ផ្អាកការរៀបចំពិធីមង្គលការពិធីជប់លៀង ការជួបជុំតាមបែបសាសនា ជាបណ្ដោះអាសន្នរយៈពេល២សប្តាហ៍ នៅកំពង់ចាម
កំពង់ចាម ៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចេញលិខិតមួយច្បាប់ជម្រាបអភិបាលនៃគណៈអភិបាលក្រុង ស្រុក លោក-លោកស្រីមេឃុំ ចៅសង្កាត់ ស្តីពីការផ្អាកជាបណ្តោះអាសន្ននូវពិធីរៀបមង្គលការ ពិធីជប់លៀង ការជួបជុំតាមបែបសាសនានានាជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្រេចឲ្យផ្អាកកម្មវិធីរៀបចំមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានាជាបណ្ដោះអាសន្នទាំងអស់ រយៈពេល២សប្ដាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ដ្រខេត្តកំពង់ចាម។
តាមរយៈលិខិតផ្ញើទៅកាន់អភិបាលក្រុង-ស្រុក, មេឃុំ-ចៅសង្កាត់ លោក អ៊ុន ចាន់ដា បានសង្កត់ធ្ងន់ថា ការសម្រេចផ្អាកកម្មវិធីទាំងអស់នេះ ដើម្បីបង្កលក្ខណៈដល់មន្ដ្រីជំនាញ បន្ដការស្រាវជ្រាវ និងកំណត់មុខសញ្ញាដែលមានហានិភ័យ និងដើម្បីកាត់ផ្ដាច់ខ្សែចម្លងក្នុងសហគមន៍។
រដ្ឋបាលខេត្តកំពង់ចាម បានធ្វើការណែនាំដល់អភិបាលក្រុងស្រុក មេឃុំចៅសង្កាត់ ក្នុងខេត្តកំពង់ចាម ដូចខាងក្រោម៖ ត្រូវតែផ្អាកជាបណ្តោះអាសន្ននូវការអនុញ្ញាតច្បាប់សម្រាប់រៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានា ក្នុងរូបភាពប្រមូលផ្តុំមនុស្សច្រើន ចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ។ ត្រូវធ្វើការអប់រំណែនាំម្ចាស់ពិធីដែលបានស្នើសុំរួចឲ្យគាត់លើកពេល ឬផ្លាកពិធីដែលមានការប្រមូលផ្តុំមនុស្សច្រើន ក្នុងរយៈពេល២សប្តាហ៍សិន។ លិខិតរដ្ឋបាលខេត្តដែលចេញនាពេលនេះ មិនមានប្រតិសកម្មជាមួយលិខិតអនុញ្ញាតរបស់រដ្ឋបាលក្រុង-ស្រុក ឃុំសង្កាត់ដែលបានអនុញ្ញាតរួចហើយនោះទេ តែត្រូវណែនាំឲ្យកាត់បន្ថយភ្ញៀវចូលរួមជាអប្បបរមា និងរក្សាគម្លាតសុវត្ថិភាពសង្គម ពិសេសត្រូវរៀបចំតុអាហារមិនឲ្យលើស ពី០៥នាក់ (ប្រាំនាក់) ក្នុងមួយតុ។ ក្នុងករណីដែលម្ចាស់ពិធី មិនចូលរួមសហការ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល នៅបន្តរៀបចំពិធីដោយពុំមានការអនុញ្ញាត និងមិនគោរពតាមវិធានការអនាម័យ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវចុះបិទ ឬផ្អាក ពិធីនៃការជួបជុំនោះជាបន្ទាន់។ ត្រូវអនុវត្តវិធានការច្បាប់ដែលមានជាធរមានចំពោះជនណាដែលបំពានការណែនាំ និងមិនសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន ក្នុងការងារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ក្នុងករណីការផ្អាកជាបណ្តោះអាសន្នការរៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានា ជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍នេះ ប្រសិនបើប្រព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅតែបន្តកើនឡើងនោះ គឺត្រូវបន្តផ្អាកជាបណ្តោះអាសន្នបន្ថែមទៀតរហូតដល់ រដ្ឋបាលខេត្ត ចេញសេចក្តីជូនដំណឹងឲ្យដំណើរការពិធីឡើងវិញ៕