ឃាត់ខ្លួនមុខសញ្ញាឆបោក និងក្លែងឯកសារសាធារណៈ (រើសចូលក្របខ័ណ្ឌមន្ត្រីនគរបាល)
ខេត្តពោធិ៍សាត់ ៖ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឈើតុំ នៃអធិការដ្ឋានគរបាលស្រុកក្រគរ សហការជាមួយកម្លាំងជំនាញការិយាល័យខេត្ត ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រីប៉ែន ទុង ស្នងការងផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនមុខសញ្ញាឆបោកនិងក្លែងឯកសារសាធារណៈ (រើសចូលក្របខ័ណ្ឌមន្ត្រីនគរបាល) ម្នាក់ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៨និង៣០នាទីព្រឹក នៅចំណុច ហាងបាយចិន(ដងស្ទឹងបំណក់) ស្ថិនៅភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ការឃាត់ជនសង្ស័យខាងលើនេះ យោងតាមបទបញ្ជារបស់ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ឯក ឯម រុន អធិការនគរបាលស្រុកក្រគរ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះមុំ អស្សនី ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ផ្ទះលេខ២៧ ផ្លូវ២០១១ ភូមិខ្មែរលើ សង្កាត់គោករកា ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ។
លោកអធិការបានបន្តថា ជននេះបានធ្វើសកម្មភាពដើរឆបោកគេ ដោយថារើសចូលក្របខ័ណ្ឌមន្ត្រីនគរបាលក្នុង មួយនាក់យក១២,០០០ដុល្លារ បើយកមុនតែ ៣,៥០០ដុល្លារទេ ដោយជនសង្ស័យបានក្លែងឯកសារហត្ថលេខា និងត្រាសម្ដេចក្រឡាហោម ស ខេង និងតាងនាមខ្លួនជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ថែមទៀតផង ។
លោកអធិការបានបន្តថា ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលជំនាញ បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