ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការលើកកម្ពស់​សិទ្ធិរ​បស់​ស្ត្រី នៅ​កន្លែង​ការងារ ពិតជា​មាន​សារៈសំខាន់​បំផុត​

49

​ភ្នំពេញ ៖ ក្រុម​អង្គការ​សង្គម​ស៊ីវិល នៅ​ថ្ងៃទី​១១ ខែ​មិនា ឆ្នាំ​២០២១ បានចេញ​សេចក្តីថ្លែងការណ៍ មានការ​ខកចិត្ត​ជាខ្លាំង​នៅពេលដែល​បាន​អាន​សេចក្តីរាយការណ៍​ទាក់ទង​នឹង​មន្ត្រីនគរបាល​ជា​ស្ត្រី​ម្នាក់ បាន​ប្រឈម​នឹង​វិធានការ​វិន័យ​ដោយសារ​ការ​បង្ហោះ​រូបភាព​នៃ​ការ​បំបៅ​ដោះ​កូន​ក្នុង​សំលៀកបំពាក់​ឯកសណ្ឋាន​នគរបាល​នៅលើ​ទំព័រ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់គាត់ ។ រឿង​ដែល​ធ្វើឱ្យ​កាន់តែ​ខកចិត្ត​ទៅទៀត​នោះ​គឺ​ករណីនេះ​បានកើត​ឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ទិវា​នារី​អន្តរជាតិ ដែល​នេះ​បង្ហាញឱ្យឃើញ​ថែមទៀត​ថា សិទ្ធិ​ស្ត្រី​នៅតែ​ជា​បញ្ហា​ប្រឈម​នៅ​ប្រទេស​កម្ពុជា ។​

​ស្ត្រី​មិនគួរ​ត្រូវបាន​បង្ខំ​ឱ្យ​ជ្រើសរើស​រវាង​ការងារ និង​ការមើល​ថែទាំ​កូន​នោះទេ ។ ប្រការ​ដែល​ស្ត្រី​ជា​ម្តាយ​ហើយ​ដែល​ទៅ​ធ្វើការ​នឹងត្រូវ​ស្តីបន្ទោស បើ​ស្ត្រី​នោះ​ធ្វើ​ទាំង​ការងារ​និង​ភារកិច្ច​មើលថែទាំ​កូន ដូចជា​ករណីនេះ​ជា​ឧទាហរណ៍​ស្រាប់ ដែល​នេះ​បង្ហាញ​ឲ្យ​ឃើញថា​រដ្ឋាភិបាល​ខកខាន​ក្នុងការ​ការពារ​សិទ្ធិ​ស្ត្រី​នៅ​កន្លែងធ្វើការ ទោះបីជា​ប្រទេស​កម្ពុជា​បានផ្តល់​សច្ចាប័ន​ទៅលើ​អនុសញ្ញា​ស្តីពី​ការលុបបំបាត់​រាល់​ទម្រ​ង់​នៃ​ការរើសអើង​ប្រឆាំងនឹង​ស្ត្រីភេទ (​ស៊ី ដ​) ដែល​ការពារ​សិទ្ធិ​ធ្វើ​ការងារ​ដោយ​មិនមាន​ការរើសអើង ។​

