ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការនាំចេញ​ផ្លែស្វាយ​ស្រស់​ជា​ផ្លូវការ​ចេញពី​កម្ពុជា ទៅកាន់​ប្រទេស​ចិន​

140

 

​ភ្នំពេញ ៖ ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្នុងនាម​ម្ចាស់​ចំការ​ស្វាយ​ទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​នៅ​ព្រឹក​ថ្ងៃទី​១០ ខែមីនា​ឆ្នាំ ២០២១ បាន​ឆ្លើយ​សារ​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក សូម​ចូលរួម​អបអរសាទរ និង​ជូនពរ​ដល់ ក្រុមការងារ​អគ្គនាយក​កសិកម្ម និង​ភាគី​គយ​ចិន​នៅ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី ដែល​នឹង​ជួបពិភាក្សា​គ្នា និង​ធ្វើ​ត្រួតពិនិត្យ​វាយតម្លៃ​ជាក់ស្តែង​តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ នៅ​ថ្ងៃ​ពុធ ទី​១០ ខែមីនា​នេះ ឲ្យ​ទទួលបាន​ជោគជ័យ​ជា​ស្ថាពរ ដើម្បី​ឈានទៅដល់​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ជា​ផ្លូវការ​ចេញពី​កម្ពុជា ទៅកាន់​ប្រទេស​ចិន ។

​យោងទៅតាម​ការ​ពី​ក​គ្រោះ​យោបល់​គ្នា​កន្លងមក តាមរយៈ​សារ​អេឡិចត្រូនិក និង​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ គឺ​ក្រុមការងារ​ទាំងពីរ​បាន​សម្រេច​ជ្រើស​យក​កសិដ្ឋាន​ស្វាយ​ចំនួន​៣ មក​ត្រួតពិនិត្យ​គឺ​៖
1-​កសិដ្ឋាន​ស្វាយ​របស់​ក្រុមហ៊ុន UCDL Development Co., Ltd
2- កសិដ្ឋាន​ស្វាយ​របស់​ក្រុមហ៊ុន Angkor Harvest Co., Ltd
3- កសិដ្ឋាន​ស្វាយ​របស់​ក្រុមហ៊ុន Bamin Agriculture Hi-Tech Development Co., Ltd​។
​ទន្ទឹមនឹងនេះ ចំពោះ​ការវាយតម្លៃ​រោងចក្រ​ប្រព្រឹត្តិកម្ម​សម្លាប់​ពងរុយ​ចោះ​ផ្លែស្វាយ នឹង​ប្រព្រឹត្ត​ទៅតាម​ប្រព័ន្ធ ZOOM នៅលើ​ទីតាំង​៤​ក្រុមហ៊ុន​គឺ​៖
1- រោងចក្រ​ប្រព្រឹត្តិកម្ម​ប្រើ​ទឹក​ក្តៅ (HWT) របស់​ក្រុមហ៊ុន LONG WO AGRICULTURE (CAMBODIA) CO., LTD
2- រោងចក្រ​ប្រព្រឹត្តិកម្ម​ប្រើ​ទឹក​ក្តៅ (HWT) របស់​ក្រុមហ៊ុន BOEUNG KET FRESH FRUITS CO., LTD
3- រោងចក្រ​ប្រព្រឹត្តិកម្ម​ប្រើ​ទឹក​ក្តៅ (HWT) របស់​ក្រុមហ៊ុន AL JAZEELAN FOOD PTE LTD
4- រោងចក្រ​ប្រព្រឹត្តិកម្ម​ប្រើ​ចំហាយ​ទឹក​ក្តៅ (VHT) របស់​ក្រុមហ៊ុន HYUNDAI AGRO (CAMBODIA) CO., LTD.

