លើកលែងករណីការបូជាសពមកការបញ្ចុះសពវិញ សាសនិកឥស្លាម និងជនជាតិដើមភាគតិច ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩
ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា សូមឲ្យប្រធានមន្ទីរធម្មការ និងសាសនាគ្រប់រាជធានី-ខេត្ត លើកលែងករណីការបូជាសពមកការបញ្ចុះសពវិញ សាសនិកឥស្លាម និងជនជាតិដើមភាគតិច ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩។
យោងតាមប្រសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ស្តីពីបូជាសពអ្នកដែលបានស្លាប់ដោយសារជំងឺកូវីដ- ១៩ ។ ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១ ស្តីពីការលើកលែងការបូជាសព សាសនិកឥស្លាម និងជនជាតិដើមភាគតិច អ្នកដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ ។
លោករដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ឈិត សុខុន សូមជម្រាបជូនលោកប្រធានមន្ទីរធម្មការ និងសាសនា រាជធានី-ខេត្តជ្រាបថា ៖ រាជរដ្ឋាភិបាលសម្រេចលើកលែងករណីការបូជាសពសាសនិកឥស្លាម និងជនជាតិដើមភាគតិច ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ ដើម្បីឱ្យស្របទៅតាមជំនឿ ប្រពៃណី និងទំនៀមទំលាប់របស់សាសនិកឥស្លាម និងជនជាតិដើមភាគតិច ក្នុងការបញ្ចុះសពដោយអនុវត្តតាមវិធានសុខាភិបាល ហើយជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ចំពោះគ្រប់ជាតិសាសន៍ និងសាសនា ដែលចាត់ទុកជាសុខដុមនីយកម្មជនជាតិ និងសាសនា ដែលមាននៅក្នុង ព្រះរាជាណាចក្រកម្ពុជា ។ អាស្រ័យហេតុនេះ សូមលោកប្រធានមន្ទីរធម្មការ និងសាសនាគ្រប់រាជធានី-ខេត្ត ត្រូវអនុវត្ត៕