​នៅ​កម្ពុជា ថ្វីបើ​កម្លាំង​ពលកម្ម​ស្ត្រី​មាន​ចំនួន​ប្រហាក់ប្រហែល​នឹង​បុរស​ក្តី ក៏​ចំនួន​ស្ត្រី​នៅក្នុង​តំណែង​ជា​អ្នកដឹកនាំ​នៅមានកម្រិត​នៅឡើយ ។ ផ្នត់គំនិត​មិន​ជឿនលឿន បវេណី និង​វប្បធម៌​ដែល​បាន​ចាក់ឫស​កប់​យ៉ាងជ្រៅ​នេះ បន្ត​កើតមាន​ដែលជា​តថភាព​មួយ​នៅតែ​ជា​ក្តីបារម្ភ ។ ម្យ៉ាងទៀត ប្រការ​ដែល​ស្ថាប័ន​ការងារ​ជាច្រើន​ពុំបាន​ផ្តល់​ហេដ្ឋារចនាសម្ព័ន្ធ​ឬ​បរិក្ខារ​មើលថែទាំ​ទារក​គ្រប់គ្រាន់​សម្រាប់​បុគ្គលិក ឬ​កម្មករនិយោជិត​ជា​ម្តាយ ឬ​ឆ្លើយតប​នឹង​តម្រូវការ​ចាំបាច់​ដល់​ពួកគាត់ គឺជា​ឧបសគ្គ​ដ៏​ធំ​មួយ​ក្នុងចំណោម​ឧបសគ្គ​ជាច្រើន​ទៀត ដែល​រារាំង​ស្ត្រី​ក្នុងការ​ឡើងទៅ​កាន់តំណែង​ជា​ថ្នាក់ដឹកនាំ ។ ដើម្បីឱ្យ​ស្ត្រី​ទទួលបាន​សិទ្ធិ​នៅ​កន្លែងធ្វើការ ជាការ​សំខាន់បំផុត​គឺ​ត្រូវ​ផ្តល់​ហេដ្ឋារចនាសម្ព័ន្ធ​និង​បរិក្ខារ​មើលថែ​ទារក ទារកដ្ឋាន​និង​ពេលវេលា​សម្រាក​ក្នុងការ​បំបៅកូន​ដោយ​ទទួលបាន​ប្រាក់​ឈ្នួល​ដល់​បុគ្គលិក ឬ​កម្មករនិយោជិត ព្រមទាំង​បង្ក​ភាពងាយស្រួល​ដល់​ពួកគេ​ក្នុង​ការបន្ត​អាជីព​ការងារ​របស់ខ្លួន ។​

​នោះ​គឺជា​រឿង​គួរឱ្យ​អាម៉ាស​ចំពោះ​ការតម្រូវ​ឱ្យ​មន្ត្រីនគរបាល​នោះ​ត្រូវ​សុំទោស ក្រោម​ហេតុផល​ថា​បានធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​អង្គភាព​និង​ស្ត្រី​ខ្មែរ ហើយ​តម្រូវ​ឲ្យ​នាង​ចុះកិច្ចសន្យា​មិន​បន្ត​អ​កប្ប​កិរិយា​បែបនេះ​ទៅទៀត ។ ក្រោយមក បន្ទាប់ពី​ការ​មានការ​រិះគន់​ពី​សាធារណជន មន្ត្រីនគរបាល​ជា​ថ្នាក់ដឹកនាំ​នោះបាន​ចេញមុខ​បកស្រាយ​ថា ដោយយោង​លើ​ហេតុផល​ថា​អ្នកស្រី​នគរបាល​រូបនោះ ពុំបាន​សុំ​ការអនុញ្ញាត​ជាមុន​ក្នុងការ​បង្ហោះ​រូបភាព​នៃ​ការ​បំបៅ​ដោះ​កូន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដែល​ការពន្យល់​នេះ​បង្កើន​ការព្រួយបារម្ភ​ថែមទៀត​អំពី​សេរីភាព​ក្នុងការ​បញ្ចេញមតិ ។ សិទ្ធិសេរីភាព​ក្នុងការ​សម្តែង​អំពី​អារម្មណ៍​ផ្ទាល់ខ្លួន​គឺជា សិទ្ធិ​ដែលមាន​ការទទួលស្គាល់​ជា​អន្តរជាតិ​ដែលមាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​រប​ស់​កម្ពុជា ពុំមែន​ជា​បុព្វសិទ្ធិ​ពិសេស ហើយក៏​ពុំមែន​ការប្រទាន​ដោយ​ការអនុគ្រោះ​នោះដែរ សិទ្ធិ​នេះ​ត្រូវបាន​រឹតត្បិត​តែ​ក្នុង​លក្ខខណ្ឌ​ចាំបាច់​បំផុត​តែប៉ុណ្ណោះ ហើយ​គ្មាន​លក្ខខណ្ឌ​ណាមួយ​ក្នុងចំណោម​លក្ខខណ្ឌ​ទាំងនេះ​ឆ្លើយតប​ករណីនេះ​នោះទេ ។​

