ខណ្ឌប្ញស្សីកែវ ចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដល់មនុស្សដែលមានវ័យចាប់ពី៦០ឆ្នាំឡើង ប្រព្រឹត្តទៅនៅមន្ទីរពេទ្យបង្អែកសម្ដេចឪសម្ដេចម៉ែ
ភ្នំពេញ៖រដ្ឋបាលខណ្ឌប្ញស្សីកែវចេញសេចក្ដីជូនដំណឹងទៅដល់ បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវទាំងអស់ ឱ្យបានជ្រាបថា៖ ការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ (អាស្ត្រាហ្សេនីកា) សម្រាប់មនុស្សដែលមានវ័យចាប់ពី៦០ឆ្នាំឡើង បាននិងកំពុងប្រព្រឹត្តទៅនៅមន្ទីរពេទ្យបង្អែក សម្ដេចឪ សម្ដេចម៉ែ (គីឡូម៉ែតលេខ៦)ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦។
នៅព្រឹកថ្ងៃទី១០មីនានេះលោកជា ពិសី អភិបាលខណ្ឌប្ញស្សីកែវបានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានបំណង ដោយស្ម័គ្រចិត្តចង់ទទួលការចាក់វ៉ាក់សាំងខាងលើនេះ សូមបងប្អូនអញ្ជើញទៅស្នើសុំលិខិតអញ្ជើញពី អាជ្ញាធរភូមិ-សង្កាត់របស់ខ្លួន ដើម្បីមកទទួលបានការចាក់វ៉ាក់សាំងដោយឥតបង់ថ្លៃ។
លោកអភិបាលខណ្ឌបានបញ្ជាក់ទៀតថា៖ បងប្អូនប្រជាពលរដ្ឋត្រូវតែមានលិខិតអញ្ជើញ ដែលចេញដោយ អាជ្ញាធរមូលដ្ឋាន និងសូមភ្ជាប់មកនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬសំបុត្រកំណើតឬលិខិតឆ្លងដែន។ល។មុនពេលមកដល់ទីតាំងចាក់វ៉ាក់សាំង។ការបើកចាក់វ៉ាក់សាំងនេះចាប់ផ្ដើមពីថ្ងៃជូនដំណឹង១០មីនានេះតទៅ ៕