បិទភូមិវាលធំ ឃុំពាមឧកញ៉ាអុង ដែលកំពុងមានជំងឺកូវីដ-១៩
កណ្តាល ៖ លោកវរសេនីយ៍ឯក ហេង សុផល អធិការនគរបាលស្រុកល្វាឯម នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នេះ បានដឹកនាំកម្លាំង ចុះបិទភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល ជាបណ្តោះអាសន្ន ដែលមានខ្នងផ្ទះចំនួន៣០០គ្រួសារ ។
ការសម្រេចបិទភូមិវាលធំ ជាបណ្តោះអាសន្ននេះ គឺ ដោយសារមាន ជំងឺកូវីដ-១៩ ដោយសមត្ថកិច្ចបានធ្វើការហ៊ុមព័ទ្ធប្រជាពលរដ្ឋ មិនឲ្យចេញក្រៅ និងឲ្យខាងគ្រូពេទ្យធ្វើការយកសំណាកពួកគាត់ទាំងអស់គ្នា ។
យោងតាម Facebook ផ្លូវការរបស់អធិការដ្ឋាននគរបាលស្រុកល្វាឯម បានឲ្យដឹងថា ការសម្រេចបិទភូមិវាលធំ ជាបណ្តោះអាសន្ននេះ គឺ អនុវត្តតាមការបញ្ជាដឹកនាំពីលោក កន សុខកាយ អភិបាលស្រុកល្វាឯម និង ជាប្រធានគណៈកម្មាធិការ គ្រប់គ្រងជំងឺកូវីដ-១៩ស្រុកល្វាឯម ។
ដោយឡែក នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល ប្រកាសដែរថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន៦៤នាក់បន្ថែមទៀត ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និង ព្យាបាលជាសះស្បើយចំនួន១១នាក់ ៕