​មូលហេតុ​ចំបង​ដែល​ធ្វើ​ឲ្យ​មានការ​យឺតយ៉ាវ ក្នុងការ​នាំចេញ​ស្វាយ​ស្រស់​ជា​ផ្លូវកា​ទៅកាន់​ប្រទេស​ចិន ក្រោយពី​បាន​ចុះ​ពិធីសារ​រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អគ្គ​រដ្ឋបាល​គយ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន នៅ​ថ្ងៃទី ៩ មិថុនា ឆ្នាំ​២០២០ កន្លងទៅ រួមមាន​៖

I. ការបំពេញ​កត​ព្វ​កិច្ច ដែល​ភា​កី​កម្ពុជា ត្រូវបំពេញ​លក្ខខណ្ឌ​តម្រូវ ជាបឋម​សំខាន់ៗ ចំនួន ០៤ ដែល​ម្ចាស់​ចំការ​ស្វាយ និង​ក្រុមហ៊ុន​ដែលមាន​បំណង​នាំចេញ​ផ្លែស្វាយ​ស្រស់​ទៅកាន់​ប្រទេស​ចិន ក្នុងនោះ​រួមមាន​៖

​ទី​១. ផ្លែស្វាយ​ស្រស់ (Mangifera indica) ដែល​ត្រូវ​នាំ​ចេញពី​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​ចិន ត្រូវ​អនុលោម​ទៅតាម​ច្បាប់​និង​បទដ្ឋាន​គតិយុត្ត​នៃ​ប្រទេស​ចិន បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​ដែលមាន​ចែង​ក្នុង​ពិធីសារ​នេះ និង​គ្មាន​ជាប់​ជាមួយ​នូវ​សមាសភាព​ចង្រៃ​ភូតគាម​អនាម័យ​ហាមឃាត់​ចូល​ប្រទេស​ចិន​។
​ពិធីសារ​នេះ​មាន​វិសាលភាព​លើ​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​តែប៉ុណ្ណោះ​។ ស្តង់ដារ​និង​លក្ខខណ្ឌ​តម្រូវ​ផ្សេងៗ​ទាក់ទង​នឹង​បញ្ហា​សុខភាព​មនុស្ស​(​ដូចជា​ស្តង់ដារ​ជាតិ​សុវត្ថិភាព​ចំណីអាហារ​នៃ​ប្រទេស​ចិន​) ក៏​អាច​ត្រូវអនុវត្ត​ទៅលើ​ផ្លែស្វាយ​ពី​កម្ពុជា​ផងដែរ ប៉ុន្តែ​មិនត្រូវ​បានរួម​បញ្ចូល​ក្នុង​ពិធីសារ​នេះឡើយ​។ មានចែង​នៅ មាត្រា​១ ស្តី​ពីបទ​ប្បញ្ញត្តិ​ទូទៅ នៅក្នុង​ពិធីសារ​

​ទី​២. ចម្ការ​ស្វាយ ទីតាំង​វេច​ខ្ចប់ ឃ្លាំង​ត្រជាក់ និង​កន្លែង​ធ្វើ​ប្រព្រឹត្តិកម្ម​ភូតគាម​អនាម័យ​សម្រាប់​នាំចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន ត្រូវ​ចុះបញ្ជី​នៅ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ទទួលស្គាល់​ដោយ អគ្គ​រដ្ឋបាល​គយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ រាល់​ឯកសារ​ចុះបញ្ជី​ត្រូវមាន​ព័ត៌មាន ឈ្មោះ​ចម្ការ អាសយដ្ឋាន និង​លេខ​កូដ​សម្គាល់ ដើម្បី​កំណត់​ប្រភព​បាន​ត្រឹមត្រូវ នៅពេលដែល​ផ្លែស្វាយ​ដែល​នាំចេញ​មិនមាន​អនុលោមភាព​តាម​បទ​ប្បញ្ញត្តិ​នៃ​ពិធីសារ​នេះ​។ មុនពេល​ចាប់ផ្តើម​នាំចេញ​ផ្លែស្វាយ​ស្រស់​ក្នុង​រដូវ​នីមួយៗ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ត្រូវ​ផ្តល់​បញ្ជី​ឈ្មោះ​ចម្ការ​ស្វាយ​ដែល​បាន​ចុះបញ្ជី​ទៅ អគ្គ​រដ្ឋបាល​គយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជាមុន និង​ត្រូវមាន​ការយល់ព្រម​ដោយ​ភាគី​ទាំងពីរ​។ មានចែង​នៅក្នុង មាត្រា​២ ស្តីពី​ការចុះបញ្ជី ។​