​ចំពោះ​ករណី​ខាងលើនេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បានស្នើ​ដល់​មន្ត្រីនគរបាល​ជា​ថ្នាក់ដឹកនាំ​ស្ត្រី​នគរបាល​រូបនោះ គប្បី​ចេញមុខ​សុំ​អភ័យទោស​ជា​សាធារណៈ ចំពោះ​ឥរិយាបថ​ឆ្គាំឆ្គង​ក្នុងការ​ដោះស្រាយ​ករណីនេះ និង​ចំពោះ​ការធ្វើឱ្យ​ប៉ះពាល់​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​របស់​មន្ត្រី​ក្រោម​ឱវាទ​របស់ខ្លួន ។ ម្យ៉ាងវិញទៀត អគ្គស្នងការ​នគរបាល​ជាតិ​គួរ​មាន​វិធាន​ការឱ្យ​កែតម្រូវ​ដើម្បី​ធានាថា​ករណីនេះ​នឹង​ពុំ​កើតឡើង​សារជាថ្មី និង​ដើម្បី​ធានាឱ្យមាន​សមភាព​យេនឌ័រ​នៅ​កន្លែង​ការងារ​ផងដែរ ។​

​អង្គការ​សង្គម​ស៊ីវិល សូម​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុ​ជាមាន​វិធានការ​ដូចខាងក្រោម ៖ ចាត់វិធានការ​សមស្រប​ដើម្បី​ធានាថា​ឪពុកម្តាយ​គ្រប់រូប ដែល​បំពេញការងារ​ទទួលបាន​ការគាំទ្រ​នៅក្នុង​កន្លែង​ការងារ ហើយ​ស្ថាប័ន​ការងារ​ត្រូវ​ផ្តល់​បរិក្ខារ និង​ទីកន្លែង​មើលថែទាំ​ទារក​ដែលជា​តម្រូវ​ការចាំបាច់​ខ្លាំង​សម្រាប់​បុគ្គលិក​ឬ​កម្មករនិយោជិត​ជា​ម្តាយ​។ ចាត់វិធានការ​ដើម្បី​ធានាថា​សិទ្ធិ​របស់​ស្ត្រី​នៅ​កន្លែង​ការងារ​ត្រូវបាន​គោរព​និង​លើកកម្ពស់​។ អនុវត្ត​អនុសាសន៍​ដែល​ប្រទេស​កម្ពុជា​បាន​ទទួលយក​តាមរយៈ​យន្តការ​នៃ​ការពិនិត្យ​ជា​សកល​តាម​កាលកំណត់ (​យូ​ភី​អ​) ក្នុង​ឆ្នាំ​២០១៩ ក្នុងនោះ​មានដូចជា​បង្កើន​កិច្ចប្រឹងប្រែង​ឱ្យបាន​ខ្លាំង​ក្នុងការ​លុបបំបាត់​ការរើសអើង​លើ​ស្ត្រីភេទ​ជាដើម​
​។ អនុម័ត​កិច្ច​គាំពារ​ពាក់ព័ន្ធ​នឹង​អំឡុងពេល​មាតុភាព ដែល​អនុលោម​តាម​បញ្ញត្តិ​ក្នុង​អនុសញ្ញា​នៃ​អង្គការ​ពលកម្ម​អន្តរជាតិ​លេខ ១៨៣ ៕

អត្ថបទដែលជាប់ទាក់ទង