បីសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ។
មន្ត្រីដដែលក៏បានបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងការបាញ់ថ្នាំមូសនេះដែរ យើងមិនមែនចេះតែបាញ់នោះទេ គឺយើងត្រូវកំណត់ពីពេលវេលា ដែលត្រូវបាញ់ ទៅតាមជំនាញរបស់សុខាភិបាល៕