​ទី​៣. គ្រប់​ចម្ការ​ស្វាយ​ដែល​ត្រូវបាន​ចុះបញ្ជី ត្រូវបង្កើត​និង​អនុវត្ត​ការចុះបញ្ជី​ការអនុវត្ត​កសិកម្ម​ល្អ (GAP) ឬ​អនុវត្តតាម​ប្រព័ន្ធ​វិ​ញ្ញាប​ន​កម្ម​អន្តរជាតិ​ផ្សេងៗ​ទៀត ដើម្បី​ធានា​ក្នុងការ​តាមដាន​ប្រមូល​ត្រឡប់​វិញ​នៅក្នុង​ខ្សែ​ច្រវាក់ ផលិតកម្ម​។ ដើម្បី​ថែរក្សា​ស្ថានភាព​អនាម័យ​ក្នុង​ចម្ការ ត្រូវធ្វើ​ការប្រមូល​ផ្លែស្វាយ​ដែល​រលួយ​ចេញពី​ចម្ការ​ក្នុងអំឡុងពេល​ប្រមូល និង​ការអនុវត្ត​វិធានការ​ចម្រុះ​គ្រប់គ្រង​ដំណាំ (IPM) ដូចជា​ការអង្កេត​តាមដាន​សមាសភាព​ចង្រៃ ការប្រើប្រាស់​វិធានការ​គីមី ឬ​ជីវសាស្ត្រ និង​វិធានការ​មេកា​និក​។
​ចំពោះ​សមាសភាព​ចង្រៃ​ភូតគាម​អនាម័យ​ហាមឃាត់​ដោយ​ប្រទេស​ចិន (​ដូច​មានចែង​ក្នុង​ឧបសម្ព័ន្ធ​១) កម្ពុជា​ត្រូវ​អង្កេត​តាមដាន​និង​ពិនិត្យ​ស្វែងរក​ឱ្យបាន​ហ្មត់ចត់​ក្នុង​ចម្ការ​ក្នុងអំឡុងពេល​ដំណាក់កាល​លូតលាស់ និង​ប្រមូល​ផល​ស្វាយ ដើម្បី​ធានាថា​សមាសភាព​ចង្រៃ​ភូតគាម​អនាម័យ​ហាមឃាត់​ដោយ​ប្រទេស​ចិន​ស្ថិតក្រោម​ការគ្រប់គ្រង​។​

​គ្រប់​ចម្ការ​ស្វាយ​ដែល​បាន​ចុះបញ្ជី ត្រូវ​រក្សាទុក​កំណត់ត្រា​នៃ​ការអង្កេត​តាមដាន និង​វិធានការ​គ្រប់គ្រង​សមាសភាព​ចង្រៃ និង​ផ្តល់នូវ​កំណត់ត្រា​ទាំងនេះ​តាម​ការស្នើសុំ​របស់​អគ្គ​រដ្ឋបាល​គយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ កំណត់ត្រា​នេះ​ត្រូវមាន​ឈ្មោះ​ថ្នាំ​កសិកម្ម ធាតុ​សកម្ម កាលបរិច្ឆេទ​ប្រើប្រាស់ និង​កំហាប់​នៃ​ថ្នាំ​កសិកម្ម​ទាំងអស់​ដែល​បាន​ប្រើប្រាស់​ក្នុង​រដូវ​ដាំ​ដុះ​នីមួយៗ​។ មានចែង​នៅក្នុង​មាត្រា​៣ ស្តីពី​ការគ្រប់គ្រង​ចម្ការ ។​

