ប្រកាសឱ្យប្រើប្រាស់ច្បាប់ ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ
ភ្នំពេញ ៖ ច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រកាសឱ្យប្រើប្រាស់ហើយ នៅល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ ។
សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានព្រឹទ្ធសភា ឱ្យអនុម័តគាំទ្រទាំងស្រុង ដោយឥតកែប្រែ ក្នុងសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ។
ច្បាប់នេះត្រូវបានរៀបចំឡើងដើម្បីកំណត់អំពីគោលបំណង វិសាលភាព វិធានការ ទោសប្បញ្ញត្តិ និងសមត្ថកិច្ច ដែលត្រូវអនុវត្តសំដៅការពារអាយុជីវិតប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃជំងឺឆ្លងនេះ ចំពោះវិស័យសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ ច្បាប់នេះបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការទទួលខុសត្រូវចំពោះភាពរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ និងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងប្រឈមនឹងការគំរាមកំហែងពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
ច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលរៀបចំឡើងដោយ រាជរដ្ឋាភិបាល មាន ០៦ជំពូក និង១៨មាត្រា ត្រូវបានរដ្ឋសភាកម្ពុជាអនុម័តយល់ព្រមជាលើកដំបូងចំនួន ៨៣សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូលកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦៕