ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាល​រាជធានី​កំពុងដំណើរការ​ឈូសឆាយដី​១០​ហិកតា​ធ្វើ​ឡរ​បច្ចេកទេស​ស្តង់ដារ​៦​ដើម្បី​បូជាសព​អ្នក​ដោយ​ជំងឺ​កូ​វីដ​-១៩​នៅ​ស្រុក​ឱ​រ៉ា​ល់​

50

​ភ្នំពេញ​៖​មកដល់ពេលនេះ​រដ្ឋបាល​រាជធានី​បាន​ឈានដល់​ដំណើរការ​ឈូសឆាយដី​១០​ហិកតា​ធ្វើ​ឡរ​បច្ចេកទេស​ស្តង់ដារ​៦​នៅ​ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពុងស្ពឺ​ដើម្បី​បូជាសព​អ្នកស្លាប់​ដោយ​ជំងឺ​កូ​វីដ​-១៩​។​នេះ​ជាការ​បញ្ជាក់​របស់លោក ម៉េ​ត មាស​ភក្ដី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​
​នៅ​ព្រឹក​ថ្ងៃទី​១២​មីនា​នេះ​លោក ម៉េ​ត មាស​ភក្ដី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​៖ ចំពោះមុខ​ក្រោយពី​ទទួលបាន​បទបញ្ជា​រប​ស់ស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ការដឹកនាំ​បញ្ជា​ដោយផ្ទាល់​ពី​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ភ្លាមៗ​អាជ្ញាធរ និង​ផ្នែក​ជំនាញ​ពាក់ព័ន្ធ​បាន​គិតគូរ​ជ្រើសរើស​ទីតាំង​សម្រាប់​រៀបចំ​ធ្វើជា​កន្លែង​បូជាសព​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ដោយ​គិតគូរ​ពី​សុវត្ថិភាព និង​មិនឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នោះ ទើប​ពិនិត្យ និង​សម្រេច​ឃើញថា មានតែ​ទីតាំង​មូលដ្ឋាន​ក្នុងស្រុក​ឱ​រ៉ា​ល់ នៃ​ខេត្តកំពង់ស្ពឺ​នោះទេ ដែល​ផ្ដល់​សុវត្ថិភាព និង​ជា​ជម្រើស​ល្អ​នៅក្នុង​ការបង្កើតឱ្យមាន​ជាទី​តាំង​សម្រាប់​បូជាសព​អ្នក​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​19​នេះ ដោយសារ​ទីនោះ​មិន​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ឡើយ​។​

​លោក ម៉េ​ត មាស​ភក្ដី បាន​បន្ថែមថា បច្ចុប្បន្ន​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានរៀបចំ​ផ្ទៃដី​ទំហំ​ប្រមាណ​10​ហិកតា និង​ឡរ​ជាប​ច្ឆា​បច្ចេកទេស​ស្តង់ដារ​ចំនួន​៦ សម្រាប់​ត្រៀម​បូជាសព​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-19​នេះ គឺ​ស្ថិត​ក្នុងស្រុក​ឱ​រ៉ា​ល់ នៃ​ខេត្តកំពង់ស្ពឺ ដូចដែល​បាន​សិក្សា និង​គិតគូរ​នោះ​។​

​លោក បានបញ្ជាក់​បន្ថែមថា ទោះបី​មកដល់ពេលនេះ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅតែ​បន្ត​មាន និង​មាន​អ្នកស្លាប់​ម្នាក់​ក្ដី ក៏​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​មិនត្រូវ​បានប្រកាស​បិទ ឬ​ផ្អាក​ចរាចរណ៍​តំបន់​ណា​ឡើយ លើកលែងតែ​ទីតាំង​ប្រមាណ​ជា 100​ទីតាំង ដែលមាន​ដូចជា​ផ្ទះ ឬ​ខុន​ដូ​ជាដើម មាន​អ្នកពាក់ព័ន្ធ​កំពុង​រស់នៅ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ប៉ុណ្ណោះ​ដែល​ត្រូវបាន​ហ៊ុ​ព័ន្ធ​ទីនោះ ព្រោះថា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ត្រៀមលក្ខណៈ​រួចជាស្រេច​ចំពោះ​ការដោះស្រាយ​សភាពការណ៍​បន្ទាន់ៗ ទាំង​ការរៀបចំ​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក ទីតាំង​ព្យាបាល ពិសេស​គឺ​ការការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​តំបន់​ពាក់ព័ន្ធ​ទាំងនោះ​៕​

អត្ថបទដែលជាប់ទាក់ទង