​ទី​៤. គ្រប់​ទីតាំង​វេច​ខ្ចប់ និង​កន្លែង​ស្តុក​ទុក​ផ្លែស្វាយ​ទាំងអស់​ត្រូវតែ​បង្កើត​ប្រព័ន្ធ​ប្រមូល​ត្រឡប់មកវិញ ដើម្បី​ធានាថា ផ្លែស្វាយ​នាំចេញ​អាច​ត្រូវបាន​តាមដាន​ត្រឡប់មកវិញ​ដល់​ចម្ការ​ដែល​បាន​ចុះបញ្ជី​។ ប្រសិនបើ​ទីតាំង​វេច​ខ្ចប់​ផ្លែស្វាយ​មាន​ទីតាំង​ដាច់ដោយឡែក​ពី​សហគ្រាស​ធ្វើ​ប្រព្រឹត្តិកម្ម​កម្តៅ ផ្លែស្វាយ​ទាំងនោះ​អាចធ្វើ​ការហៅ​ត្រឡប់​ទៅ​ចម្ការ​វិញ តាមរយៈ​សហគ្រាស​ធ្វើ​ប្រព្រឹត្តិកម្ម​។​
​ការ​វេច​ខ្ចប់​និង​ការធ្វើ​ប្រព្រឹត្តិកម្ម​ផ្លែស្វាយ​ស្រស់​បន្ទាប់ពី​ប្រមូល​ផល ត្រូវអនុវត្ត​ក្រោម​ការត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់​ពី​សំណាក់​ភាគី​កម្ពុជា ហើយ​ត្រូវ​ឆ្លងកាត់​ការជ្រើសរើស​ដោយ​ដៃ ការលាង​សម្អាត កា​រស​ម្ងួ​ត និង​ដំណើរការ​ផ្សេងៗ​ទៀត ដើម្បី​ធានាថា​ផ្លែស្វាយ​ទាំងនោះ​គ្មាន​ជាប់​ដី សត្វល្អិត​ចង្រៃ ម៉ៃ​ត៍ ពពួក​ខ្យង ផ្លែ​រលួយ និង​សំណល់​រុក្ខជាតិ​ផ្សេងៗ​។ ក្នុងករណី​មានប្រើ​ប្រាស់​ថ្នាំ​កម្ចាត់​ផ្សិត ត្រូវតែ​ប្រើ​ឱ្យ​ស្របតាម​ស្តង់ដារ​ជាតិ​សុវត្ថិភាព​ចំណីអាហារ​នៃ​ប្រទេស​ចិន​។​
​ផ្លែស្វាយ​សម្រាប់​នាំចេញ​ទៅ​ប្រទេស​ចិន​ត្រូវតែ​ធ្វើ​ប្រព្រឹត្តិកម្ម​កម្តៅ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ពពួក​រុយ​ចោះ​ផ្លែ​មានជីវិត​។
​ការធ្វើ​ប្រព្រឹត្តិកម្ម​កម្តៅ​លើ​ផ្លែស្វាយ​ត្រូវតែ​ផ្អែក​តាម​គោលការណ៍​ណែនាំ​ដែល​មានចែង​ក្នុង​ឧបសម្ព័ន្ធ​២​និង​ឧបសម្ព័ន្ធ​៣​។​
​សម្បក​កេស​វេច​ខ្ចប់​ផ្លែស្វាយ​ត្រូវតែ​ថ្មី ស្អាត​ល្អ មិន​ធ្លាប់បាន​ប្រើប្រាស់ និង​ស្របតាម​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ និង​សុវត្ថិភាព​សុខភាព​របស់​ប្រទេស​ចិន​។ សម្បក​កេស​វេច​ខ្ចប់​នីមួយៗ​ត្រូវមាន​ស្លាក​សញ្ញា​សម្គាល់​ជា​ភាសា​អង់គ្លេស​ថា «Exported to the People’s Republic of China» ក៏ដូចជា​ប្រភេទ​ពូជ​ស្វាយ ទីកន្លែង​ប្រភព​ទំនិញ ចម្ការ (​អ្នក​ផលិត​) រោងចក្រ​វេច​ខ្ចប់ និង​ព័ត៌មាន​សហគ្រាស​ធ្វើ​ប្រព្រឹត្តិកម្ម​កម្តៅ​ជា​ភាសា​អង់គ្លេស​។ ផ្លែស្វាយ​ត្រូវតែ​ដឹកជញ្ជូន​ដោយ​កុងតឺន័រ​បិទ​ជិត និង​បិត​ត្រា​សុវត្ថិភាព​។ ត្រា​សុវត្ថិភាព​ត្រូវតែ​គ្មាន​ខូចខាត រហូត​ដល់ពេល​កុងតឺន័រ​ទៅដល់​នៅ​កំពង់ផែ​នៃ​ប្រទេស​ចិន​។ មានចែង​នៅក្នុង មាត្រា​៤ ស្តីពី​លក្ខខណ្ឌ​តម្រូវ​ក្នុងការ​វេច​ខ្ចប់ និង​ការធ្វើ​ប្រព្រឹត្តិកម្ម​ភូតគាម​អនាម័យ ។​

