សម្តេចក្រឡាហោម ស ខេង ដាក់ចេញវិធានការបន្ទាន់ ៨ចំណុច សម្រាប់បង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ បានដាក់ចេញវិធានការបន្ទាន់ចំនួន ៨ចំណុច សម្រាប់បង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងនោះអគ្គនាយកដ្ឋាន និងអង្គភាពនានា ត្រូវកាត់បន្ថយមន្ត្រីមកបំពេញការងារ ដោយតម្រូវឱ្យចាត់មន្ត្រីពី ០៥ ទៅ០៧ នាក់ ប្រចាំការនៅតាមអង្គភាពនីមួយៗ ។ នេះបើតាមសេចក្តីណែនាំ របស់សម្តេចក្រឡាហោម ស ខេង ប្រាប់ទៅមន្ត្រីរាជការស៉ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ។
ការដាក់ចេញវិធានការបន្ទាន់ខាងលើ ធ្វើឡើងយោងតាមបទបញ្ជា និងសារសម្លេងណែនាំពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីរាត្រីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ក្នុងការបង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ក្នុងសហគមន៍២០កុម្ភៈ។
សម្តេចក្រឡាហោម ស ខេង បានថ្លែងថា អនុវត្តតាមការអំពាវនាវ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការ រាតត្បាតនៃជំងឺកូវីដ ១៩ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដល់ថ្នាក់ដឹកនាំ និងគ្រប់អង្គភាពចំណុះក្រសួងមហាផ្ទៃ ដូចខាងក្រោម ៖
១. អគ្គនាយកដ្ឋាន និងអង្គភាពនានា ត្រូវកាត់បន្ថយមន្ត្រីមកបំពេញការងារ ដោយតម្រូវឱ្យចាត់មន្ត្រីពី ០៥ ទៅ០៧ នាក់ ប្រចាំការនៅតាមអង្គភាពនីមួយៗ ចាប់ពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២១។ អគ្គនាយកដ្ឋាន និងអង្គភាពនានាត្រូវរៀបចំបញ្ជីឈ្មោះមន្ត្រីប្រចាំការទាំងនោះ បញ្ជូនមក អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ នេះ។ មន្ត្រីដែលត្រូវបានចាត់ឱ្យមក ប្រចាំការ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវនូវវិធានការការពារជំងឺកូដ ១៩។ ប្រគល់ភារកិច្ចជូនឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ដើម្បីដឹកនាំសម្របសម្រួលការងារមន្ត្រីប្រចាំការនេះ។
ដោយឡែក អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវមានកម្លាំងប្រតិបត្តិការ មកបំពេញការងារ ជាប្រចាំ។
២. ថ្នាក់ដឹកនាំ មន្ត្រី និងអនុរក្សពន្ធនាគារនៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែនានាទូទាំងប្រទេស ត្រូវបន្តបំពេញការងារជាធម្មតា ដោយត្រូវលើកកម្ពស់ការពង្រឹង ថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព ឱ្យបានហ្មត់ចត់ជាមួយនឹងការបន្តការអនុវត្តវិធានការនានារបស់ក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩។ ប្រគល់ភារកិច្ចជូន ឯកឧត្តម ប៉ាវ ហប ផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំសម្របសម្រួលពង្រឹងការអនុវត្តវិធានការការពារជំងឺកូដ ១៩ នៅតាមពន្ធនាគារ និងមណ្ឌលអប់រំ កែប្រែនានា៕