មានល្បែងស៊ីសងបៀរ.អាប៉ោង កំពុងបើកលេងដោយរលូន នៅច្បារអំពៅទី២ ខណ្ឌច្បារអំពៅ
ភ្នំពេញ៖តាមសេចក្ដីរាយការណ៍ពីមហាជន នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះថា ដោយមានកន្លែងបើកលេងល្បែងស៊ីសងដូចជាបៀរ និងអាប៉ោងជាច្រើនវង់នៅតំបន់ដេប៉ូឈើ ដោយពួកថៅកែល្បែង គេដំណើរការលេងស៊ីសងគ្នាយ៉ាងគគ្រឹកគគ្រេងដោយរលូន ហើយគេមិនដែលឃើញវត្តមានកម្លាំងសមត្ថកិច្ចប៉ូលិសខណ្ឌនិងអាជ្ញាធរខណ្ឌចុះរំខានពួកល្បែងស៊ីសងនោះទេ។
ហើយបើកលេងល្បែងស៊ីសងនេះគឺដំណើរការលេងស៊ីសងគ្នានោះ គឺចាប់ពីម៉ោង១ឬម៉ោង២រសៀល រៀងរាល់ថ្ងៃរហូតដល់យប់ហើយការលេងល្បែងស៊ីដោយរលូននេះ គឺនៅក្រុមទី៧ភូមិដើមចាន់១សង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ផ្លូវចូលទៅកន្លែងលេងល្បែងស៊ីសងនោះ គឺចូលតាមផ្លូវដេប៉ូឈើនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និង សូរិយោដីរាជធានីភ្នំពេញ ហើយជារៀងរាល់ថ្ងៃ គឺអ្នកញៀនល្បែងស៊ីសងនោះ គាត់សម្រុកទៅលេងល្បែងស៊ីខាងលើនោះ ហើយមហាជនទូទៅគាត់ឆ្ងល់ថាហេតុអ្វីបានជាក្រុមសមត្ថកិច្ចប៉ូលិសខណ្ឌ, ប៉ូលិសប៉ុស្ដិ៍ មិនចុះបង្ក្រាបបនល្បែងស៊ីសងខាងលើនោះ ចឹងដោយបណ្ដែតបណ្ដោយទុកអោយមានល្បែងស៊ីសងដូចនេះទៅវិញ។ ដូចនេះមហាជនសូមសំណូមពរដល់ថ្នាក់លើ ជួយមើលវង់ល្បែងស៊ីសងខាងលើនេះផង! ព្រោះអីថ្នាក់ក្រោមដែលជាសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន គាត់មិនខ្ចីអើពើបង្ក្រាបនោះទេទំនងបានផលប្រយោជន៍ពីបនល្បែងស៊ីសងទាំងនោះ ហើយមើលទៅបានជាមើលរំលងទៅវិញ។
ចំណែកក្នុងផ្សារច្បារអំពៅ ល្បែងកើតរីកដូចផ្សិត ជាពិសេសឆ្នោត កន្ទុយលេខ ល្បែងខ្លាឃ្លោកភ្នាល់ស៊ីលុយ ល្បែងឡូតូនៅយឿត្រី និងបេនឡានច្បារអំពៅ ហាក់ដូចគ្នាការបង្ក្រាបសោះ។ ដោយអធិការនគរបាលខណ្ឌ និងមេប៉ុស្តិ៍ បានបណ្តែតបណ្តោយឲ្យកើតមានល្បែងស៊ីសង នៅមូលដ្ឋានព្រោងព្រាត ដូច្នេះប្រជាជនបានសំណូមពរដល់ចៅហ្វាយខណ្ឌច្បារអំពៅ ដែលជាគណៈបញ្ជាការឯកភាពខណ្ឌ មេត្តាពិនិត្យនិងចាត់វិធានការវង់ល្បែងដុះស្លែនេះផង ដើម្បីភាពសុខសាន្តនៅមូលដ្ឋាន៕