II. ការរីក​រាលដាល​ជាស​កល​នៃ​មេរោគ​កូ​វិដ​-១៩ ដែល​ភាគី​ទាំងពីរ​ជួបប្រទះ​កន្លងមក ទាំង​ការធ្វើទំនាក់ទំនង​ពី​ចំងាយ​រវាង​ភាគី​ទាំងពីរ​មិនអាច​ប្រព្រឹត្តទៅបាន​រលូន និង​ការចុះ​ត្រួតពិនិត្យ​វាយតម្លៃ​របស់​មន្ត្រី​ជំនាញ​នៅលើ​ទីវាល​ជាក់ស្តែង របស់​ភាគី​ចិន មិនអាច​ប្រព្រឹត្តទៅបាន​។​

III. វឌ្ឍនភាព​
​ដើម្បី​សម្រេច​គោលបំណង​នៃ​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​ឱ្យទាន់​ពេលវេលា​នោះ
​អគ្គនាយកដ្ឋាន​កសិក​ម្ម បានទទួល​ពាក្យស្នើសុំ​ចុះបញ្ជី​ចម្ការ​ស្វាយ និង​ទីតាំង​វេច​ខ្ចប់​សម្រាប់​នាំចេញ​ផ្លែស្វាយ​ស្រស់​កម្ពុជា​ទៅកាន់​ប្រទេស​ចិន ចំនួន​៥៥ ក្រុមហ៊ុន​/​ម្ចាស់​ចម្ការ​///​សហគមន៍​កសិកម្ម​។ អគ្គនាយកដ្ឋាន​កសិក​ម្ម ក៏បាន និង​កំពុង​បន្ត​ទទួល​នូវ​ពាក្យស្នើសុំ​ចុះបញ្ជី​ចម្ការ​ស្វាយ​ជា​បន្តបន្ទាប់​ថែមទៀត​ផងដែរ ហើយនឹង​ផ្ញើជូន អគ្គ​រដ្ឋបាល​គយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ពិនិត្យ និង​វាយតម្លៃ​សម្រេច​បន្ថែមទៀត​ផងដែ​រ​។

– ដំណាក់កាល​ទី​១: អគ្គនាយកដ្ឋាន​កសិក​ម្ម​បាន​ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ និង​វាយតម្លៃ​លើ​កសិដ្ឋាន​ដែលមាន​សក្តានុពល​ខ្ពស់ និង​ស្របតាម​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​របស់​ប្រទេស​ចិន​ចំនួន​៥ និង​ទីតាំង​វេច​ខ្ចប់​ដែល​បាន​សាងសង់​រួចរាល់​ដោយបាន​បំពាក់​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​កម្ចាត់​ពងរុយ​ចោះ​ផ្លែស្វាយ​ដោយ​ប្រើ​ចំហាយ​ទឹក​ក្តៅ (VHT) ចំនួន​១ របស់​ក្រុមហ៊ុន HYUNDAI AGRO (CAMBODIA) CO., LTD ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ពាម​ទុង ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ និង​បាន​ផ្ញើជូន GACC កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០​។​

– ដើម្បី​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​ឱ្យ​បានល្អ​សម្រាប់​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន អគ្គនាយកដ្ឋាន​កសិក​ម្ម បាន​អនុវត្ត​សកម្មភាព​មួយចំនួន​នៅតាម​ទីតាំង​ចម្ការ​ដែល​បានដាក់​ពាក្យស្នើសុំ​ឱ្យបំពេញ​បាន​នូវ​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​របស់​ប្រទេស​ចិន​។ សកម្មភាព​ទាំងនោះ​រួមមាន (១)-​ចុះ​បណ្តុះបណ្តាល​បច្ចេកទេស​ស្តីពី​ការអនុវត្ត​កសិកម្ម​ល្អ (២)-​ចុះ​បណ្តុះបណ្តាល​បច្ចេកទេស​ស្តីពី​ការគ្រប់គ្រង​សមាសភាព​ចង្រៃ ៣))-​ចុះ​បណ្តុះបណ្តាល​បច្ចេកទេស​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​នាំចេញ​ផ្លែស្វាយ​ស្រស់ (៤)-​ចុះ​អង្កេត​តាមដាន និង​រៀបចំ​ប្រព័ន្ធ​ព្យាករណ៍​សមាសភាព​ចង្រៃ​នៅតាម​ចម្ការ​ដែល​បាន​ចុះបញ្ជី​នាំចេញ និង​(៥)-​ចុះ​ត្រួតពិនិត្យ​គុណភាព និង​សុវត្ថិភាព​ដំណាំ​ស្វាយ​។​

– ក្រុមការងារ​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បាន​វាយតម្លៃ​ចម្ការ​ស្វាយ​ដើម្បី​ចុះបញ្ជី​កសិដ្ឋាន​ការអនុវត្ត​កសិកម្ម​ល្អ (GAP) និង​ចុះបញ្ជី​កសិដ្ឋាន​សម្រាប់​នាំចេញ​ស្វាយ​ទៅកាន់​ប្រទេស​ចិន​បាន​ចំនួន ៣១​កសិដ្ឋាន​និង​រោងចក្រ​ប្រព្រឹត្តិកម្ម​កម្ចាត់​ពងរុយ​ចោះ​ផ្លែស្វាយ​ដោយ​ប្រើ​ទឹក​ក្តៅ (HWT) របស់​ក្រុមហ៊ុន​ចំនួន​៣
​បន្ថែមទៀត ដើម្បី​ផ្ញើជូន​ភាគី​ចិន​ដើម្បី​ពិនិត្យ និង​វាយតម្លៃ​បន្ត​។ ក្រុមហ៊ុន​ទាំង​៣ នោះ គឺ​ក្រុមហ៊ុន LONG WO AGRICULTURE (CAMBODIA) CO., LTD ស្ថិតនៅ​ភូមិ​ទី​៥ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ ក្រុមហ៊ុន BOEUNG KET FRESH FRUITS CO., LTD ស្ថិតនៅ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។
​ក្រុមហ៊ុន AL JAZEELAN FOOD PTE. LTD (​ម្ចាស់​ក្រុមហ៊ុន HUNTY CO., LTD) មាន​ទីតាំងនៅ​ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

– ដំណាក់កាល​ទី​២: អគ្គនាយកដ្ឋាន​កសិក​ម្ម​បាន​ផ្ញើជូន​កសិដ្ឋាន​ដែល​បាន​ចុះបញ្ជី​ជា​កសិដ្ឋាន​សម្រាប់​ការនាំចេញ​ស្វាយ​ទៅកាន់​ប្រទេស​ចិន​បាន​ចំនួន ៣១​កសិដ្ឋាន និង​រោងចក្រ​ប្រព្រឹត្តិកម្ម​សម្លាប់​ពងរុយ​ចោះ​ផ្លែស្វាយ​ដែល​បាន​សាងសង់​រួចរាល់​ចំនួន​៣​បន្ថែមទៀត​ដែល​បាន​បំពាក់​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​កម្ចាត់​ពងរុយ​ចោះ​ផ្លែស្វាយ​ដោយ​ប្រើ​ទឹក​ក្តៅ (HWT) ទៅ​ភាគី GACC ដើម្បី​ពិនិត្យ និង​វាយតម្លៃ​បន្ត កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១​។​

– សរុប​កម្ពុ​ជាមាន​កសិដ្ឋាន​ចំនួន​៣៦ និង​រោងចក្រ​ប្រព្រឹត្តិកម្ម​សម្លាប់​ពងរុយ​ចោះ​ផ្លែស្វាយ​ចំនួន​៤ ដែល​បាន​ផ្ញើជូន GACC ដើម្បី​ពិនិត្យ និង​វាយតម្លៃ​សម្រេច​ក្នុងការ​អនុញ្ញាត​នាំចេញ​ផ្លែស្វាយ​ស្រស់​ទៅកាន់​ប្រទេស​ចិន​។​

– បន្ទាប់ពី​បាន​ផ្ញើជូន​អគ្គ​រដ្ឋបាល​គយ​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន (GACC) កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ តាមរយៈ​លោក ប្រាក់ ផាន់​ណា​រ៉ា កុងស៊ុល​ពាណិជ្ជកម្ម​នៃ​ព្រះ​រា​ណា​ណា​ចក្រ​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ប៉េកាំង បានឱ្យដឹង​តាម​ប្រព័ន្ធ Wechat ជា​សារ​សំឡេង​ថា ឯកសារ​ដែល​បាន​ផ្ញើជូន GACC ទាំងពីរ​លើក​នោះ ត្រូវបាន GACC បញ្ជូនទៅ​លោក Zhou Guohui មន្ត្រី​គយ​ប្រចាំ​នៅ Nanning នៃ​ខេត្ត Quangxi ជា​អ្នកទទួលបន្ទុក​លើ​ការងារ​នេះ​។​

– នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រុមការងារ​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បានធ្វើការ​ទាក់ទង​ជា​សារ​សំឡេង​ទៅ​លោក ប្រាក់ ផាន់​ណា​រ៉ា ម្តងទៀត​តាម​ប្រព័ន្ធ Wechat ដើម្បី​សាកសួរ​ពី​វឌ្ឍនៈភាព​ការងារ​។​

– នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១ លោក ប្រាក់ ផាន់​ណា​រ៉ា បាន​ផ្ញើ​សារ​សំឡេង​ថា គយ​ចិន​នៅ Nanning តម្រូវឱ្យ​ភាគី​កម្ពុជា​ផ្ញើ​ឈ្មោះ​កសិដ្ឋាន​ចំនួន​០៥ ក្នុងចំណោម​កសិដ្ឋាន​៣៦ និង​រោងចក្រ​ប្រព្រឹត្តិកម្ម​សម្លាប់​ពងរុយ​ចោះ​ផ្លែស្វាយ​ចំនួន​៤ ដើម្បី​ភាគី​គយ​ចិន​នៅ Nanning ធ្វើការ​ជ្រើសរើស​សម្រាប់​ធ្វើការ​ត្រួតពិនិត្យ​ជាក់ស្តែង (Virtual inspection) តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ (Online-Wechat)​។ ក្រុមការងារ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ក៏បាន​ផ្ញើ​ឈ្មោះ និង​ទីតាំង​កសិដ្ឋាន​ដែលមាន​សក្តានុពល​ខ្ពស់ និង​ស្របតាម​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​របស់​ប្រទេស​ចិន​ចំនួន​៥ និង​រោងចក្រ​ប្រព្រឹត្តិកម្ម​សម្លាប់​ពងរុយ​ចោះ​ផ្លែស្វាយ​ចំនួន​៤ (VHT ចំនួន​១ និង HWT ចំនួន​៣) តាមរយៈ​លោក ប្រាក់ ផាន់​ណា​រ៉ា ទៅកាន់​ភាគី​គយ​ចិន នៅ​ណាន​នី​ង ដើម្បី​ពិនិត្យ​សម្រេច​បន្តទៀត​។

– នៅ​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២១ ភាគី​គយ​ចិន​នៅ Nanning តាមរយៈ​លោក ប្រាក់ ផាន់​ណា​រ៉ា បាន​ឆ្លើយថា ភាគី​គយ​ចិន​សម្រេចយក​កសិដ្ឋាន​តែ​ចំនួន​៣ ដោយ​ទុក​លទ្ធភាព​ជូន​ភាគី​កម្ពុជា​ជ្រើសរើស និង​ផ្តល់​ឈ្មោះ​និង​ទីតាំង​កសិដ្ឋាន​ជូន​ភាគី​ចិន​ត្រួតពិនិត្យ​ជាក់ស្តែង (Virtual inspection) តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ (Online-Wechat) ជំនួស​ឱ្យ​កសិដ្ឋាន​ទាំង​៣៦​។ ដោយឡែក រោងចក្រ​ប្រព្រឹត្តិកម្ម​សម្លាប់​ពងរុយ​ចោះ​ផ្លែស្វាយ ភាគី​គយ​ចិន​នឹងធ្វើ​ការត្រួតពិនិត្យ​ជាក់ស្តែង (Virtual inspection) កសិដ្ឋាន​ចំនួន​០៥ ក្នុងចំណោម​កសិដ្ឋាន និង​រោងចក្រ​ប្រព្រឹត្តិកម្ម​សម្លាប់​ពងរុយ​ចោះ​ផ្លែស្វាយ តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ (Online-Wechat) ទាំងអស់ (​ចំនួន​៤)​។

– ចំពោះ​ពេលវេលា​សម្រាប់​ត្រួតពិនិត្យ​ជាក់ស្តែង (Virtual inspection) តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ (Online-Wechat) ភាគី​គយ​ចិន​នឹង​ជូនដំណឹង​នៅ​សប្តាហ៍​ទី​ពីរ​ក្នុង​ខែមីនា ដើម្បី​ភាគី​កម្ពុជា រៀបចំ​កម្មវិធី​ផ្ញើជូន​ភាគី​គយ​ចិន​។ ម្យ៉ាងទៀត Dr. Wang Xiangshe ធ្វើការ​នៅ​ស្ថានទូត​ចិន​នៅ​ទីក្រុង​ភ្នំពេញ បានផ្តល់​ព័​ត៌​ថា ភាគី​គយ​ចិន​នៅ Nanning នឹង​រៀបចំ​ផែនការ​ត្រួតពិនិត្យ​ជាក់ស្តែង តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ លើ​កសិដ្ឋាន​ស្វាយ និង​រោងចក្រ​ប្រព្រឹត្តិកម្ម​សម្លាប់​ពងរុយ​ចោះ​ផ្លែស្វាយ​នៅ​សប្តាហ៍​ក្រោយ​។ បើតាម​ផែនការ​ដែល​បានគ្រោង​ទុក ភាគី​ទាំងពីរ​នឹង​អាចធ្វើ​ការងារ​នេះ​នៅ​ចុង​សប្តាហ៍​ក្រោយ​ឱ្យបាន​រួចរាល់ បើ​គ្មាន​បញ្ហា​អ្វី​កើតឡើង​នោះទេ​៕

អត្ថបទដែលជាប់ទាក់ទង